ខេត្តសៀមរាប៖នៅវេលាម៉ោង២១និង៣០នាទីថ្ងៃទី១៧ខែធ្នូឆ្នាំ២០២៥ កម្លាំងអាវុធហត្ថស្រុកស្វាយលើ និងកម្លាំងប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះបង្ក្រាបបទល្មើសព្រៃឈើ ចំនួន២ទីតាំងផ្សេងគ្នាក្នុងភូមិសាស្ត្រស្រុកស្វាយលើ ដោយឃាត់បានរថយន្តដឹកឈើ២គ្រឿងនិងគោយន្តកន្ត្រៃដឹកឈើចំនួន១គ្រឿង យកទៅប្រគល់ឲ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ បន្តនិតិវិធី។

លោកវរសេនីយ៍ត្រី ឱ ប៊ុណេ មេបញ្ជាការកងរាជអាវុធហត្ថស្រុកស្វាយលើ បានឲ្យដឹងថា ដោយអនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមេសនីយ៍ សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថសៀមរាប លោកបានដឹកនាំកងកម្លាំងចំនួនន០៣នាក់ បានចុះល្បាតក្នុងមូលដ្ឋាន ហើយបានប្រទះឃើញរថយន្តដឹកឈើ០១គ្រឿង ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ នៅចំណុចភូមិត្រពាំងស្វាយ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។

សម្ភារៈដកហូតរួមមាន៖១- រថយន្ត ០១ គ្រឿង ម៉ាក តូយ៉ូតាកាមរី ពណ៌ស សេរីឆ្នាំ២០០២ ពាក់ផ្លាកលេខ ភ្នំពេញ 2V-5611 – ឈើ(ផ្ចឹក)ចំនួន ៤១ ដុំ ស្នើនឹង ០,៥៨៨ ម៉ែត្រគូប ម្ចាស់ឈើឈ្មោះសៅ នៅសៀមរាប។២- រថយន្ត ០១ គ្រឿង ម៉ាកនីសាន់ ពណ៌ខៀវ (មួយបាំង) ពាក់ផ្លាកលេខ បន្ទាយមានជ័យ 2D-0358 ម្ចាស់ឈើឈ្មោះវី នៅស្រយង់។- ឈើ(ផ្ចឹក)ចំនួន ៤០ ដុំ ស្មើនឹង ០,៥៤៦ ម៉ែត្រគូប។លោកបន្តថា ករណីទី២. នៅវេលាម៉ោង ០០:៣០ នាទីថ្ងៃដដែល កម្លាំងអាវុធហត្ថស្រុកស្វាយលើ សហការជាមួយលោក វរសេនីយ៍ទោ សុខ ភារម្យ នាយផ្នែកប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះបង្ក្រាបករណី ដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ នៅចំណុចភូមិត្រពាំងខ្នារ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។សម្ភារៈដកហូតរួមមាន៖- គោយន្តកន្រ្តៃ០១ គ្រឿង – ឈើ(ប្រាំដម្លឹង)ចំនួន ៤៧ ដុំ ស្នើនឹង ១,៥១៤ ម៉ែត្រគូប ម្ចាស់ឈើឈ្មោះស្ងួន យូ។

បច្ចុប្បន្នកម្លាំងជំនាញបានប្រគល់វត្ថុតាងខាងលើ ជូនសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ ដើម្បីអនុវត្តនិតិវិធីបន្ត៕ដោយ៖អង្គរផ្លាសញ៉ូ




