ខេត្តព្រះវិហារ៖នៅស្រុកគូលែននៃខេត្តព្រះវិហារ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៥ នាថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០២៥ ដើម្បីបានដឹងអំពីបញ្ហាប្រឈមនិងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ដើម្បីធ្វើការដោះស្រាយជូនដល់ពួកគាត់ ទៅតាមស្ថានភាពជាក់ស្តែង។

វេទិកានេះត្រូវបានរៀបចំឡើងក្រោមគណៈអធិបតី និងការសម្របសម្រួលពីថ្នាក់ដឹកនាំក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត។ គណៈអធិបតីរួមមាន ឯកឧត្តម ដោក វៀង សមាជិកក្រុមប្រឹក្សាខេត្ត លោក ណុប វុទ្ធី អភិបាលរងខេត្ត ព្រះវិហារ ។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅក្នុងស្រុកគូលែន នេះ មានការចូលរួមយ៉ាងផុសផុលពីសំណាក់ថ្នាក់ដឹកនាំ មន្ដ្រីរាជការតាមបណ្ដាមន្ទីរអង្គភាពក្នុងខេត្ត អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន។ នៅក្នុងឱកាសនោះប្រជាពលរដ្ឋបានលើកឡើងនូវបញ្ហានានាជាច្រើនដែលកើតមានក្នុងមូលដ្ឋានរបស់ខ្លួន។ បញ្ហាទាំងនោះរួមមាន៖ បញ្ហាផ្លូវ ស្ពាន.អគ្គិសនី ប័ណ្ណក្រីក្រឫប័ណ្ណសមធម៌ បញ្ហាសាលារៀន បង្គន់អនាម័យ បញ្ហាដីធ្លី បញ្ហាប្រាក់កម្ចី បញ្ហាតម្លៃស្រូវ បទល្មើសគ្រឿងញៀននិងបទល្មើសនេសាទ ជាដើម។

ក្នុងឱកាសនោះគណៈអធិបតីដែលជាថ្នាក់ដឹកនាំក្នុងជួរក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត រួមទាំងមន្ទីរជំនាញពាក់ព័ន្ធ បានបកស្រាយលម្អិត និងផ្ដល់ការបំភ្លឺច្បាស់លាស់ ចំពោះចំណុចនីមួយៗដែលប្រជាពលរដ្ឋបានលើកឡើង ដោយបង្ហាញពីយន្តការដោះស្រាយ និងសមិទ្ធផលដែលសម្រេចបានកន្លងមក។ជាមួយនេះចំពោះបញ្ហាមួយចំនួនដែលចាំបាច់ត្រូវសិក្សាបន្ថែម និងមានលក្ខណៈស្មុគស្មាញ នឹងត្រូវយកទៅឆ្លងសេចក្តីសម្រេច និងពិចារណាដោះស្រាយតាមជំហានក្រោយ និងកំណត់អាទិភាពតាមលទ្ធភាពជាក់ស្តែង។

ជាលទ្ធផល៖ សម្រាប់ ស្រុក គូលែន មានសំណួរ និងសំណូមពរចំនួន២០ ត្រូវបានដោះស្រាយដោយមន្រ្តីជំនាញពាក់ព័ន្ធបានចំនួន១៩ នៅសល់សំណូមពរចំនួន០១ និងយកទៅពិភាក្សានិងដោះស្រាយនៅពេលក្រោយ។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះវិហារ នៅស្រុកគូលែន នាពេលនេះ បានប្រព្រឹត្តទៅប្រកបដោយភាពស្និទ្ធស្នាល និងស្មារតីទទួលខុសត្រូវខ្ពស់ ដោយមានការចូលរួមយ៉ាងផុសផុលពីសំណាក់អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋ ដើម្បីរួមចំណែកកែលម្អ និងជំរុញការអភិវឌ្ឍន៍ខេត្តព្រះវិហារឲ្យកាន់តែរីកចម្រើនថែមទៀត៕ដោយ៖រដ្ឋា







