Saturday, April 26, 2025
Header Banner

សមត្ថកិច្ចនៅមិនទាន់អាចទប់ស្កាត់ ការឈូសឆាយព្រៃលិចទឹកយ៉ាងអាណាធិបតេយ្យរបស់លោកសេង មង្គល នៅសង្កាត់ស្រង៉ែ នៅឡើយទេសង្ស័យ…


ខេត្តសៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា លោកសេង មង្គល បានធ្វើសកម្មភាពឈូសឆាយព្រៃលិចទឹកយកអាចម៍ដីលក់យ៉ាងអាណាធិបតេយ្យ មួយថ្ងៃៗរាប់សិបឡាន ក្រោមលេសស្តារអាងទឹក ហើយករណីនេះដែរ គេនៅមិនទាន់ឃើញជំនាញពាក់ព័ន្ធក្នុងខេត្តសៀមរាប ចុះទៅទប់ស្កាត់បង្ក្រាបនៅឡើយទេ សង្ស័យមន្ត្រីជំនាញខ្លះៗទទួលលាភសក្ការៈ។


ក្រុមពលរដ្ឋដែលធ្វើស្រែជាប្រចាំនៅតំបន់នោះ បានបង្ហើបប្រាប់អ្នកសារព័ត៌មានថា ដីដែលឈ្មោះសេង មង្គល ឈូសឆាយព្រៃ គឺជាឃ្លាំងស្តុកទឹកសម្រាប់ស្រោចស្រព្វស្រែប្រាំង។ ឃ្លាំងទឹកនេះ បានបង្កើតឡើងតាំងពីឆ្នាំ១៩៧៨មកម្លេះ ហើយក៏មិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាម្នាក់នោះដែរ។ ក្រៅពីផ្តល់ប្រភពទឹកសម្រាប់ស្រោចស្រព្វដំណាំស្រូវ ឃ្លាំងទឹកទំនប់៧៨នេះ ក៏ជាជម្រកត្រីពងនិងកូន ត្បិតទីនោះហ៊ុព័ទ្ធដោយដើមឈើប្រភេទព្រៃលិចទឹក ដែលការពារដោយមន្ទីរជំនាញ និងពលរដ្ឋក្នុងតំបន់នោះ។
ប្រភពបានបន្តថា ក្នុងរយ:ពេលកន្លងមកនេះ ក៏ស្រាប់តែឃើញ គ្រឿងចក្រជាច្រើន របស់ឈ្មោះសេង មង្គល បានចូលមកជីកកាយហ៊ុព័ទ្ធធ្វើជាក្រវ៉ាត់ ហើយឈូសឆាយព្រៃ ជីកយកដីដឹកចេញយ៉ាងគគ្រឹកគគ្រេង តែមិនឃើញមានខាងណាមកហាមឃាត់ឡើយ។ មិនដឹងច្បាស់ថា គេជីកធ្វើស្រះទុកចិញ្ចឹមត្រី របស់ក្រុមហ៊ុន ឬយ៉ាងណានោះទេ តែឮតៗគ្នាថា គេស្តារអាងទឹក។
ក្រុមពលរដ្ខបន្ថែមថា មិនខ្វល់ថា គេធ្វើអ្វីនោះទេ សម្រាប់ពួកគាត់ចង់អោយថ្នាក់ខេត្ត និងមន្ទីរជំនាញរក្សាទីនោះឲ្យនៅភាពដដែល ដើម្បីជាប្រយោជន៍រួម ពីព្រោះថា កន្លងមកមានកន្លែងខ្លះ ក្រោយពេលគេជីកកើតជាស្រះហើយ គេហាមឃាត់មិនអោយពលរដ្ឋទៅក្បែរឡើយ។ហេតុដូច្នេះ សូមសំណូមពរដល់ថ្នាក់ដឹកនាំខេត្ត មន្ទីរពាក់ព័ន្ធ មេត្តាបញ្ឈប់សកម្មភាពឈូសឆាយព្រៃ ជីកយកអាចម៍ដី ដោយរក្សាតំបន់នោះនៅដដែល។


ជាមួយនឹងការដាក់គ្រឿងចក្រឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដី របស់ឈ្មោះសេង មង្គល ដែលបំផ្លាញធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរ និងកំពុងបង្កការភ័យខ្លាចដល់ពលរដ្ឋរាប់រយគ្រួសារបែបនេះអភិបាលរងក្រុងសៀមរាប លោក ហាយ យង់ បានថ្លែងតាមប្រព័ន្ធតេឡេក្រាម ប្រាប់អ្នកសារព័ត៌មានថា ការជីកស្តារនោះ កន្លងទៅ មានអាជ្ញាប័ណ្ណ តែមិនដឹងថាពេលនេះ ក្នុងអាជ្ញាបណ្ណនោះ កាយបានកំរិតណា ឬក៏អស់ហើយនោះទេ។
មន្ត្រីជំនាញនៃអាជ្ញាធរខេត្តសៀមរាប បានបង្ហើបថា ការធ្វើអាជីវកម្មជីកយកអាចម៍ដីលក់ គឺច្បាប់បានតម្រូវឲ្យចំនួនមួយច្បាប់សម្រាប់មួយហិកតា តែសម្រាប់ក្រុមហ៊ុនជីកអាចម៌ដីលក់នោះ បានរៀបចំទុកជាមុន រាប់សិបហិកតា រួចហើយជាស្រេច ក្នុងនោះក៏មានជាប់ពាក់ព័ន្ធនិងព្រៃលិចទឹកផងដែរ។
មន្ត្រីដដែលបន្តថា ខាងក្រុមហ៊ុន មិនមានច្បាប់អនុញ្ញាត្តិឲ្យជីកកាយព្រៃលិចទឹកនោះទេ អាជ្ញាបណ្ណរបស់ក្រុមហ៊ុនជីកអាចម៍ដីលក់ ក្នុងចំណុចដីវាល គឺដីដែលគ្នានព្រៃ។ដូច្នេះ សេង មង្គល ដែលកំពុងជីកកាយរាប់សិបហិកតានោះមិនដឹងថា មានច្បាប់វាយព្រៃលិចទឹក ដែរឬយ៉ាងណា?។
ក្រុមអ្នកព័ត៌មាន ដែលបានចុះទៅផ្តិតយករូបភាពផ្ទាល់ មិនត្រូវបានផ្តល់ព័ត៌មានជាក់លាក់ និងអនុញ្ញាតអោយចូលដល់រណ្តៅដីនោះទេ ដោយមានការរារាំងពីក្រុមមនុស្សរបស់សេង មង្គល ដែលនៅយាមកាមនៅទីនោះ។ដូច្នេះយើងមិនអាចសន្និដ្ឋានបានថា ការជីកយកអាចម៍ដីនោះ មានច្បាប់ឬអត់ ហើយប្រសិនបើមានក៏មិនដឹងថា ត្រឹមត្រូវដែរឬអត់។
ចំណែកព្រៃឈើលិចទឹកដែល រងការឈូសឆាយបំផ្លាញ ក៏មិនដឹងថា អស់ចំនួនប៉ុន្មាននោះដែរ តែបើមើលពីចំងាយឃើញថា ព្រៃឈើទាំងនោះក្លាយជាវាលរហោឋានទៅហើយ។


ទោះជាយ៉ាងណា ក្រុមពលរដ្ឋក៏ដូចជាមហាជនក្នុងខេត្តសៀមរាប ទទូចសុំអោយមន្ទីរជំនាញនិងថ្នាក់លើពិចារណា រក្សាព្រៃលិចទឹកដែលនៅសេសសល់ កុំអោយឈ្មួញសេង មង្គល ឈូសបំផ្លាញតទៅទៀត។
សូមរំលឹកថា ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ នៅសាលប្រជុំសាលាខេត្តសៀមរាប នាថ្ងៃទី ៣ ខែមេសាឆ្នាំ ២០២៥ អភិបាលខេត្តសៀមរាប ឯកឧត្តមប្រាក់ សោភ័ណ បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ លើបុគ្គលដែលនៅតែបំពានរានដីព្រៃលិចទឹកតំបន់៣ ហើយចំពោះបុគ្គលណានៅតែបំពានរានដីព្រៃលិចទឹកតំបន់បីត្រូវធ្វើការផ្តន្ទាទោសទៅតាមច្បាប់៕ដោយ៖ angkor flash news

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម