ខេត្តសៀមរាប៖នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម ថោ សេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារចម្រុះ ចុះពិនិត្យស្ថានភាពទឹកជំនន់នៅក្នុងភូមិសាស្ត្រ ស្រុកជីក្រែង ខេត្តសៀមរាប។ដំណើរចុះពិនិត្យនេះ ធ្វើឡើងនៅតំបន់ ប្រឡាយខ្នាត ស្ថិតក្នុងភូមិកំពង់ក្ដី១ និងនៅ ស្ពានកំពង់ក្ដី ភូមិកំពង់ក្ដី២ ក្នុងឃុំកំពង់ក្ដី ស្រុកជីក្រែង ដើម្បីវាយតម្លៃស្ថានការណ៍ និងរកវិធានការ បញ្ចៀសទឹក កុំឱ្យបន្តជន់លិចហេដ្ឋារចនាសម្ព័ន្ធ វត្តអារាម សាលារៀន និងផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋ។

ក្នុងឱកាសនៃការចុះពិនិត្យផ្ទាល់នេះ ឯកឧត្ដមរដ្ឋមន្ត្រីបានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ ត្រូវរួមសហការគ្នាធ្វើការ វាយតម្លៃការខូចខាត ឱ្យបានច្បាស់លាស់ និងលើក ផែនការជាក់លាក់ ដើម្បីចាត់ជាវិធានការជួយដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។ជាងនេះទៅទៀត ក្រុមការងារត្រូវ ត្រៀមលក្ខណៈឆ្លើយតបជាប្រចាំ ចំពោះគ្រោះធម្មជាតិនេះ ជាពិសេសនៅតាមទីតាំងដែលងាយរងការជន់លិច ដើម្បីធានាសុវត្ថិភាព និងកាត់បន្ថយការខូចខាតទ្រព្យសម្បត្តិជូនប្រជាពលរដ្ឋ៕ប្រភព៖ រដ្ឋបាលខេត្តសៀមរាប



