ខេត្តព្រះវិហារ៖នាព្រឹកថ្ងៃទី០៥ខែមិថុនាឆ្នាំ២០២៥ អាជ្ញាធរខេត្តព្រះវិហារ រៀបចំទិវាបរិស្ថានជាតិ និងពិភពលោក ៥ មិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ«ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក» ដោយមានការអញ្ជើញចូលរួមពីសំណាក់កងកម្លាំងទាំងបី លោក-លោកស្រីប្រធានមន្ទីរ អង្គការដៃគូរ លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្ស និង បងប្អូនប្រជាពលរដ្ឋ សរុបប្រមាណជាជិត១០០០នាក់។

លោកមឿន សុភេទ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានឲ្យដឹងថា ថ្ងៃនេះរដ្ឋបាលខេត្តព្រះវិហារ និងមន្ទីរបរិស្ថានខេត្ត បានរៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ « ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក (Beat Plastic Pollution) » នៅលើទឹកដីខេត្តព្រះវិហារ។ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំនេះ ត្រូវបានប្រារព្ធធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងជំរុញសាធារណជនចូលរួមធ្វើអនាម័យបរិស្ថាន តាមលំនៅឋាន និងទីសាធារណដើម្បីចូលរួមការប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក។

លោកបន្តថា បច្ចុប្បន្នកំណើននៃការប្រើប្រាស់ថង់ប្លាស្ទិកបានកើឡើងជាគំហុក ជាក់ស្តែង នៅរាជធានីភ្នំពេញត្រូវបានគេរកឃើញ ថាមានថង់ប្លាស្ទិកចំនួន១០លានថង់ត្រូវបានប្រើប្រាស់រៀងរាល់ថ្ងៃ ខណៈពេលដែលប្រជាជនកម្ពុជារស់នៅតាមទីក្រុង នានាក្នុង១នាក់ប្រើប្រាស់ថង់ប្លាស្ទិកប្រមាណជា២០០០ថង់ក្នុង១ឆ្នាំ។ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ ២០២៣-២០២៨ ផ្តោតលើ ភាពស្អាត ភាពបៃតង និងចីរភាព។ អនុលោមតាមយុទ្ធសាស្រ្តចក្រក្រសួងបរិស្ថានឆ្នាំ ២០២៣-២០២៨ ត្រង់មុំ ភាពស្អាត មន្ទីរបរិស្ថានខេត្តព្រះវិហារបានរួមចំណែក អនុវត្តយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅតាមសាលារៀន សហគមន៍មូលដ្ឋាន ឃុំ-សង្កាត់ និងរដ្ឋបាលថ្នាក់ក្រោមជាតិសម្រេចបាន១០០% លើផែនការ។ អនុវត្តយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅតាមមូលដ្ឋាន ភូមិ ឃុំ សង្កាត់ និង រដ្ឋបាលក្រុង- ស្រុកទាំង០៨ បាន១០០%។យុទ្ធនាការ « ផ្លូវជាតិស្អាតសំណល់ប្លាស្ទិក » និងយុទ្ធនាការមកដល់ពេលនេះ សម្រេចបាន ១០០%។

លោកសុខ សាន្តតារ៉ា អភិបាលរងខេត្តព្រះវិហារ បានឲ្យដឹងថា ក្នុងនាមថ្នាក់ដឹកនាំខេត្តលោកសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំ ប្រឹងប្រែងរបស់រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាព ជុំវិញខេត្ត អង្គការ ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមយ៉ាង សកម្មក្នុងការអនុវត្តអនាម័យបរិស្ថាន ការគ្រប់គ្រងសំណល់រឹង-រាវ នៅទីប្រជុំជន ជាពិសេសគឺមន្ទីរបរិស្ថានខេត្ត ដែលជាសេនាធិការឱ្យរដ្ឋបាលខេត្ត ក្នុងការសម្របសម្រួលរៀបចំទិវាបរិស្ថានជាតិដ៏មានសារៈ សំខាន់ ឱ្យប្រព្រឹត្តិទៅយ៉ាងរលូន និងមានភាពអធឹកអធមផងដែរ។

លោកបន្តថា បច្ចុប្បន្ននេះ ការបំពុលដោយ ប្លាស្ទិកបានក្លាយជាបញ្ហាប្រឈមជាសកល ដែលគំរាមកំហែងដល់ សុខភាពមនុស្ស សត្វ និងប្រព័ន្ធអេកូឡូស៊ីយ៉ាងធ្ងន់ធ្ងរ។ យើងសង្កេត ឃើញថា សំណល់ប្លាស្ទិកមាននៅគ្រប់ទីកន្លែង ចាប់ពីទីក្រុង រហូត ដល់តំបន់ជនបទ តាមដងផ្លូវ តាមប្រភពទឹក បង្ហូរចូលទៅក្នុងទន្លេ បឹងបួ និងសមុទ្រ ហើយសំណល់ប្លាស្ទិកទាំងអស់នេះ ចំណាយ ពេលរាប់រយឆ្នាំដើម្បីរលួយ ហើយក្នុងអំឡុងពេលនោះ វាក្លាយជា មីក្រូប្លាស្ទិក ដែលបង្កផលប៉ះពាល់ដល់សុខភាពរបស់យើង តាមរយៈ ចំណីអាហារ និងទឹកដែលយើងទទួលទានជារៀងរាល់ថ្ងៃ។ទន្ទឹមនឹងនេះ ខេត្តព្រះវិហាររបស់យើងក៏កំពុងប្រឈម៣ ផងដែរ ដោយការប្រើប្រាស់ថង់ប្លាស្ទិក ការវេចខ្ចប់ប្លាស្ទិកល ពាសវាលពាសកាលកំពងតែកើនឡើងគួរកត់សមាល់ ដែលធើឲ្យបរិស្ថានក្នុងខេត្តរងផលប៉ះពាល់យ៉ាងខ្លាំង។
ជាមួយនឹងបញ្ហានេះដែរ យើងមិនអាចឲ្យបញ្ហានេះអាចរីករាលដាលទៅទៀតបានឡើយ ដើម្បីដោះស្រាយបញ្ហានេះទាមទារឲ្យមានការចូលរួមពីយើងទាំងអស់គ្នា។ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ចូលរួមគាំពារ និងលើក កម្ពស់លើវិស័យបរិស្ថានដូចខាងក្រោម៖ចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក តាមរយៈការប្រើប្រាស់ សម្ភារវេចខ្ចប់ជំនួសវិញដូចជា ស្លឹកចេក ថង់ក្រណាត់ កន្ត្រក ឬប្រអប់ម្ហូបដែលអាចប្រើឡើងវិញ និងទុកដាក់សំរាមឱ្យបាន ត្រឹមត្រូវ។
ចូលរួមគាំទ្រគំនិតផ្តួចផ្តើម និងសកម្មភាពនានា ដែលពាក់ព័ន្ធ នឹងការកាត់បន្ថយការប្លាស្ទិក និងការសម្អាតបរិស្ថាន។ចូលរួម ផ្សព្វផ្សាយ និងអប់រំកូនចៅរបស់យើង អំពីសារៈ សំខាន់នៃការស្រឡាញ់បរិស្ថាន និងកាត់បន្ថយការប្រើប្រាស់ ប្លាស្ទិក។បន្តផ្សព្វផ្សាយ និងចូលរួមយន្តការសម្អាតបរិស្ថានតាមដងផ្លូវ ចៀសវាងការដុតសំរាមប្លាស្ទិកដែលនាំមានផ្សែងពុលប៉ះពាល់ ដល់បរិស្ថានរស់នៅ និងចូលរួមដាំកូនឈើ ដើម្បីជំរុញភាព បៃតងតាមអង្គភាព តាមផ្ទះ ដើម្បីកែលម្អទៅជារម្មណីយដ្ឋានធម្មជាតិ ដ៏ស្រស់ត្រកាល សម្រាប់ភ្ញៀវទេសចរណ៍៕ដោយ៖AFN



