Sunday, October 19, 2025
Header Banner

អាជ្ញាធរខេត្តសៀមរាប ណែនាំក្រុមហ៊ុនដឹកជញ្ជូនឯកជនដឹកជញ្ជូនតាមទម្ងន់កំណត់ ដើម្បីធានាគុណភាពផ្លូវឱ្យបានយូរអង្វែង

ខេត្តសៀមរាប៖ក្នុងកិច្ចប្រជុំពិភាក្សាករណីសំណើសុំផ្ដល់កិច្ចអន្តរាគមន៍ ដើម្បីជួយទប់ស្កាត់រថយន្តដឹកលើសទម្ងន់លើសកម្រិតកំណត់ ធ្វើចរាចរណ៍លើផ្លូវពីឃុំតាសោម ទៅឃុំគោកដូង ស្រុកអង្គរជុំ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ លោក លី សារី អភិបាលរងខេត្តសៀមរាប បានណែនាំ និងជំរុញដល់ក្រុមហ៊ុនដឹកជញ្ជូនវិស័យឯកជន ឱ្យចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការដឹកជញ្ជូនទំនិញតាមទម្ងន់កំណត់ដែលច្បាប់បានចែង ដើម្បីធានាបាននូវគុណភាពផ្លូវឲ្យមានស្ថិរភាពយូរអង្វែង ពិសេសគឺផ្លូវដែលទើបស្ថាបនា ឬជួសជុលឡើងវិញ។

លោក លី សារី បានសង្កត់ធ្ងន់ថា ក្រុមដឹកជញ្ជូនវិស័យឯកជន ក្រុមហ៊ុនដឹកជញ្ជូនថ្ម គ្រួស និងក្រុមហ៊ុនផ្សេងៗទៀតដែលប្រកបអាជីវកម្មដឹកជញ្ជូន ត្រូវចូលរួមអនុវត្តតាមបទដ្ឋានច្បាប់ឲ្យបានត្រឹមត្រូវ។ លោកបានព្រមានថា «ករណីក្រុមហ៊ុនដឹកជញ្ជូនមិនសហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រព្រឹត្តល្មើសច្បាប់ដឹកជញ្ជូន ក្រុមការងារ មន្ត្រីជំនាញនឹងចាត់វិធានការ និងពិន័យទៅតាមច្បាប់ដែលបានកំណត់»។

លោកក៏បានសំណូមពរដល់អ្នកបើកបរដឹកជញ្ជូនទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងមូលដ្ឋាន។ ទាក់ទងនឹងការកំណត់ទម្ងន់ក្នុងការដឹកជញ្ជូន លោកបានណែនាំឱ្យគណៈបញ្ជាការឯកភាពស្រុកចុះអនុវត្ត និងចាត់វិធានការឲ្យបានឆាប់រហ័សចំពោះករណីដឹកលើសកម្រិតទម្ងន់។លោក ភន់ សុខុម អភិបាលស្រុកអង្គរជុំ ក៏បានលើកឡើងអំពីបញ្ហាផ្លូវខូចខាតពីឃុំតាសោម ទៅឃុំគោកដូង តាមការលើកឡើងរបស់ប្រជាពលរដ្ឋ។ លោកបានសំណូមពរដល់មន្ទីរពាក់ព័ន្ធ ជួយជួសជុលជាបឋមនូវផ្លូវ១ខ្សែនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស។ ជាការឆ្លើយតប គ្រប់មន្ទីរ-អង្គភាពពាក់ព័ន្ធទាំងអស់ នឹងលើកយកគម្រោងជួសជុលនេះមកពិភាក្សា និងស្នើសុំគោលការណ៍ពីថ្នាក់លើដើម្បីធ្វើការអនុវត្តបន្ត៕ប្រភព៖មន្ទីរព័ត៌មានខេត្តសៀមរាប

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម