ខេត្តសៀមរាប ៖នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អញ្ជើញចុះត្រួតពិនិត្យ យុទ្ធនាការក្នុងការចុះបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រគេនព្រះសង្ឃ ដែលបានស្នើសុំចុះបញ្ជីផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី នៅក្នុងវត្តទេពពោធិវង្ស (ហៅវត្តថ្មី) ដែលស្ថិតនៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

សូមបញ្ជាក់ផងដែលថាចំពោះប្រជាពលរដ្ឋដែលស្នើសុំបែបបទផ្តល់អត្តសញ្ញាណប័ណ្ណ ត្រូវមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ និងត្រូវបង្ហាញមុខដោយផ្ទាល់ចំពោះមន្រ្តីនគរបាលជំនាញ និងភ្ជាប់ជាមួយនូវឯកសារមួយចំនួនដូចជា៖ សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើតសញ្ជាតិខ្មែរ ឬសេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើតសញ្ជាតិខ្មែរ និង សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ (ច្បាប់ដើម)។

ចំពោះអ្នកដែលស្នើសុំអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីអស់សុពលភាព ត្រូវមានឯកសារ៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីអស់សុពលភាព០១សន្លឹក។ ការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីអស់សុពលភាព គឺមិនតម្រូវអោយភ្ជាប់ឯកសារឡើយ លើកលែងតែករណីខ្វះឯកសារភ្ជាប់ក្នុងការស្នើសុំលើកទី១ ឬមានការផ្លាស់ប្តូរទិន្នន័យសន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី (ឧទាហរណ៍៖ កែតម្រូវឈ្មោះ ឬ ផ្លាស់ប្ដូរទីលំនៅជាដើម)៕PL



