ខេត្តព្រះវិហារ៖លោកហោ ប៊ុនហួរ អភិបាលស្រុករវៀង បានឲ្យដឹងថា កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ និងកម្លាំងអធិការដ្ឋានស្រុករវៀង បានចុះប្រតិបត្តិការឃាត់រថយន្តមួយគ្រឿងដឹកជ្រូករស់ចំនួន ១៦០ក្បាលពីប្រទេសឡាវ នាំចូលមកកម្ពុជាដោយគ្មានច្បាប់។ លើផ្លូវលេខ៩៥ ត្រង់ចំណុចភូមិថ្នល់កែង ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ។

បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សត្វជ្រូករស់ទាំងនេះ ត្រូវបាននាំចេញពីប្រទេសឡាវ មកកាន់ព្រះរាជាណាចក្រកម្ពុជា តាមច្រកកំពង់ស្រឡៅ ខេត្តព្រះវិហារ ឆ្ពោះទៅលក់ចែកចាយបន្តនៅតាមបណ្ដារាជធានីខេត្តនានា។ ក្រោយពីមន្ត្រីជំនាញបានពិនិត្យជាក់ស្តែងឃើញថា ការដឹកជញ្ជូនជ្រូករស់ខាងលើ ពុំមានលិខិតអនុញ្ញាតឱ្យនាំចូលពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលផ្ទុយទៅនឹងច្បាប់ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វ។ ជាមួយគ្នានេះដែរ មន្ត្រីជំនាញបាននាំយកវត្ថុតាងមករក្សាទុកនៅចត្តាឡីស័ករបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់។

ពាក់ព័ន្ធនឹងករណីនេះដែរ សមាគមន៍កសិករចិញ្ចឹមជ្រូកនៅក្នុងស្រុក បានសម្តែងការសាទរយ៉ាងខ្លាំងទៅនឹងចំណាត់ការបង្ក្រាបការនាំចូលជ្រូកពីបរទេស ការណ៍នេះធ្វើឲ្យកសិករចិញ្ចឹមេជ្រូកអាចមានចំណូលទៀងទាត់ល្អ មិនប៉ះពាល់ទីផ្សារក្នុងប្រទេសកម្ពុជា។ជាពិសេសការចិញ្ចឹមជ្រូកក្នុងស្រុកមានសុវត្ថិភាព មិនមានជំងឺផ្សេងៗឆ្លងមកបាន៕ដោយ៖AFN




