ខេត្តព្រះវិហារ៖ដីព្រៃឡង់នៅចំណុចវាលព្រិច ស្ថិតនៅក្នុងភូមិអូតាហុងឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ រាប់រយហិចតាត្រូវបានមេឈ្មួញខ្សែធំម្នាក់នៅខេត្តត្បូងឃ្មុំ ធ្វើការឈូសឆាយរួច ដាំស្វាយចន្ទីលើទីតាំងដីព្រៃឡង់យ៉ាងគគ្លើនគ្មានញញើតច្បាប់សោះឡើយ។


សូមជម្រាបផងដែរថា ខណៈឈ្មួញកំពុងឈូសឆាយ ក៏មានពលរដ្ឋក្នុងសហគមន៍ និងក្រុមអ្នកសារព័ត៌មានទៅដល់ហើយបានធ្វើការរាយការណ៍ព័ត៌មានខាងលើនេះជូនអាជ្ញាធរជំនាញ ដើម្បីមានវិធានការទប់ស្កាត់។តែហាក់បីដូចជាគ្មានវិធានការអ្វីសោះឡើយ។ ប្រជាពលរដ្ឋបានដាក់ការសង្ស័យថាមានការបើកភ្លើងខៀវពីមន្ត្រីជំនាញ។ ប្រជាសហគមន៍ខាងលើបានឲ្យដឹងថា មេឈ្មួញឈូសឆាយដីព្រៃឡង់ រួចដាំស្វាយចន្ទី ខាងលើមានឈ្មោះលោក មាន់ សុខន មានខ្សែធំនៅខេត្តត្បូងឃ្មុំ អាចមានការឃុបឃិតគ្នាជាប្រព័ន្ធ ទើបអាចកើតមានបទល្មើសធនធានធម្មជាតិដោយរលូន។

ជុំវិញការឈូសឆាយដីព្រៃឡង់ ក្នុងភូមិសាស្ត្រស្រុកឆែប នេះដែរ លោកឃិត សុធារ៉ា អភិបាលស្រុកឆែប បានឱ្យដឹងនៅថ្ងៃទី២២ខេមករាឆ្នាំ២០២៦នេះថា ករណីនេះអាជ្ញាធរគ្រាន់តែជាកម្លាំងសហការ ហើយសំណុំរឿងនេះខាងជំនាញមន្ទីរបរិស្ថានខេត្តព្រះវិហារ ជាអ្នកចាត់ការទៅតាមផ្លូវច្បាប់។ ពាក់ព័ន្ធនឹងករណីខាងលើលោកមឿន សុភេទ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារបានឲ្យដឹងថា ទីតាំងដីខាងលើមន្ត្រីរបស់លោកក៏បានចុះទៅដល់ទីតាំងនោះម្ដងរួចមកហើយ និងបានធ្វើសំណុំរឿងបញ្ជូនទៅតុលាការដើម្បីមានវិធានការផ្លូវច្បាប់។តែដោយសារស្ថានការសង្គ្រាមសមត្ថកិច្ចជាប់រវល់ទើបមានការឈូសឆាយបែបនេះ។លោកបន្ថែមថា ករណីនេះលោកកំពុងឲ្យមន្ត្រីរបស់លោកស្រាវជ្រាវរកមុខសញ្ញាដើម្បីមានវិធានការតាមច្បាប់។

សូមជម្រាបផងដែរថា ករណីឈូសឆាយដីព្រៃឡង់ក្នុងភូមិសាស្ត្រខាងលើ បានកើតឡើងជាច្រើនឆ្នាំមកហើយ តែពេលពលរដ្ឋបង្ហោះហ្វេសបុក ដឹងដល់អ្នសារព័ត៌មាន និងអាជ្ញាធរ ក៏ផ្អាកមួយរយៈ ពោលគឺក្រុមនេះឆ្លៀតឳកាសពេលស្រុកទេសមានការរវល់ គឺពួកគេចូលឈូសឆាយ ព័ទ្ធធ្វើកម្មសិទ្ធ រួចដាំស្វាយចន្ទី ហើយប្រកាសលក់ អោយអ្នកក្រៅខេត្តក្នុង១ហិចតា៤០០០ដុល្លារទៅ៦០០០ដុល្លារ។ យ៉ាងនេះក្តីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខាងលើ បានទទួចស្នើដល់ក្រសួងពាក់ព័ន្ធ និងថ្នាក់ដឹកនាំខេត្តព្រះវិហារ មេត្តាមានវិធានការផ្លូវច្បាប់ទៅលើជនបំផ្លាញព្រៃឡង់ ខាងលើនេះផង។តែពលរដ្ឋកាប់គាស់អាស្រ័យផលតិចតួចចាប់ចង តែដល់ក្រុមឈ្មួញឈួសឆាយដីរាប់រយហិចតា នៅមិនទាន់មានវិធានការឲ្យបានថមថយសោះឡើយ៕ដោយ៖អង្គរផ្លែសញូ





