ខេត្តសៀមរាប៖ក្នុងឱកាសផ្ដល់អំណោយជូនបងប្អូនជនភៀសសឹក ២១០គ្រួសារ ស្នាក់នៅក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប បានអំពាវនាវដល់មាតាបិតាអាណាព្យាបាល ឱ្យបន្តយកចិត្តទុកដាក់លើការសិក្សារបស់កូនៗ ដោយត្រូវបញ្ជូនកូនទៅរៀន នៅតាមសាលារៀនដែលនៅជិតកន្លែងស្នាក់នៅ ដែលរៀបចំដោយអាជ្ញាធរមូលដ្ឋាន។

ឯកឧត្តម សៀង ណំា មានប្រសាសន៍ថា ក្នុងកាលៈទេសៈដ៏លំបាកនេះ មានតែការសាមគ្គី រួមគ្នាជាកម្លាំងរឹងមាំ“ខ្មែរតែមួយ” ទើបយើងមានប្រៀបឈ្នះលើសត្រូវឈ្លានពាន។ហេតុនេះ សូមអំពាវនាវដល់បងប្អូនទាំងអស់ ត្រូវរួមគ្នាជាធ្លុងមួយឱ្យរឹងមាំ និងបន្តជឿជាក់លើ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំកំពូលជាច្រើនរូបទៀត ជាពិសេសជឿជាក់លើវីរកងទ័ពជួរមុខដ៏អង់អាចក្លាហាន ក្នុងការការពារបូរណភាពទឹកដី និងដែនអធិបតេយ្យភាពកម្ពុជាពីការឈ្លានពានរបស់ចោរសៀម។

ឯកឧត្តម ក៏បានថ្លែងអំណរគុណ និងដឹងគុណដល់វីរកងទ័ពជួរមុខកម្ពុជា ក្នុងការប្រយុទ្ធការពារបូរណភាពទឹកដី ដោយភាពអង់អាចក្លាហាន និងឈរជើងយ៉ាងរឹងមាំប្រឆាំងនឹងសត្រូវឈ្លានពាន និងសូមឱ្យបងប្អូនប្រជាពលរដ្ឋ មានជំនឿចិត្តលើចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែនៅជាមួយបងប្អូន គ្រប់កាលៈទេសៈ និងគ្រប់ដំណាក់កាល។ ព្រមទាំងបានថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្ត ជាពិសេសអាជ្ញាធរក្នុងមូលដ្ឋាន ដែលបានជួយរៀបចំទីតាំងសុវត្ថិភាពជូនបងប្អូនភៀសសឹក ដោយការយកចិត្តទុកដាក់ខ្ពស់៕AFN (ប្រភពពីមន្ទីរព័ត៌មានខេត្តសៀមរាប)





