ខេត្តព្រះវិហារ៖សប្បុរសជននៅក្រៅប្រទេសនិងនៅរតនគីរី បាននាំយកអំណោយលើកទី៣ សម្រាប់យកទៅប្រគល់ និងចែកទៅដល់វីរកងទ័ពជួរមុខនៃខេត្តព្រះវិហារ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ដែលដឹកនាំដោយលោកស្រីសួន សោភា និងស្វាម៉ី ជាអាជីវករនៅខេត្តរតនគីរី។

លោកស្រីសួន សោភា បានឲ្យដឹងថា អំណោយជាស្បៀងអាហារគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ផ្សេងៗមួយចំនួន រួមទាំងថវិកាចំនួន២លានរៀល បានយកទៅប្រគល់ជូនដល់តំណាងកងពលតូចអន្តរាគមន៍លេខ៧។ អំណោយទាំងអស់នេះគឺជាការចូលរួមបរិច្ចាគរបស់បងប្អូនប្រជាពលរដ្ឋ និងសប្បុរសជន ជាជនបរទេសនៅខេត្តរតនគីរី ជូនដល់វីរកងទ័ពនៅសមរភូមិមុខ ដែលកំពុងការពារបូរណភាពដែនដីខ្មែរ។

លោកស្រីសួន សោភា បានគោរពថ្លែងអំណរគុណទឹកចិត្តសសប្បុរសធម៌របស់សប្បុរសជនជាតិ និងអន្តរជាតិទាំងអស់ ដែលបានចូលរួមបរិច្ចាគជាគ្រឿងឧបភោគ បរិភោគ និងសម្ភារផ្សេងៗ ព្រមទាំងថវិកាមកដល់វរកងទ័ព ហើយសកម្មភាពមនុស្សធម៌របស់សប្បុរសជននៅក្នុងខេត្តរតនគីរី បាន និងកំពុងបន្តសកម្មភាពយ៉ាងផុលផុស ដើម្បីឧបត្ថម្ភជូនដល់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹករបស់យើង។ក្នុងនាម «ខ្មែរសាមគ្គី ខ្មែរឈ្នះ ខ្មែរជួយខ្មែរ ជួយគ្នាក្នុងគ្រាអាសន្ន ដើម្បីការពារខឿនការពារជាតិ» ។ អំណោយទាំងអស់នេះជាទឹកចិត្តចូលរួមសាមគ្គីទាំងស្មារតី និងធនធានជាមួយវីរកងទ័ពនិងរាជរដ្ឋាភិបាល ក្នុងស្មារតីសាមគ្គីភាពពិតជាមានទំហំធំធេងដែលមិនអាចកាត់ថ្លៃបាន៕ដោយ៖តារាស៊ី






