Wednesday, December 24, 2025
Header Banner

យោធាសៀម បាញ់ផ្លោងចូលតំបន់អភិរក្សសត្វព្រៃកម្ពុជាបណ្ដាលឲ្យដំរីញី និងកូនទើបកើតស្លាប់ នៅចំណុចអូរស្កាច ក្នុងដែនជម្រកសត្វព្រៃ«ព្រះរការ-ឆែប»

ខេត្តព្រះវិហារ៖ នៅថ្ងៃទី២៣ ខែធ្នូឆ្នាំ២០២៥ មន្ត្រីឧទ្យានុរក្ស និងសហគមន៍មូលដ្ឋាន បានរាយការណ៍ថាពីការប្រទេះឃើញសត្វដំរីញី និងកូនដំរីស្លាប់ នៅចំណុចអូរស្កាច ក្នុងដែនជម្រកសត្វព្រៃ«ព្រះរការ-ឆែប» ខេត្តព្រះវិហារ។នេះបើតាមការឱ្យដឹងពីអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា។

ឯកឧត្តមខ្វៃ អាទិត្យា បានឲ្យដឹងថា តាមការពិនិត្យបឋម សត្វដំរីញី១ក្បាល មានទំងន់ប្រមាណ៥០០គីឡូក្រាម និងកូនទើបកើត មានទំងន់ប្រមាន៨០គីឡូក្រាម បានស្លាប់ក្នុងទឹកអូរ ដោយដំរីញីមានស្នាមមុត បណ្តាលមកពីគ្រាប់ ឬអំបែងគ្រាប់ផ្ទុះរបស់ថៃ និងបានរលូតកូន ស្លាប់ទាំងម្តាយទាំងកូនដំរីផងដែរ។ មន្រ្តីជំនាញបរិស្ថាន បន្តធ្វើការសិក្សាស្រាវជ្រាវនិងចាត់វិធានការបន្តទៀត ចំពោះសពដំរី។ឯកឧត្តម បន្តថា ប្រជាពលរដ្ឋអ្នកដងជ័រធ្លាប់បានរាយការណ៍ពីការប្រទះឃើញស្នាមដានជើងដំរី មានរបួស ស្នាមឈាមស្រក់ ជាប់នៅលើដី និងស្មៅនៅចំណុចខាងលើ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥។ បន្ទាប់មក ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានចាត់មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃព្រះរការ-ឆែប សហការជាមួយមន្ត្រីផ្នែកស្រាវជ្រាវសត្វព្រៃ របស់អង្គការ WCS បានចុះធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ តែដោយស្ថានភាពព្រៃធំ និងកៀកនិងសមរភូមិប្រយុទ្ធនៃការឈ្លានពានពីកងទ័ពថៃផងនោះ ក្រុមការងារពុំអាចរកឃើញ និងជួយសង្រ្គោះដំរីទាន់ពេលវេលា។ រហូតដល់ថ្ងៃ២២ ខែធ្នូ ឆ្នាំ២០២៥ បានប្រទះឃើញដំរីទាំងពីរ បានស្លាប់បាត់ទៅហើយ។

បើតាមឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានហៅទង្វើយោធាថៃឈ្លានពានទម្លាក់គ្រាប់បែក បាញ់ផ្សែងពុល បំផ្លិចបំផ្លាញធនធានធម្មជាតិ ជីវៈចម្រុះក្នុងដែនអធិបតេយ្យរបស់កម្ពុជាថាជា«ឧក្រិដ្ឋកម្មបរិស្ថាន» ល្មើសធ្ងន់ធ្ងរទៅនឹងច្បាប់អន្តរជាតិ រំលោភសិទ្ធិមនុស្ស ពីព្រោះនៅក្នុងច្បាប់អន្តរជាតិបានចែងហាមឃាត់ មិនឱ្យវាយប្រហារ ប៉ះពាល់បរិស្ថាន ឬក៏តំបន់ការពារធនធានធម្មជាតិឡើយ។

សូមបញ្ជាក់ថា នៅខេត្តព្រះវិហារកន្លងមកបានរកឃើញមានវត្តមានដំរីប្រមាណ ២០ក្បាល កំពុងរស់នៅ និងចល័តពីជួរភ្នំដងរ៉ែក ជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តនៃដែនជម្រកសត្វព្រៃឆែប-ព្រះរការ ខេត្តព្រះវិហារ ចុះទៅរហូតដល់ព្រំដែនកម្ពុជា-ឡាវ។ ខេត្តព្រះវិហារ មានតំបន់ការពារធម្មជាតិ ចំនួន៨ ក្នុងតំបន់ការពារចំនួន៣ ដែលមានភូមិសាស្រ្តជាប់ព្រំដែនកម្ពុជា-ថៃ រួមមានតំបន់ការពារទេសភាពប្រសាទព្រះវិហារ ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព និងដែនជម្រកសត្វព្រៃព្រះរការ-ឆែប កំពុងរងការបំផ្លិចបំផ្លាញធនធានធម្មជាតិ ជីវៈចម្រុះ ដែលក្នុងនោះសត្វព្រៃជាច្រើន ដែលងាយនឹងបាត់បង់ពីធម្មជាតិ ដោយសារការឈ្លានពានពីប្រទេសថៃ។

តាមការស្រាវជ្រាវ ដំរីអាស៊ីនៅក្នុងប្រទេសកម្ពុជា រស់នៅនៅតំបន់មួយចំនួនដូចជាភូមិភាគឥសាន និរតី និងភូមិភាគខាងជើង។ ក្នុងរយៈ១០ឆ្នាំចុងក្រោយនេះមិនមានការកត់ត្រាពីដំរីងាប់នៅក្នុងតំបន់ភូមិភាគខាងជើងនោះទេ។ តាមការសិក្សាថ្មីៗបង្ហាញថា ដំរីនៅប្រទេសកម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់ ច្រើនជាង៦០០ក្បាលកំពុងរស់នៅតាមតំបន់ការពារធម្មជាតិនៅកម្ពុជា។ ដំរីអាស៊ីត្រូវបានចុះក្នុងបញ្ជីក្រហមនៃអង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN Red Listed) ជាប្រភេទជិតផុតពូជ និងត្រូវបានចាត់ថ្នាក់នៅក្នុងឧបស្ព័ន្ធ I នៃអនុសញ្ញាសាយតេស (CITES Appendix I)៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម