Sunday, November 9, 2025
Header Banner

អាជ្ញាធរខេត្តសៀមរាប ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ‎‎

ខេត្តសៀមរាប៖រដ្ឋបាលខេត្តសៀមរាប សហការជាមួយយោធភូមិភាគទី៤ បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៥) និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ប្រកបដោយភាពមហោឡារិក នៅបរិវេណវិមានរំលឹកគុណអតីតយុទ្ធជន ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥។‎‎

ពិធីដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រនេះ បានប្រព្រឹត្តិទៅក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា មេបញ្ជាការ មេបញ្ជាការរងយោធភូមិភាគទី៤ តំបន់ប្រតិបត្តិការសិករងខេត្តសៀមរាប កំពង់ធំ និងឧត្តរមានជ័យ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ស្នងការ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្ត តំណាងសាលាដំបូងខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរ អង្គភាពនានាជុំវិញខេត្តយ៉ាងច្រើនកុះករ។‎‎ទិវា ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៥ នេះ គឺជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់ ដែលប្រជាជាតិខ្មែរគ្រប់រូបបានរំលឹកឡើងវិញនូវគំរូវីរភាពដ៏អង់អាចក្លាហាន និងស្មារតីពលិកម្មដ៏ធំធេងរបស់យុទ្ធជន យុទ្ធនារី និងប្រជាជនជំនាន់មុន ក្នុងបុព្វហេតុតស៊ូដណ្តើមឯករាជ្យជូនជាតិមាតុភូមិ។‎‎ក្នុងពិធីនេះ គណៈអធិបតី និងអង្គពិធីទាំងមូល បានរៀបចំ ដាក់កម្រងផ្កា គោរពបូជា ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធវីរៈយុទ្ធជន យុទ្ធនារី និងវីរៈកងយោធពលខេមរភូមិន្ទ ព្រមទាំងប្រជាជនគ្រប់ស្រទាប់វណ្ណៈ ដែលបានពលីជីវិតក្នុងបុព្វហេតុនៃការតស៊ូទាមទារឯករាជ្យពីអាណានិគមបារាំង ការតស៊ូរំដោះប្រទេសជាតិនៅថ្ងៃ៧ មករា ១៩៧៩ ទប់ស្កាត់របបប្រល័យពូជសាសន៍ប៉ុលពត ព្រមទាំងវីរៈកងទ័ពដែលបានពលីជីវិតការពារទឹកដី។‎‎

ពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាឯករាជ្យជាតិ ៩ វិច្ឆិកានេះ ក៏ជាការរំលឹកនូវ ស្នាព្រះហស្ថនៃព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ (ព្រះវររាជបិតាឯករាជ្យជាតិ) ដែលព្រះអង្គបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ តស៊ូក្នុងក្របខណ្ឌទាមទារឯករាជ្យឲ្យកម្ពុជាបានរួចចាកផុតពីនឹមត្រួតត្រារបស់អាណានិគមនិយមបារាំង និងបានប្រកាសឯករាជ្យជាតិ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។‎‎ផ្តើមចេញពីគំរូព្រះវីរភាពនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងអតីតនាយករដ្ឋមន្ត្រី តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ និងបន្តក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃនីតិកាលទី៧ នៃរដ្ឋសភា បានធ្វើឲ្យប្រទេសជាតិទាំងមូលមានសុខសន្តិភាព មានការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈរ និងបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង គួរជាទីមោទនៈ។‎‎

អង្គពិធីទាំងមូលបានប្តេជ្ញាចិត្តរួមគ្នា ថែរក្សាការពាររដ្ឋធម្មនុញ្ញ និងបន្តអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ដើម្បីធានានូវឯករាជ្យ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍យូរអង្វែងរបស់មាតុភូមិកម្ពុជា៕‎ប្រភពពី៖មន្ទីរព័ត៌មានខេត្តសៀមរាប

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម