ខេត្តសៀមរាប៖យោងតាមការឲ្យដឹងពី នគរបាលខេត្តសៀមរាបបានឲ្យដឹងថា ដោយអនុវត្តតាមផែនការបង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌ សហការណ៍ ជាមួយកម្លាំងការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជាខេត្តសៀមរាប បានធ្វើការស្ទាក់ចាប់ មុខសញ្ញាក្មេងទំនើងសកម្ម មួយក្រុមចំនួន៣ នាក់ ជិះម៉ូតូចំនួន ០២គ្រឿង នៅចំណុច ស្ថានីយប្រេងឥន្ធនៈយីហោ Sokimex ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប កាលពីវេលាម៉ោង ៥:០០នាទីព្រឹកទាបភ្លឺថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ធ្វើការឆែកឆេរ រកឃើញដាវកែច្នៃ (ផ្លែដែកដងដែករុំស្កុតពណ៌ខ្មៅ) ចំនួន ១ដើម, ម្សៅក្រាមពណ៌ស (ប្រភេទគ្រឿងញៀន) ចំនួន ១កញ្ចប់តូច, ជំពាមកៅស៊ូចំនួន ១ និងគ្រាប់កង់ចំនួន២៨ គ្រាប់ យកមកសាកសួរនាំ តាមនិតិវិធីជំនាញ។

ជនសង្ស័យទី១-ឈ្មោះ បន ចាន់ អាយុ ១៦ឆ្នាំ មុខរបរ គ្មាន (ប្រវត្តិទោស ធ្លាប់ជាប់មណ្ឌលគ្រឿងញៀន ៦ខែ)។
-ជនសង្ស័យទី២-ឈ្មោះ ម៉េង សុធារិទ្ធិ អាយុ ១៥ឆ្នាំ មុខរបរ គ្មាន (ប្រវត្តិទោស ធ្លាប់ជាប់មណ្ឌលគ្រឿងញៀន ៥ខែ)។
ជនសង្ស័យទី៣-ឈ្មោះ ហាវ សុហេង អាយុ ១៦ឆ្នាំ មុខរបរ គ្មាន (ប្រវត្តិទោស ធ្លាប់ជាប់ពន្ធនាគារ ករណីគ្រឿងញៀន០១ លើក ) ជនសង្ស័យទាំង៣ នាក់ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ន នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប បានឆ្លើយសារភាពដូចគ្នាថា៖ ដាវកែច្នៃខាងលើ ជាកម្មសិទ្ធិ របស់ឈ្មោះ ម៉េង សុធារិទ្ធិ កន្លងទៅ រូបគេយកលាក់ទុក នៅចំណុចសួនផ្កា មុខមន្ទីរពេទ្យគុន្ធបុប្ផា មុនធ្វើសកម្មភាពកាប់ ជនរងគ្រោះ យកម៉ូតូ កាលពីវេលាម៉ោង០១ និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចមុខសាលារៀនព្រះឥន្ទកោសារ ស្ថិតនៅភូមិទ្រាំ សង្កាត់ស្លក្រាម ក្រុងសៀមរាប បន្ទាប់ពីធ្វើសកម្មភាពហើយ ពួកខ្លួន បានលាក់ទុកដាវ នៅទីតាំងខាងលើវិញ។ ចំណែកឈ្មោះ ហាវ សុហេង បានឆ្លើយសារភាពបន្ថែមទៀតថា : កាលវេលាម៉ោង ២ និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចផ្លូវបេតុងមុខផ្សារហ៊ុយឡេង ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រូបខ្លួន និងបក្ខពួកចំនួន៤ នាក់ទៀត បានធ្វើសកម្មភាពយកដាវខាងលើ ទៅកាប់គូរទំនាក់ចាស់ ជាជនរងគ្រោះ បណ្ដាលឲ្យរងរបួស។

វត្ថុតាងដកហូត៖ ដាវកែច្នៃ (ផ្លែដែកដងដែករុំស្កុតពណ៌ខ្មៅ) ចំនួន ១ដើម, ម្សៅក្រាមពណ៌ស (ប្រភេទគ្រឿងញៀន) ចំនួន ១កញ្ចប់តូច, ជំពាមកៅស៊ូ ចំនួន ១ និងគ្រាប់កង់ចំនួន ២៨គ្រាប់ ទូរស័ព្ទដៃចំនួន ៣គ្រឿង និងម៉ូតូ Honda Dream ពណ៌ខ្មៅ ពុំមានផ្លាកលេខ ចំនួន ២គ្រឿង (ម៉ូតូរបស់ជនរងគ្រោះពាក់ព័ន្ធនឹងករណីអំពើលួចមានស្ថានទម្ងន់ទោស(កាប់យកម៉ូតូ) នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ចំនួន ១គ្រឿង)។ជាមួយគ្នានេះ យើងបានធ្វើតេស្តរកសារធាតុញៀន លើមុខសញ្ញាទាំង០៣ នាក់ខាងលើ ជាលទ្ធផល វិជ្ជមានទាំង០៣ នាក់។

យោងតាមពាក្យបណ្តឹង របស់ជនរងគ្រោះនិងចម្លើយសារភាព ជនសង្ស័យទាំង៣ នាក់ និងវត្ថុតាង ត្រូវបាន កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កសាងសំណុំរឿង បញ្ជូនទៅតុលាការ និងត្រូវបានតុលាការសម្រេចឃុំខ្លួនហើយ។
ក្នុងនាមស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមអំពាវនាវ ដល់យុវជនទាំងអស់ សូមចៀសឱ្យឆ្ងាយពីអំពើហឹង្សា និងគ្រឿងញៀន ព្រោះ គ្រឿងញៀន នឹងបំផ្លាញខ្លួនអ្នក ធ្វើឱ្យបាត់បង់ថវិកា បំផ្លាញក្រុមគ្រួសារ និងសង្គមជាតិ យើងផងដែរ៕AFN




