ខេត្តព្រះវិហារ៖កម្លាំងសមត្ថកិច្ចចម្រុះនៃរដ្ឋបាលឃុំព្រីងធំ សហការជាមួយកម្លាំងជំនាញនៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ធ្វើការបង្ក្រាបរថយន្តដឹកឈើមួយគ្រឿង ដែលបានដឹកចេញពីតំបន់ហាមឃាត់ គ្រប់គ្រងដោយបរិស្ថាន រួចបញ្ជូនឱ្យមន្ត្រីជំនាញចាត់ការតាមច្បាប់។

លោកចិន ខន្តី អភិបាលស្រុកជាំក្សាន្ត បានឲ្យដឹងថា ហេតុការណ៍បង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី១១ ខែ មករា ឆ្នាំ ២០២៦វេលាម៉ោង ២១និង៣០នាទី ដែលដឹកនាំដោយ រដ្ឋបាលឃុំព្រីងធំ ប្រជាការពារ និងប៉ុស្តិ៍រដ្ឋបាលព្រីងធំ បានឃាត់រថយន្ត ម៉ាក ម៉ាស្តា ពណ៌ទឹកប្រាក់ ចំនួនមួយគ្រឿង ឆ្នាំផលិត 2017 ស្លាកលេខចង្កូតស្ដាំ 0DC :0051 អ្នកបើកបរឈ្មោះជិន កេន ភេទប្រុស អាយុ ៤៤ ឆ្នាំ មុខរបរយោធា បម្រើការងារនៅកងពលធំលេខ ៣ ក្នុងនោះបានដកហូតវត្ថុតាងរួមមាន ឈើផ្ចឹក ប្រវែង២ម៉ែត្រ២តឹក ចំនួន១៨ ដុំ និងបានបញ្ជូនទៅមន្ត្រីជំនាញបរិស្ថានបន្តនីតិវិធី។បច្ចុប្បន្នវត្ថុតាងខាងលើត្រូវបានមន្ត្រីជំនាញយកទៅរក្សាទុកនៅថ្នាក់ការបរិស្ថាន (តាកឹង)ដើម្បីរៀបចំសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់។

សូមជម្រាបផងដែរថា ការកាប់ទន្ទ្រានឈើនៅតំបន់ជិតព្រំដែនកម្ពុជា.ថៃ គឺត្រូវបានអាជ្ញាធរក៏ដូចជាមន្ត្រីជំនាញធ្វើការហាមឃាត់តាំងពីយូរយារណាស់បង្ហើយ។ប៉ុន្តែក៏មានជន្លៀតឱកាសមួយចំនួនបានលួចចូលទៅ កាប់បំផ្លាញពីឈើទាំងនោះយកទៅជួញដូរដោយខុសច្បាប់។
ទោះជាយ៉ាងនេះក្តី គេនៅមិនទាន់ដឹងថាកម្លាំងជំនាញបរិស្ថានខេត្តព្រះវិហារ មានចំណាត់ការទៅលើរថយន្តទឹកឈើខាងលើនោះដល់កម្រិតណានៅឡើយទេ។ដោយសារទាក់ទងសួរព័ត៌មាននៅមិនទាន់បានប្រភពច្បាស់ការ៕ដោយ៖រក្សា




