Monday, February 23, 2026
Header Banner

ប្តីប្រពន្ធ១គូខ្ចីម៉ូតូអ្នកស្គាល់តគ្នា រួចហើយជិះគេចខ្លួនបាត់ត្រូវកម្លាំងនគរបាលខេត្តសៀមរាប ឃាត់ខ្លួន!

ខេត្តសៀមរាប៖នគរបាលខេត្តសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃទី២២ខែកុម្ភៈនេះថា ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះភ្លាម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចាត់កម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង និងសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ខេត្តកំពង់ចាម បើកការស៊ើបអង្កេត និងស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ មកសាកសួរនាំ។

 ​ជនសង្ស័យទាំង២នាក់មានឈ្មោះ៖០១/ ឈ្មោះ ចាន់ ភារិន ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរ កម្មករ មានទីលំនៅបច្ចុប្បន្ន ភូមិក្រាំង ឃុំសុកចិត្ត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ (មានសារធាតុញៀនក្នុងខ្លួន) ០២/ ឈ្មោះ ឃុត សុភ័គ្គ ភេទស្រី អាយុ ៣១ឆ្នាំ មុខរបរ កម្មករ មានទីលំនៅបច្ចុប្បន្ន ភូមិក្រាំង ឃុំសុកចិត្ត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ (មានសារធាតុញៀនក្នុងខ្លួន)ដោយកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ២០:០០នាទី នៅចំណុចភូមិគោកធ្លក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជនសង្ស័យឈ្មោះ ចាន់ ភារិន បានសុំខ្ចីម៉ូតូម៉ាក ហុងដាទ្រីម ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1KR-7189 របស់ឈ្មោះ ភា សុខភាព ភេទស្រី អាយុ ១៩ឆ្នាំ (ជាជនរងគ្រោះ) និងម្ដាយឈ្មោះ សាយ សាលឿត អាយុ ៤២ឆ្នាំ ដោយនិយាយកុហកថា ខ្ចីម៉ូតូទៅយកប្រពន្ធមួយភ្លែត។ បន្ទាប់ពីខ្ចីបានហើយ ជនសង្ស័យបានទៅយកប្រពន្ធឈ្មោះ ឃុត សុភ័គ្គ (ជាជនសង្ស័យ) នៅផ្ទះឈ្មោះ ថា ភេទស្រី រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ ក្រោយមក ជនសង្ស័យ និងប្រពន្ធ បានបើកម៉ូតូឌុបគ្នាគេចខ្លួនបាត់។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា បន្ទាប់ពីខ្ចីម៉ូតូបានហើយ ខ្លួនបានជិះទៅឌុបប្រពន្ធ រួចនាំគ្នាជិះឆ្ពោះទៅទិសខាងកើត ដើម្បីរកកន្លែងលក់ម៉ូតូ។ ពេលទៅដល់ផ្សារកំពង់ក្ដី ស្រុកជីក្រែង ជនសង្ស័យទាំងពីរនាក់បានកាក់រថយន្តក្រុង ដាក់ម៉ូតូឡើង និងធ្វើដំណើរទៅរាជធានីភ្នំពេញ។ ពេលទៅដល់ភ្នំពេញ បានជួលផ្ទះសំណាក់ស្នាក់នៅមួយយប់ បន្ទាប់មកក៏ធ្វើដំណើរត្រឡប់មកខេត្តកំពង់ចាម។ លុះដល់ចំណុចព្រៃទទឹង ក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ បានជិះចូលផ្ទះឈ្មោះ ដំ ភេទប្រុស (ជាមិត្តភក្តិ) ដើម្បីដោះផ្លាកលេខម៉ូតូ ដោយប្ដីជាអ្នកដោះ។ បន្ទាប់មកបានបន្តដំណើរប្រហែល ៤គីឡូម៉ែត្រ ហួសសាលាស្រុកព្រៃឈរ ក៏ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានតែម្ដង។-វត្ថុតាងដកហូត៖ ម៉ូតូចំនួន ១គ្រឿង ម៉ាក ហុងដាទ្រីម ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1KR-7189 ប្រគល់ជូនជនរងគ្រោះវិញ។

   បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ខាងលើ ត្រូវបានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម