Friday, November 14, 2025
Header Banner

អាជ្ញាធរក្រុងព្រះវិហារ ទុកឱសានវាទឲ្យអាជីវករ និងពលរដ្ឋនៅជុំវិញផ្សារកំពង់ប្រណាក ១០ថ្ងៃឲ្យរុះរើសំណង់ សំយ៉ាប ផ្សេងៗរំលោភលើដីដំណីផ្លូវសាធារណៈរបស់រដ្ឋ

ខេត្តព្រះវិហារ៖អាជ្ញាធរក្រុងព្រះវិហារបានឲ្យដឹងថា សណ្តាប់ធ្នាប់នៅតែជាក្តីកង្វល់របស់អាជ្ញាធរក្រុងព្រះវិហារ បញ្ហានេះបង្កឡើងដោយពលរដ្ឋក៏ដូចជាអាជីវករមួយចំនួនដែលលក់ដូរលើទ្រូងផ្លូវ និងចោលសំរាមពាសវាលពាសកាលក្នុងបរិវេណផ្សារកំពង់ប្រណាក។ការណ៍នេះហើយទើបធ្វើឲ្យអាជ្ញាធរក្រុងព្រះវិហារ បង្ខំចិត្តប្រើកណ្តាប់ដៃដែក តែក៏បានទុកពេលឲ្យម្ចាស់អាជីវកម្មផ្សារនិងអាជីវករចំនួន១០ថ្ងៃ ត្រូវរៀបចំកន្លែងលក់ដូរក្នុងផ្សារ ហើយអាជីវករ ត្រូវរុះរើសំណង់ សំយ៉ាប ផ្សេងៗដែលរំលោភលើដីដំណីផ្លូវសាធារណៈរបស់រដ្ឋ ដើម្បីលើកមុខមាត់ខេត្តព្រះវិហារ ឡើងវិញ។

ពលរដ្ឋលើកឡើងថា នៅបរិវេណផ្សារកំពង់ប្រណាក មានអាជីវករ ដាក់ កញ្ច្រែង លក់ បន្លែ ត្រី សាច់និងទំនិញផ្សេងៗ បង្កភាពរញ៉េរញ៉ៃ បណ្តាលឲ្យផ្លូវកកស្ទះជារៀងរាល់ថ្ងៃ ប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ពិបាកធ្វើដំណើរ ខណៈដែលមន្ត្រីពាក់ព័ន្ធ ហាក់ដូចមិនទាន់មានចំណាត់ការសោះដែលធ្វើឲ្យប៉ះពាល់ សណ្តាប់ធ្នាប់ និង បរិស្ថាន គ្មាន អនាម័យ ដែលកើតឡើងជាច្រើនឆ្នាំមកហើយ។ ប្រជាពលរដ្ឋសំណូមពរឲ្យអាជ្ញាធរក្រុងព្រះវិហារ គួរមានវិធានការរៀបចំ សណ្តាប់ធ្នាប់លើអាជីវកម្ម ដែលយកផ្លូវសាធារណៈ ដាក់លក់បន្លែ ត្រី សាច់ ផ្លែឈើ និងទំនិញផ្សេងៗ បង្កការកកស្ទះជារៀងរាល់ថ្ងៃ។

ពលរដ្ឋបន្តថា លោកស្រីហេង សាវី ប្រធានក្រុមហ៊ុនវិនិយោគ យកភាស៊ីផ្សារកំពង់ប្រណាក និងយកសំរាមតាមផ្ទះពលរដ្ឋក្នុងក្រុងព្រះវិហារ គឺឃើញតែដើរប្រមូលលុយពីអាជីវករ និងពលរដ្ឋប៉ុណ្ណោះ ដោយមិនដែលឃើញមានការរៀបចំ ឬក៏អភិវឌ្ឍន៍អ្វីសោះឡើយហើយបុគ្គលិកមិនគ្រប់គ្រាន់។ពលរដ្ឋស្នើដល់អាជ្ញាធរក្រុងព្រះវិហារ និងអាជ្ញាធរខេត្តព្រះវិហារ មេត្តាផ្លាស់ប្តូរម្ចាស់ក្រុមហ៊ុនវិនិយោគ យកភាស៊ីផ្សារកំពង់ប្រណាក និងយកសំរាមតាមផ្ទះផងដើម្បីធ្វើយ៉ាងណាឲ្យខេត្តព្រះវិហារ មានសោភណ្ឌភាពថ្មី និងស្រស់ស្អាតឡើងវិញ។អាជីវករ មួយចំនួនលើកឡើងថា ប្រសិនបើអាជ្ញាធរក្រុងព្រះវិហារ ចុះរៀបចំសណ្តាប់ធ្នាប់ជុំវិញផ្សារឲ្យបានល្អ ពួកគាត់នឹងចូលរួមសហការកាត់រោង សំយ៉ាប ថយក្រោយវិញផងដែរ។

ចំណែកលោកហាយ ហាច តំណាងផ្សារកំពង់ប្រណាក បានឲ្យដឹងនៅព្រឹកថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០២៥នេះថា ករណីនេះលោកតែងតែចុះធ្វើការរៀបចំសណ្តាប់ធ្នាប់ជាមួយកម្លាំងសមត្ថកិច្ច។ប៉ុន្តែវាហាក់ដូចជាវាចចកអញ្ចឹង។ លោកស្រីហេង សាវី ប្រធានក្រុមហ៊ុនវិនិយោគយកភាស៊ីផ្សារកំពង់ប្រណាក និងសំរាមតាមផ្ទះពលរដ្ឋក្នុងក្រុងព្រះវិហារ មិនអាចសុំការពន្យល់បានទេនៅព្រឹកថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០២៥នេះ។បើយោងតាមលិខិតជូនដំណឹងជាលើកទី២ របស់អាជ្ញាធរក្រុងព្រះវិហារ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០២៥នេះថា – សេចក្តីជូនដំណឹង លេខ០៩៧ ស.ជ.ណ ចុះថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ របស់រដ្ឋបាលក្រុងព្រះវិហារ ស្តីពីការរៀបចំសណ្តាប់ធ្នាប់នៅក្នុង និងបរិវេណជុំវិញផ្សារកំពង់ប្រណាក។រដ្ឋបាលក្រុងព្រះវិហារ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋ អាជីវករ និងពាណិជ្ជករ ទាំងអស់ ដែលប្រកបរបរលក់ដូរក្នុង និងបរិវេណជុំវិញផ្សារកំពង់ប្រណាក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ឲ្យបានជ្រាបថា៖ ដោយបច្ចុប្បន្នសង្កេតឃើញថា បញ្ហាសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន ពុំមានរបៀបរៀបរយ និងការដាក់តាំងលក់របស់របរនៅរាយប៉ាយគ្មានសណ្តាប់ធ្នាប់ ដូចនេះរដ្ឋបាលក្រុងព្រះវិហារ ដែលមានគណៈ កម្មការគ្រប់គ្រងផ្សារកំពង់ប្រណាកជាសេនាធិការ សូមធ្វើការណែនាំដល់បងប្អូន អាជីវករ ពាណិជ្ជករ ដែលបាន ដាក់តាំងលក់របស់របរ ដូចជាបន្លែ ផ្លែឈើ ត្រី សាច់ និងរបស់របរប្រើប្រាស់ផ្សេងៗទៀត ត្រូវធ្វើការរុះរើចេញពី ដីចំណីផ្លូវជុំវិញផ្សារកំពង់ប្រណាក ចំណែកបងប្អូនអាជីរករដែលមានតូបលក់ខាងក្នុង ត្រូវចូលទៅលក់ដូរនៅ ក្នុងផ្សារវិញ។ ដើម្បីពង្រឹងប្រសិទ្ធភាពស្របតាមខ្លឹមសារនៃកិច្ចសន្យាខាងលើសំដៅលើកកម្ពស់សោភ័ណភាព សណ្តាប់ធ្នាប់ ឱ្យមានរបៀបរៀបរយល្អប្រសើរ រដ្ឋបាលក្រុងព្រះវិហារ សូមដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់មួយ ចំនួនដូចខាងក្រោម ៖ចូលឱ្យផុតពីដីចំណីផ្លូវ។ ១/-ប្រជាពលរដ្ឋដែលរស់នៅ និងលក់ដូរជុំវិញផ្សារកំពង់ប្រណាក ត្រូវរុះរើ និងកាត់សំយ៉ាបផ្ទះឬតូប បង្ខិត ២/-ប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ ដែលលក់ដូរនៅតាមផ្ទះឬតូបនានា ត្រូវធ្វើការរុះរើសំណង់ សំយ៉ាប ស្លាកយីហោ បដាពាណិជ្ជកម្ម ផ្ទាំងរូបភាព និងស្លាកសញ្ញាផ្សេងៗដែលរំលោភលើដីដំណីផ្លូវសាធារណៈរបស់រដ្ឋ ដោយខ្លួនឯង ទោះមានច្បាប់ និងមិនមានច្បាប់អនុញ្ញតក៏ដោយ។៣-មិនអនុញ្ញាតរាល់ការដាក់តាំងសម្ភារទំនិញ ដាក់ឆ័ត្រ គ្រែ តុ នៅលើផ្លូវបេតុង ឬផ្លូវកៅស៊ូជុំវិញផ្សារ។៤/-យានយន្តគ្រប់ភេទ ម្ចាស់យានដ្ឋាន ត្រូវរក្សាសណ្តាប់ធ្នាប់ ក្នុងការចតយានយន្តឲ្យបានត្រឹមត្រូវមិន អនុញ្ញតឲ្យចតនៅលើទ្រូងផ្លូវ ចំណីផ្លូវសាធារណៈ និងបរិវេណជុំវិញផ្សារដែលបង្កឱ្យកកស្ទះចរាចរណ៍ និង គ្រោះថ្នាក់ជាយថាហេតុផ្សេងៗ។-ក្រុមហ៊ុនទទួលបន្ទុកភាស៊ីផ្សារកំពង់ប្រណាក ត្រូវណែនាំដល់អាជីវករទាំងអស់ ឱ្យធ្វើការរុះរើចេញពី ដីចំណីផ្លូវចូលទៅក្នុងផ្សារវិញ។៦/-សេចក្តីជូនដំណឹងនេះ ចូលជាធរមានក្រោយការប្រកាសជាសាធារណៈក្នុងរយៈពេល១០ថ្ងៃជាកំហិត ក្នុងករណីមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលក្រុង នឹងចុះរុះរើ ហើយពុំទទួលខុសត្រូវ រាល់ការខូចខាត ឬ បាត់បង់ទ្រព្យសម្បត្តិរបស់បងប្អូនឡើយ។ សូមជម្រាបថា ការចេញសេចជូនដំណឹងដើម្បីរៀបចំសណ្តាប់ធ្នាប់នៅផ្សារកំពង់ប្រណាកជាលើកទី២នេះដែរ គឺដើម្បីធ្វើយ៉ាងណារៀបចំសណ្តាប់ធ្នាប់ឲ្យមុខមាត់ក្រុងព្រះវិហារស្អាត និងការវាយតម្លៃទីក្រុងស្អាតផង វាយតម្លៃផ្ការំដួល១ទង ទៅ២ទង ដែលជាចក្ខុវិស័យរបស់ខេត្តក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម