Sunday, May 11, 2025
Header Banner

នៅទីបំផុត តុលាការខេត្តសៀមរាប សម្រេចឃុំខ្លួនលោកសម្បត្តិ កុសល ដាក់ពន្ធនាគារ តាមការបញ្ជូនសំណុំរឿងរបស់អង្គភាពACU…


ខេត្តសៀមរាប៖ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប បានសម្រេចឱ្យឃុំខ្លួនបណ្តោះអាសន្ន លោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ភេទប្រុស អាយុ៤១ឆ្នាំ អតីតស្នងការរងខេត្តបន្ទាយមានជ័យ ពីបទ ប៉ុនប៉ងសូកប៉ាន់ និងពីបទ ប្តឹងបរិហារដោយភូតកុហក។ដែលសំណុំរឿងឈានដល់ការឃុំខ្លួននេះគឺ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនមកតុលាការខេត្តសៀមរាប កាលពីថ្ងៃទី១០ខែឧសភាឆ្នាំ២០២៥។


បើតាមដេការបស់ លោកភុប ផាណារិន ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី១០ខែឧសភាឆ្នាំ២០២៥ បានបង្ហាញថា ពីបទ ប៉ុនប៉ងសូកប៉ាន់ ប្រព្រឹត្តនៅខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌ ដែលចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា ២៧ និង មាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ, ពីបទ ប្តឹងបរិហារដោយភូតកុហក ប្រព្រឹត្តនៅខេត្តសៀមរាប កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤១ នៃច្បាប់ស្តីពីការ ប្រឆាំងអំពើពុករលួយ និងពីបទ សូកប៉ាន់ ប្រព្រឹត្តនៅហាងការហ្វេ Brown Riverside (សាខាមាត់ទន្លេ) រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែលចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ ជាបណ្ដោះអាសន្ន។បង្គាប់ឱ្យប្រធានពន្ធនាគារខេត្តសៀមរាប ឃុំខ្លួនជនត្រូវចោទឈ្មោះ សម្បត្តិ កុសល ភេទប្រុស អាយុ៤១ឆ្នាំ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន។


មន្ត្រីតុលាការខេត្តសៀមរាបបានឲ្យដឹងថា ករណីឈ្មោះសម្បត្តិ កុសល នេះគឺខាងអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនក្នុងរឿង ព្រមទាំងជនត្រូវចោទ មកកាន់តុលាការខេត្តសៀមរាប ដើម្បីបន្តនៅតែវិធី។ហើយតុលាការខេត្តសៀមរាប ក៏បានចាត់ការសំណុំរឿងនេះ ដោយបានបញ្ជូនជនត្រូវចោទ ឈ្មោះសម្បត្តិ កុសល ដាក់ពន្ធនាគារបណ្ដោះសន្នកាលពីល្ងាចថ្ងៃទី១០ខែឧសភាឆ្នាំ២០២៥ផងដែរ៕ដោយ៖ angkor flash news

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម