ខេត្តព្រះវិហារ៖នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥លោក ឃន់ សុខន សប្បុរសជនមកពីខេត្តសៀមរាប ព្រមទាំងសប្បុរសជននៅនូវែល បាននាំយកអំណោយមាន គ្រឿងភោគបរិភោគ និងថវិកាមួយចំនួន មកចែកជូនដោយផ្ទាល់ដល់បងប្អូនប្រជាពលរដ្ឋជនភៀសសឹក ដែលកំពុងស្នាក់នៅ មណ្ឌលសុវត្តិភាពវត្តត្រាវគៀត ស្ថិតនៅ ភូមិត្រាវ ឃុំថ្មី ស្រុកគូលែនខេត្តព្រះវិហារ។

ពិធីនេះក៏មានការទទួលស្វាគមន៍ពីលោក ណុប វុធ្ធី អភិបាលរងខេត្ត តំណាងលោក គីម រឹទ្ធអភិបាលខេត្តព្រះវិហារ ព្រមទាំងទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ជាច្រើនរូបទៀតផងដែរ។

លោកឃន់ សុខន ដែលជាសប្បុរសជនមកខេត្តសៀមរាប បានឲ្យដឹងថា ក្នុងនាមលោកជាពលរដ្ឋខ្មែរម្នាក់ លោកតែងតែអាណិតអាសូរដល់បងប្អូនជនភៀសឹក និងបងៗកងទ័ពជួរមុខ ដែលកំពុងការពារបូរណៈភាពទឹកដីយ៉ាមមាញឹក។ដើម្បីចូលរួមចែករំលែកនូវការលំបាកលោក និងសប្បុរសជនក្នុងខេត្តសៀមរាប ក៏ដូចជាសប្បុរសជននៅប្រទេសនូវេល បានរួមចូលរួមផ្តល់ស្បៀងអាហារ និងគ្រឿងឧបភោកបរិភោគមួយចំនួនដល់ពលរដ្ឋចំនួន៣០០គ្រួសារ និងកងទ័ពជួរមុខមួយចំនួនទៀតផងដែរ។អំណោយ ដែលបានផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលជាជនភៀសសឹក ក្នុងមួយគ្រួសារទទួលបាន អង្ករ ១០គីឡូក្រាម, ត្រីខ ១យួរ, មី ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ ១យួរ, ទឹកបរិសុទ្ធ ១កេស និងថវិកាចំនួន ២០.០០០រៀលផងដែរ។ ក្នុងឱកាសនោះដែរលោកណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ ក៏បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោកឃន់ សុខននិងសប្បុរសជននៃប្រទេសណូវែល ដែលបាននាំយកអំណោយទាំងនេះមកផ្តល់ជូនប្រជាពលរដ្ឋភៀសខ្លួននៅមណ្ឌលខាងលើ។ នេះពិតជាបានបង្ហាញឱ្យឃើញ ពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរស្រលាញ់ខ្មែរ៕ដោយ៖អង្គរផ្លាសញ៉ូ







