ខេត្តសៀមរាប ៖នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ដោយអនុវត្តតាមការណែនាំរបស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដាក់បទបញ្ជាដ៏តឹងរុឹង ដល់កម្លាំងផែនការងារសណ្តាប់ធ្នាប់ និងកម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំងអស់ ត្រូវចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងមានវិធានការចំពោះយានយន្តទាំងឡាយណា ដែលដឹកសម្ភារៈសំពីងសំពោង និងការដាក់មនុស្សលើសចំណុះ ដែលមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសយានយន្ត និងត្រូវអនុវត្តតាមវិធានការច្បាប់ដែលបានកំណត់។

ដោយកន្លងទៅថ្មីៗនេះ បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តសៀមរាបតែងតែកើតឡើងជារឿយៗ ដែលបង្កជាហានិភ័យខ្ពស់ធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត ដោយបញ្ហាទាំងនេះច្រើនកើតឡើងដោយសារ អ្នកបើកបរយានយន្តគ្រប់ប្រភេទ បើកបរមិនគោរពទៅតាមស្លាកសញ្ញា,គំនូសសញ្ញា,ភ្លើងសញ្ញចរាចរណ៍ ការដឹកសម្ភារៈសំពីងសំពោង ការដាក់មនុស្សលើសចំណុះ ការបើកបរហួសល្បឿនកំណត់ ការបើកបរដោយធ្វេសប្រហែស និងការបើកបរស្ថិតក្នុងស្ថានភាពស្រវឹងជាដើម។ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក សូមបងប្អូនសាធារណជនដែលជាអ្នកប្រើប្រាស់ដងផ្លូវទាំងអស់ សូមយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ពេលដែលធ្វើដំណើរនៅលើដងផ្លូវ ចូលរួមគោរពច្បាប់ចរាចរណ៍ដោយស្មារតីទទួលខុសត្រូវ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ៕





