ខេត្តសៀមរាប៖យោងតាមផេកផ្លូវការរបស់មន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថា ប្រជាពលរដ្ឋនៅខេត្តសៀមរាប និងភ្ញៀវទេសចរជាតិ អន្តរជាតិ យ៉ាងច្រើនកុះករ បានចូលរួមដង្ហែ និងទស្សនាព្រឹត្តិការណ៍ដង្ហែក្បួនតុក្កតាយក្សឆ្មាំ២០២៦ នារាត្រីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅតាមដងផ្លូវចេញពីវត្តដំណាក់ឆ្ពោះទៅសួនច្បារ ជិតព្រះរាជដំណាក់ក្រុងសៀមរាប។

ព្រឹត្តិការណ៍នេះធ្វើឡើងក្រោមប្រធានបទ “ក្បួនដង្ហែព្រៃ” ដើម្បីអបអរសាទរសត្វព្រៃដ៏អស្ចារ្យរបស់ប្រទេសកម្ពុជា ចាប់ពីប្រភេទសត្វល្បីៗ រហូតដល់សត្វកម្រ និងជិតផុតពូជ។ សម្រាប់ឆ្នាំ២០២៦នេះមានប្រភេទសត្វដែលត្រូវបានជ្រើសរើសធ្វើជាតុក្កតានៅក្នុងព្រឹត្តិការណ៍ឆ្នាំនេះមាន ១- រមាំង ២- ព្រាប ស ៣- ភេរោមច្រមុះ ៤-ដំរីអាស៊ី ៥- ទោចថ្ពាល់លឿង៦- អំពិលអំពែក ៧- តុកកែខ្លួនបង្កង់ភ្នំក្រវាញ និង៨- កេងកងធំ) ។

ក្បួនដង្ហែដ៏រស់រវើកដែលរូបតុក្កតាយក្សដែលច្នៃឡើងយ៉ាងសម្រិតសម្រាំង នឹងត្រូវដាក់តាំងបង្ហាញនៅទីនោះរយៈពេល ៣ថ្ងៃ ដើម្បីផ្តល់ឱកាសឱ្យសាធារណជនបានទស្សនា និងថតរូបទុកជាអនុស្សាវរីយ៍។ លោក អ៊ុន សាវ៉ាន់ អ្នកគ្រប់គ្រងទូទៅនៃគម្រោងតុក្កតាយក្ស បានបញ្ជាក់ថា គម្រោងនេះមិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែជាការបណ្តុះស្មារតីកុមារឱ្យចេះធ្វើការងារជាក្រុម ស្រឡាញ់វប្បធម៌ បរិស្ថាន និងយល់ដឹងពីតម្លៃសិល្បៈ។ លោកថា នេះជាព្រឹត្តិការណ៍ដ៏ធំមួយក្នុងតំបន់អាស៊ីអាគ្នេយ៍។ យើងរៀបចំឡើងយ៉ាងហ្មត់ចត់ ដោយប្រើគ្រឿងផ្សំពីធម្មជាតិ និងសម្ភារៈសាមញ្ញៗដូចជា ឬស្សី រំពាក់ ក្រដាស និងកាវ រួមជាមួយការរចនាពន្លឺយ៉ាងប្រណីត ដើម្បីឱ្យរូបសត្វនីមួយៗលេចត្រដែតនាពេលរាត្រី។ ព្រឹត្តិការណ៍ដង្ហែតុក្កតាយក្ស បានរួមចំណែកមួយ ដ៏សំខាន់ក្នុងការស្រូបទាញភ្ញៀវទេសចរឱ្យមកសម្រាកកម្សាន្តនៅខេត្តសៀមរាបកាន់តែច្រើន ព្រោះវាបង្ហាញពីភាពរឹងមាំនៃវិស័យសិល្បៈសហគមន៍ និងការរួមចំណែកយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយពីសត្វព្រៃកម្ពុជាទៅកាន់ពិភពលោក៕ដោយ៖angkor flash news




