ខេត្តព្រះវិហារ៖ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងពិនិត្យមើលដោយផ្ទាល់ពីស្ថានភាពរស់នៅរបស់បងប្អូនជនភៀសសឹក ក៏ដូចជាក្រុមការងារ និងក្រុមគ្រូពេទ្យដែលកំពុងបំពេញបេសកកម្មយ៉ាងសកម្មនៅតាមមណ្ឌលសុវត្ថិភាពទាំងអស់ ក្នុងខេត្តព្រះវិហារផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យ និងក្រុមការងារនៅក្នុងមណ្ឌលសុវត្ថិភាពទាំងអស់ ដែលបានលះ បង់កម្លាំងកាយចិត្តក្នុងការថែរក្សាសុខភាព និងផ្ដល់ភាពកក់ក្ដៅជូនដល់បងប្អូនជនភៀសខ្លួន ក្នុងគ្រាដ៏លំបាកនៃការចាកចេញពីភូមិឋានដោយសារសង្គ្រាមឈ្លានពានទឹកដីពីកងយោធាថៃមកលើកម្ពុជា។ឯកឧត្តមទេសរដ្ឋមន្ត្រី បានឱ្យដឹងថាស្របពេលមានបទឈប់បាញ់ចូលជាធរមាន និងសភាពការណ៍មានភាពស្ងប់ស្ងាត់ សូមបងប្អូនប្រជាពលរដ្ឋភៀសខ្លួន វិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួន ដើម្បីបង្កបង្កើនផលស្រូវ ស្រែចំការ និងប្រកបមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃឡើងវិញ ហើយប្រសិន ជាសភាពការណ៍មានភាពមិនប្រក្រតីកើតឡើងជាយថាហេតុ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់វិលត្រឡប់មកកាន់មណ្ឌលសុវត្ថិភាពវិញជាបន្ទាន់៕




