ខេត្តប៉ៃលិន៖បន្ទាប់ពីផ្ទុះការវែកញែករកខុសត្រូវ តាមបណ្តាញសង្គម ហើយវាយប្រហារលើក្រុមគ្រួសារសពនៃករណីគ្រោះថ្នាក់ចរាចរណ៍ រវាងអ្នកជិះម៉ូតូវ៉ាជែងទៅបុករថយន្ត ហើយបងប្អូនភាគីម៉ូតូប្តឹងខាងរថយន្ត ទៅតុលាការ។ទើប លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ស្នើឲ្យបញ្ឍប់ការវែកញែករកខុសត្រូវ ដោយលោកជំទាវបានណាត់ជួបភាគីទាំង២ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ២០២៥នេះ ដើម្បីដោះស្រាយដោយផ្ទាល់ តាមយុទ្ធសាស្រ្ត សម្តេចតេជោ គឺ នយោបាយ ឈ្នះ ឈ្នះ ទាំងអស់គ្នា។

បើយោងតាមការ comment និងshare បន្តរបស់លោកជំទាវ បាន ស្រីមុំ លើការលើកឡើងរបស់មន្រ្តីជំនាញចរាចរណ៍ផ្លូវគោកខេត្ត ដែលមានវត្តមានផ្ទាល់នៅទីកន្លែងកើតហេតុ តែក្នុងនាមនាងខ្ញុំជា អ្នកឈរនៅកណ្តាល សូមចិត្តពុកម៉ែបងប្អូនបញ្ឃប់ការវែកញែករកខុសត្រូវបន្តទៀតទៅ ហើយសូមកុំប្រកាន់ជេរវាយប្រហារលើក្រុមគ្រួសារសពបង្កហេតុ យើងចាត់ថាអោយគាត់បកស្រាយអោយបានធូរទ្រូងទៅចុះ។ ព្រោះគាត់បានបាត់បង់សមាជិកគ្រួសារម្នាក់ហើយ នាងខ្ញុំសូមអភ័យទោសជំនួសពួកគាត់ផង ដោយសារកំរិតនៃការយល់ដឹងពីច្បាប់របស់ពួកគាត់នៅមានកំរិត ហើយនាងខ្ញុំសូមសន្យា នឹង ខិតខំយកករណីនេះមកដោះស្រាយផ្ទាល់ តាមយុទ្ធសាស្រ្ត សម្តេចតេជោ គឺ នយោបាយ ឈ្នះ ឈ្នះ ទាំងអស់គ្នា នាពេលឆាប់ៗខាងមុខនេះ អរគុណពុកម៉ែបងប្អូនទាំងអស់មានការបារម្ភ ប៉ុន្តែសូមយើងទាំងអស់គ្នាត្រូវ មានជំហរជឿជាក់លើច្បាប់ប្រទេសយើង ជាពិសេសត្រូវជឿជាក់លើការដឹកនាំ របស់ប្រមុខរាជរដ្ឋាភិបាល មានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃយើង។
ក្រៅពីការលើកឡើង នឹងយកមកដោះស្រាយពីសំណាក់លោកជំទាវអភិបាលខេត្ត ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ក៏បានបកស្រាយបំភ្លឺជូនសាធារណជនកាលពីថ្ងៃទី១៧ ខែឧសភានេះដែរ ដោយលើកឡើងថា ចំពោះករណីនេះជំនាញបានឲ្យភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នាចំនួន ៣ លើក ៖ លើកទី១ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥, លើកទី២ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០២៥, ហើយលើកទី ៣ នៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៥ ដោយភាគីទាំងសងខាងបានសម្របសម្រួល ឯកភាពគ្នា ដោយភាគីខាងរថយន្តរងគ្រោះ ជួយចូលបុណ្យទៅភាគីខាងម៉ូតូបង្ករចំនួន ៤ លានរៀល ដោយមានធ្វើកិច្ចសន្យាព្រមព្រៀងជាលាយលក្ខណ៍អក្សរ បានផ្តិតមេដៃ និងមានថតរូបប្រគល់ថវិកា ដើម្បីបញ្ចប់រឿង ។ លុះបន្តិចក្រោយមកថ្ងៃខែឆ្នាំដដែល បងប្អូនសាច់ញាតិខាងម៉ូតូបង្ក មិនយល់ព្រម បង្គាប់ឲ្យឪពុកម្ដាយភាគីបើកបរម៉ូតូបង្ក ឲ្យទាមទារទឹកប្រាក់ចំនួន ៥០០០ដុល្លារ ទើបយល់ព្រម ។ ដោយមិនមានការឯកភាពគ្នា ជំនាញបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តប៉ៃលិន ដើម្បីចាត់ការបន្តតាមនីតិវិធី នៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៥ ។
គួររម្លឹកថឲផងដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង ១៧ និង១៣នាទី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ រវាងម៉ូតូឡើងវ៉ារថយន្ត ហើយទៅបុករថយន្តមួយគ្រឿងទៀត ដែលកំពុងបើកបរបញ្ច្រាស់ទិសគ្នា បណ្ដាលឲ្យមានមនុស្សស្លាប់ ចំនួន ១ នាក់។
ពាក់ព័ន្ធករណីនេះជំនាញបានធ្វើការវាស់វែងឃើញថា ភាគីម៉ូតូ ជាអ្នកបង្ក ឡើងវ៉ារថយន្តដែលកំពុងបើកបរទិសដៅស្របគ្នា ទៅបុករថយន្តដែលកំពុងបើកបរបញ្ច្រាស់ទិស (លើផ្លូវអាទិភាពរបស់រថយន្ត) ។
ក្នុងករណីនេះលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន មានការអាណិតអាសូរចំពោះភាគីបង្ក ក៏បានចូលរួមចូលបុណ្យទៅភាគីម៉ូតូបង្កចំនួន១០០០ដុល្លារ បន្ថែមទៀតដែរ។
លោកជំទាវ អភិបាលខេត្ត បានអញ្ជើញគ្រប់ភាគីពាក់ព័ន្ធមកសាលាខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី១៩ ខែឧសភានេះ ដើម្បីសាកសួរពីដំណើររឿង និងសម្របសម្រួលក្នុងនាមជាអាណាព្យាបាលគ្រួសារខ្មែរតែមួយ៕ដោយ៖AFN

