សៀមរាប៖ជនសង្ស័យមួយក្រុមបានដេញកាំបិតកាប់ លើអ្នករាយសន្ទូចម្នាក់បណ្ដាលឲ្យរងរបួសធ្ងន់ដោយសារខឹងអ្នករាយសន្ទូចឆួលពិលចំពួកគេកំពុងជក់ថ្នាំ រួចនាំគ្នាគេចខ្លួន។តែនៅទីបំផុត កម្លាំងនគរបាលក្រុងសៀមរាប សហការជាមួយនគរបាលប៉ុស្តិ៍សង្កាត់សៀមរាប បានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ០២នាក់។
លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងថា ជនរងគ្រោះឈ្មោះយ ឌ ណ ភេទប្រុស អាយុ២៨ឆ្នាំ ដែលបានដើរមកពីដាក់សន្ទូចរកត្រី ហើយបែភ្លើងពិល ត្រូវលើ ក្រុមជនសង្ស័យមួយក្រុម ដែលកំពុង នាំគ្នាជក់ថ្នាំញៀន បណ្តាលឲ្យក្រុមជនសង្ស័យខឹង ហើយនាំគ្នា ជិះម៉ូតូនិងប្រើកាំបិត តាមរកនិងកាប់ជនរងគ្រោះ បណ្តាលរងរបួសដាច់ម្រាមដៃឆ្វេងចំនួន៣ របួសត្រង់ដើមដៃ នឹងកំភួនដៃខាងស្តាំដេរសរុប១៩ថ្នេរ។លោកបន្តថា ករណីបង្កហិង្សា នេះបានកើតឡើងនៅវេលាម៉ោង០៥ទាបភ្លឺ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០នៅចំណុច ភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។លោក បន្តថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់សៀមរាប សហការជាមួយកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ ដឹកនាំប្រតិបត្តិការផ្ទាល់លោកវរសេនីយ៍ទោនួន ស័ក្តិចំរើនរិទ្ធ អធិការរងទទួលព្រហ្មទណ្ឌ បានចុះធ្វើការស្រាវជ្រាវ និងកំណត់បានមុខសញ្ញាជនសង្ស័យ និងឈានដល់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់នៅថ្ងៃទី០៥ខែតុលាឆ្នាំ២០២០នៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។ជនសង្ស័យចាប់ខ្លួនរួមមាន៖ទី១ហេង គឹមឡាយ ភេទប្រុស អាយុ១៧ឆ្នាំរស់នៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។ ទី២ឈ្មោះសួន សាក់ ភេទប្រុស អាយុ២០ឆ្នាំរស់នៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។លោកបន្តថា ជនសង្ស័យទាំងពីរនាក់បានសារភាពថា ខ្លួនពិតជាបានចូលរួមជាមួយបក្ខពួក មានគ្នាសរុប៤នាក់ ជក់ថ្នាំញៀននៅថ្ងៃកើតហេតុពិតមែន។ ដោយកំពុងជក់ស្រាប់តែជនរងគ្រោះបានដើរមកក្បែរហើយ ឆួលពិលមកលើពួកគេ ដោយសារខឹងទើបក្រុមខ្លួនជិះម៉ូតូ០២គ្រឿង ទៅរកជនរងគ្រោះ។ ពេលឃើញជនរងគ្រោះ ឈ្មោះរាក់ ភេទប្រុស អាយុ២០ឆ្នាំ បានធ្វើសកម្មភាពកាប់លើជនរងគ្រោះ។ ចំណែកឈ្មោះគល់ ភេទប្រុស អាយុ២០ឆ្នាំ(ជាអ្នកដឹកឈ្មោះរាក់) ឈ្មោះសាក់ និងឡាយ ជិះម៉ូតូចាំនៅខាងក្រៅផ្ទះជនរងគ្រោះ ពេលធ្វើសកម្មភាពរួចបក្ខពួកខ្លួនបាននាំគ្នាគេចខ្លួនអស់។ លោកបញ្ជាក់ថា ក្រោយធ្វើការសាកសួរ និងធ្វើតេស្តរកសារធាតុញៀនលើទឹកនោមជនសង្ស័យ ជាលទ្ធផលវិជ្ជមាន។ ជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងនគរបាលក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់អនុវត្តតាមតាមផ្លូវច្បាប់។ចំណែកបក្ខពួកដែលបង្កហិង្សានេះសមត្ថកិច្ចកំពុងតាមស្វែងរកចាប់ខ្លួនផងដែរ៕ដោយ នាយផ្លយ