ខេត្តសៀមរាប៖ផ្ទះមនុស្សធម៌ទី៩៧ ដែលជាអំណោយរបស់សប្បុរសជន ត្រូវបានសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ជូនគ្រួសារប្រជាពលរដ្ឋក្រីក្រ ឈ្មោះ ជុន មឿយ ភេទស្រី អាយុ ៤៦ឆ្នាំ និងប្តីឈ្មោះ សុខ លី ជាជនមានជំងឺវិបល្លាសស្មារតី ដែលមានសមាជិកគ្រួសារសរុប ៨នាក់ (ស្រី៥នាក់) រស់នៅភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ។សូមជម្រាបថា ផ្ទះថ្មីដែលបានសាងសង់ជូននេះ មានទំហំ ៦ x ៦ ម៉ែត្រ មានបន្ទប់គេង ២ បន្ទប់ទឹក ១ ដំបូលប្រក់ស័ង្កសីភ្លីក្បឿង ជញ្ជាំងឥដ្ឋ ១០ បាតក្រាលការ៉ូ មានកម្ពស់ផុតពីដី ០.៥ ម៉ែត្រ ដោយចំណាយទឹកប្រាក់សរុប ៣ ៨០០ ដុល្លារ ឧបត្ថម្ភដោយ លោក ឡុង ចាន់រិទ្ធ និងលោកស្រី លឿម ស៊ីណា។

ក្នុងឱកាសនោះ លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខា បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដោយក្ដីនឹករឭកដ៏ខ្ពង់ខ្ពស់ពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា ដែលតែងតែគិតគូរចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ប្រកបដោយភាពកក់ក្ដៅ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយ ស្របតាមទិសស្លោកថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

លោកជំទាវ ក៏បានក្រើនរំឭកដល់ប្រជាពលរដ្ឋទាំងអស់ឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យ ដោយប្រកាន់ខ្ជាប់នូវ “ការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត” ដើម្បីបង្ការជំងឺឆ្លងផ្សេងៗ និងសូមកាត់បន្ថយការទទួលទានអាហារដែលមានសារជាតិប្រៃ ខ្លាញ់ និងស្ករ។ក្នុងឱកាសនោះ លោកជំទាវក៏បានផ្ដល់អំណោយសង្កត់ផ្ទះមួយចំនួន មាន៖ អង្ករ ៦០គីឡូក្រាម, មី ២កេស, ត្រីខ ២យួរ, ទឹកត្រី ២យួរ, អំបិល ២ឡូក្រាម, កន្ទេល២, ឃីត ២កញ្ចប់ សម្ភារផ្ទះបាយ និងថវិកា ៤០ម៉ឺនរៀល។ជាមួយគ្នានេះ

ជាមួយគ្នានេះដែរ លោកជំទាវក៏បានផ្ដល់អំណោយជូនដល់គ្រួសារងាយរងគ្រោះក្នុងស្រុកស្វាយលើ ចំនួន ៨០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, អំបិល ១គីឡូក្រាម, ឃីត ១កញ្ចប់ និងថវិកា ៤ម៉ឺនរៀល។ ក្រៅពីនេះ លោកជំទាវ ក៏បានប្រគល់ឈើច្រត់ ៣ដើម និងរទេះរុញ ៣គ្រឿង សម្រាប់ចាស់ជរា និងជនមានពិការភាពផងដែរ៕ដោយ៖AFN ប្រភពពី មន្ទីរព័ត៌មានខេត្តសៀមរាប







