បន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្តកែច្នៃដឹកត្រីទីឡាបព្យា នាំចូលពីប្រទេសថៃ បម្រុងយកទៅចែកចាយលក់នៅលើទីផ្សារកម្ពុជាដោយគ្មានច្បាប់អនុញ្ញាត ត្រូវបានមន្ត្រីជំនាញជលផលថ្នាក់ជាតិ ចុះបង្ក្រាប កាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ លើកំណត់ផ្លូវជាតិលេខ៥៨ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

បើតាមមន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា រថយន្តដឹកត្រីខាងលើ ជារថយន្តម៉ាកាមរី កែច្នៃ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2C-0865 ត្រូវបានឃាត់ អូសយកមករក្សាទុកនៅខណ្ឌរដ្ឋបាលជលផលកាលពីវរសៀលថ្ងៃទី២៧ ខែឧសភា ដោយជំនាញមន្ត្រីជលផលថ្នាក់ជាតិ ជាអ្នកដឹកនាំចុះបង្ក្រាបដោយផ្ទាល់ លើកំណត់ផ្លូវជាតិលេខ៥៨ ទិសដៅពីស្រុកម៉ាឡៃ ឆ្ពោះមកកាន់ផ្លូវជាតិលេខ៥ សំដៅឆ្លងកាន់ខេត្តបន្ទាយមានជ័យ បន្តទៅខេត្តផ្សេងទៀត នៅជុំវិញបឹងទន្លេសាប ។

មន្ត្រីជំនាញជលផលខេត្តបន្ទាយមានជ័យ បានបន្តឲ្យដឹងទៀតថា ករណីនេះ គឺជា ករណីដែលថ្នាក់ជាតិចុះដោយផ្ទាល់ ដោយខណ្ឌជលផលខេត្តគ្រាន់តែបានចូលរួមប៉ុណ្ណោះ ។ ចំពោះនីតិវិធីលើការផាកពិន័យ ឬធ្វើការចាត់ចែងយ៉ាងណានោះ លោកពុំទាន់ទទួលបាននៅឡើយទេ ដោយគ្រាន់តែដឹងថា ត្រីក្នុងរថយន្តជាត្រីទីឡាបព្យា នាំចូលពីក្រៅប្រទេស ។ដោយឡែនបើតាមមន្រ្តីជលផលថ្នាក់ជាតិ បានអោយដឹងថា ត្រីខាងលើជាត្រីនុយ (ត្រីចំណីក្រពើ) ជំនាញនឹងធ្វើការផាកពិន័យតាមច្បាប់ជលផល ។តែបើតាមប្រភពដែលទទួលបាន ត្រីខាងលើ ត្រូវបាននាំចូលពីប្រទេសថៃ តាមច្រកតំបន់ម៉ាឡៃ ដោយឆ្លងកាត់មន្រ្តីជំនាញជាច្រើន ប្រចាំច្រកដូចជា គយ និងគណៈកម្មាការច្រកទ្វារជាដើម ។ តែអ្វីដែលទទួលបានចុងក្រោយ មួយរយៈនេះ ឈ្មួញបានសម្រុកនាំចូលត្រីក្លាសេ ពីប្រទេសថៃរួមមាន ត្រីប្រា ត្រីកន្ធរ ចូលមកកម្ពុជាខ្លះមានច្បាប់ និងខ្លះអត់ច្បាប់ ដើម្បីបន្តយកទៅលក់ចែកចាយ នៅតាមខេត្តជុំវិញបឹងទន្លេសាប ហើយក៏ត្រូវបានមន្ត្រីជំនាញជលផលនៅខេត្តសៀមរាប និងបាត់ដំបង បង្ក្រាបចាប់ផាកពិន័យ ជាបន្តបន្ទាប់ផងដែរ ៕


