ខេត្តសៀមរាប៖ ជនសង្ស័យជនជាតិវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចចម្រុះខេត្តសៀមរាប ធ្វើការឃាត់ខ្លួន និងដកហូតឈើ ១៨៤កំណាត់ រួមទាំងវត្ថុតាងឧបករណ៍កែច្នៃឈើប្រណិត ពីក្នុងរោងសិប្បកម្មគ្មានច្បាប់មួយកន្លែង។ប្រតិបត្តិការនេះធ្វើឡើង នៅម៉ោង ២ និង៣០នាទី ថ្ងៃទី២៥កញ្ញា២០២៥ ស្ថិតក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប។


សមត្ថកិច្ចបានឲ្យដឹងថា បុរសជនជាតិវៀតណាម ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាគ្រានោះ ត្រូវគេស្គាល់ឈ្មោះ LE VAN HUYNH ជាជាងឈើក្នុងរោងសិប្បកម្មរបស់ឈ្មោះ សុខ ឆេងហ៊ុយ ភេទប្រុស អាយុ ៤៦ឆ្នាំ រស់នៅភូមិគោកឆ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ប្រតិបត្តិការនោះ បានធ្វើឡើងក្រោមកិច្ចសហការរវាង ផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងមន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ក្រោមការដឹកនាំ សម្របសម្រួលនីតិវិធីពី លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប។

សូមបញ្ជាក់ថា បុរសជាងឈើជនជាតិវៀតណាម ដែលសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ LE VAN HUYNH ភេទប្រុស អាយុ ៥១ឆ្នាំ កាន់លិខិតឆ្លងដែនលេខC៩៩៧៤១៩១ មុខរបរជាងឈើនៅទីតាំងសិប្បកម្មខាងលើ។ ការឃាត់ខ្លួននោះធ្វើឡើងដោយ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ហើយជនសង្ស័យត្រូវបានប្រគល់ទៅឲ្យ កម្លាំងការិយាល័យនគរបាលស៊ើបអង្កេត និងអនុវត្តនីតិវិធី ពាក់ព័ន្ធនឹងករណីស្នាក់នៅខុសច្បាប់។
សមត្ថកិច្ចបន្តថា បើតាមការសាកសួរ បុរសជាតិវៀតណាមរូបនេះ បានប្រាប់ថា រូបខ្លួនបានចូលមកកម្ពុជា កាលពីអំឡុងចុងខែមេសា២០២៥ តាមច្រករបៀងជាប់ច្រកបាវិត។
បច្ចុប្បន្ន កម្លាំងនគរបាលជំនាញនៃខេត្តសៀមរាប បានរៀបចំស្នើសុំគោលការណ៍ ដើម្បីបញ្ជូនទៅស្នាក់ការ ត្រៀមបណ្តេញចេញពីកម្ពុជា៕ដោយ៖វិសាល
