ភ្នំពេញ៖ក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹក ថ្ងៃទី២១ ខែមិថុនា នេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានស្មិងស្មាធិ៍គោរពវិញ្ញាណក្ខ័ន្ធ វីរៈយុទ្ធជន សួន រ៉ោន ដែលបានពលីក្នុងបុព្វហេតុការពារទឹកដី ដោយសារការផ្ទុះអាវុធ បង្ករឡើងដោយកងទ័ពថៃដែលបានបើកការវាយប្រហារមកលើលេណដ្ឋានរបស់កម្ពុជា។ សូមវិញ្ញាណក្ខ័ន្ធរបស់លោកបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ឯកឧត្តមហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អះអាងនៅលើទំព័រ facebook ដូច្នេះ”យុវជនយើង ចងចាំមិនភ្លេចនូវពលិកម្មដ៏ធំធេងរបស់វីរយុទ្ធជនជួរមុខរបស់យើង ដែលបានបូជាជីវិតក្នុងបុព្វហេតុការពារជាតិ ការពារទឹកដី។ “។
ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា “គ្រប់កាលៈទេសៈ ដែលមានការប្រមាថពីបរទេស យុវជនយើងនឹងមិននៅស្ងៀមជាដាច់ខាត។”។
សូមជម្រាបថា នៅព្រឹកនេះសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំបើកកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ក្រោមការដឹកនាំរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. ដោយមានវត្តមានចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ ព្រមទាំងសមាជិក សមាជិកា គណៈកម្មាធិការកណ្តាល ប្រមាណ ៥០០ នាក់។
ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា ជាមួយនឹងការចូលរួមគាំទ្រ ពីគ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេស ស.ស.យ.ក. បាននិងកំពុងពង្រឹងនូវតួនាទី និងការរួមចំណែករបស់ខ្លួនកាន់តែខ្លាំងក្លាថែមទៀតក្នុងការចូលរួមអភិវឌ្ឍសង្គម។ ឯកឧត្តម បានគូសបញ្ជាក់ផងដែរថា ក្រុមគ្រួសារស.ស.យ.ក. បេ្តជ្ញាថានឹងរៀបចំកម្មវិធីសំខាន់ៗបន្តទៀតសំដៅបង្កើន ក្តីស្រឡាញ់ សមានចិត្ត ការគាំទ្រ និងជួយលើកតម្កើងឱ្យកាន់តែខ្ពស់ថែមទៀតនូវ មោទនភាពរបស់យុវជន និងប្រជាជននៅទូទាំងប្រទេសចំពោះជាតិមាតុភូមិ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសនៃសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីដឹកនាំនាវាកម្ពុជា ឈានទៅសម្រេចចក្ខុវិស័យកម្ពុជាក្លាយទៅជា ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តមបន្ថែមថា ទន្ទឹមនឹងស្ថានភាពតានតឹងនៃបញ្ហាព្រំដែន ស.ស.យ.ក. នឹងប្តេជ្ញាបន្តចូលរួម និងគាំទ្រយ៉ាងពេញទំហឹងនូវ គ្រប់ចំណាត់ការរបស់រាជរដ្ឋាភិបាល និងស្ថាប័នកំពូលៗរបស់ជាតិ ពាក់ព័ន្ធនឹង ស្ថានការណ៍នយោបាយ និងបញ្ហាបូរណភាពទឹកដីជាមួយប្រទេសជិតខាង។ ជាក់ស្តែង កាលពីថ្ងៃទី១៨ ខែមិថុនា កន្លងទៅ ស.ស.យ.ក បានរៀបចំដំណើរថ្មើរជើង(Solidarity March) ដោយបានបង្ហាញពីឆន្ទៈ មនសិការស្នេហាជាតិ និងទឹកដី និង រួមគ្នាជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងនៅជួរមុខ ដែលជាការចូលរួម ចំណែកក្នុងខឿនការពារជាតិប្រជាជនផងដែរ។
នាឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានីបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការ ស.ស.យ.ក រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ក្រុមការងារ តាមបណ្តា វិស័យនានា អង្គការ សមាគម ចំណុះគណៈកម្មាធិការកណ្តាល និងសមាជិក សមាជិកា ទាំងអស់នៅទូទាំងប្រទេស ដែលបានយកអស់កម្លាំងកាយចិត្ត បញ្ញា ស្មារតី លះបង់ពេលវេលា និងធនធានផ្ទាល់ខ្លួន បំពេញតួនាទីភារកិច្ចយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវ និងមនសិការស្នេហាជាតិខ្ពស់ រហូតសម្រេចបាន នូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ ស្របតាមទិសដៅ និងផែនការសកម្មភាព ដែលបានដាក់ចេញនៅក្នុង «ផែនការយុទ្ធសាស្ត្រស្តីពីយុវជនក្នុងបុព្វហេតុជាតិ មាតុភូមិ ២០២៣-២០២៨» ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងតាមដាន ត្រួតពិនិត្យវឌ្ឍនភាពការងារផែនការយុទ្ធសាស្រ្ត និងកម្មវិធីផ្សេងៗ ដែល ស.ស.យ.ក. បានអនុវត្តកន្លងមក រួមទាំងកំណត់អាទិភាព លើកទិសដៅសកម្មភាពបន្ត ស្វែងរកធាតុចូលបន្ថែម តាមរយៈកិច្ចពិភាក្សា និងបទអន្តរាគមន៍នានា ដើម្បីផ្សាភ្ជាប់ផែនការការងារឲ្យស្របតាមការវិវត្តជាក់ស្តែងរបស់សង្គម ។ ការជួបជុំគ្នានាឱកាសនេះ ក៏ជាការពង្រឹង និងពង្រីកសាមគ្គីភាពនៃក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។
សូមជម្រាបថា កិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក. នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៤ ថ្ងៃ នៅខេត្តសៀមរាប ដោយរូមបញ្ចូលរបៀបវារៈមានចំនួនរួមមានពិធីបើក ដោយផ្តោតលើរបាយការណ៍ កិច្ចពិភាក្សា និងបទអន្តរាគមន៍ កម្មពិធីពង្រឹងស្មារតីក្រុមដោយផ្សាភ្ជាប់នឹងការចូលរួមរបស់សមាជិក សមាជិកា ក្នុងបុព្វហេតុសប្បុសធម៌ និងពិធីបិទ៕


