Friday, June 6, 2025
Header Banner

ឈាមស្រែកស្បេកហៅកូនប្រុស ដែលកាប់ឪពុកបង្កើត បណ្តាលឱ្យស្លាប់នៅខ្ទមស្រែ ក្នុងស្រុកគូលែន ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានហើយ!

ខេត្តព្រះវិហារ៖នៅទីបំផុត កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលឧត្តរមានជ័យ ធ្វើការបំបែកសំណុំរឿងឃាតកម្ម ដោយឃាត់ខ្លួនបានជនសង្ស័យរូបនេះធ្វើសកម្មភាពយកកាំបិតផ្គាក់កាប់ទៅលើឪពុកបង្កើតរបស់ខ្លួន បណ្តាលឱ្យដេកស្លាប់ក្នុងខ្ទមស្រែ នៅភូមិកោះកេរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥។


លោកវរសេនីយ៍ឯក ឱ សេង អធិការនគរបាលស្រុកគូលែន បានឱ្យដឹងនៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ នេះថា ការឈានដល់ការឃាត់ខ្លួនបានជនសង្ស័យរូបនេះ គឺដោយអនុវត្តន៍តាមបទបញ្ជា និងការណែនាំពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ ហើយប្រតិបត្តិការនេះដឹកនាំដោយលោកវរសេនីយ៍ឯកឯក តៀម សង្រ្គាម នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ និងកម្លាំងអធិការនគរបាលស្រុកគូលែន សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសំរោង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ ទើបឈានដល់ការឃាត់ខ្លួនមុខសញ្ញាសង្ស័យខាងលើ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង២០និង២៥នាទី នៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ហើយជំនាញអធិការដ្ឋាននគរបាលស្រុកគូលែន ទទួលយកមុខសញ្ញា និងបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្ត។
លោកអធិការស្រុកគូលែន បានថ្លែងបញ្ជាក់ឱ្យដឹងទៀតថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ ស្រី ស៊ីណា ហៅ ណាវ វាសនា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ របរកសិករ ទីលំនៅបច្ចុប្បន្នភូមិពពេលលិច ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវជាកូនបង្កើតរបស់សពជនរងគ្រោះឈ្មោះ ដួង ស្រី ភេទប្រុស អាយុ៦០ឆ្នាំ។
លោក ឱ សេង បានបន្ថែមថា កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង៨ និង៣៥នាទីព្រឹក ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រយង់ បានទទួលពត៌មានពីឈ្មោះ ហេង ហឿន ភេទប្រុស ជាប្រជាការពារភូមិថា មានករណីឃាតកម្មកាប់បង្ករឱ្យស្លាប់ដល់ជនរងគ្រោះម្នាក់ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១៩.៣០នាទី នៅចំណុចខ្ទមស្រែត្រពាំងប៉ាលហាល ស្ថិតនៅភូមិកោះកេរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។


ក្រោយពីទទួលបានពត៌មាននេះភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រយង់ សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគបាលស្រុកគូលែន និងអាជ្ញាធរ ភូមិ ឃុំ កម្លាំងអាជ្ញាធរជាតិប្រចាំប្រាសាទកោះកេរ និងគ្រួសារសព បានចុះទៅដល់កន្លែងកើតហេតុនៅក្រោមសំយ៉ាបខ្ទមស្រែ៖ឃើញថាសពមានកម្ពស់១៥៥ស.ម ស្លៀកខោជើងខ្លីពណ៌ខ្មៅ គ្មានអាវ ស្ថានភាពសាកសពដេកផ្ងារ បើកភ្នែក ក្បាលទៅទិសខាងជើង សណ្តូកជើងទៅទិសខាងត្បូង។
លោក ឱ សេង បន្ថែមទៀតថា បើតាមការបំភ្លឺរបស់ឈ្មោះ វេត វង់ ភេទប្រសអាយុ៥៣ឆ្នាំ ដែលមានខ្ទមស្រែនៅមិនឆ្ងាយពីខ្ទមស្រែជនរងគ្រោះ បាននិយាយប្រាប់សម្ថកិច្ចថា មុនពេលកើតហេតុកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១១ថ្ងៃត្រង់ ជនសង្ស័យឈ្មោះ ណាវ វាសនា ហៅ ស៊ីណា បានដើរមកសុំខ្ចីម៉ារវេន ដើម្បីបញ្ឆេះម៉ាស៊ីនគោយន្តកន្ត្រៃពីគាត់ តែគាត់មិនឱ្យទេ ហើយម៉ារវេនរបស់ជនសង្ស័យ ត្រូវឪពុកជាជនរងគ្រោះបានយកលាក់ទុកមិនឱ្យប្រើ ទើបធ្វើឱ្យជនសង្ស័យជាកូនខឹងនិងឪពុក ណាមួយកូនប្រុសជាជនសង្ស័យរូបនេះតែងផឹកស្រាស្រវឹងជាប្រចាំ ទើបឈានដល់ការយកកាំបិតកាប់ឪពុករបស់ខ្លួនឯងបែបនេះតែម្តង៕ដោយ៖ភ្នំដែក

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម