Monday, March 2, 2026
Header Banner

ឯកឧត្តម ទៀ សីហា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលក្រុមការងារចុះមូលដ្ឋានខេត្តសៀមរាប ឆ្នាំ២០២៥ និងលើកទិសដៅបន្ត

ខេត្តសៀមរាប៖នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប បានអញ្ជើញដឹកនាំបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប ដើម្បីធ្វើការពិនិត្យ វាយតម្លៃលទ្ធផលការងារដែលបានអនុវត្តកន្លងមកក្នុងឆ្នាំ២០២៥ និងកំណត់ទិសដៅ ផែនការសកម្មភាពសម្រាប់ការអនុវត្តបន្តក្នុងឆ្នាំ២០២៦ ដើម្បីបន្តជំរុញការអភិវឌ្ឍនិងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។

ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានលើកឡើងថា ផ្អែកតាមកម្មវិធីនយោបាយនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងបានបន្តរៀបចំយន្តការក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ឆ្ពោះទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ រួមទាំងជំរុញការអនុវត្តកម្មវិធីកំណែទម្រង់ និងវិធានការនានារបស់រាជរដ្ឋាភិបាលឱ្យមានសកម្មផុលផុសតាមមូលដ្ឋាន។ឯកឧត្តម

ឯកឧត្តម ប្រាក់ សោភ័ណ បានបង្ហាញថា ក្នុងឆ្នាំ២០២៥កន្លងទៅ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប មកពីមន្ត្រីថ្នាក់ជាតិ ថ្នាក់ខេត្ត ក្រុងស្រុក និងមន្ត្រីថ្នាក់ឃុំសង្កាត់ មានចំនួនសរុប ១ ៦២៨នាក់។ ក្រុមការងារទាំងអស់ បានចូលរួមយ៉ាងសកម្មទាំងកម្លាំងកាយកម្លាំងចិត្ត ថវិកា និងសម្ភារក្នុងការជួយកសាងហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋាន ដោះស្រាយបញ្ហាលំបាក សំណូមពរ និងការដោះស្រាយបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋបានទាន់ពេលវេលាប្រកបដោយការទទួលខុសត្រូវខ្ពស់ គុណភាព តម្លាភាព ប្រសិទ្ធភាព ជាពិសេសការឧបត្ថម្ភផ្សេងៗ ក្នុងអំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក៏ដូចជាការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលយ៉ាងសកម្ម ព្រមទាំងបានរំលេចនូវសមិទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងឆ្នាំ២០២៥ លើការដោះស្រាយបញ្ហាប្រឈមនិងសំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋបានជាច្រើនករណី ដែលភាគច្រើនពាក់ព័ន្ធនឹងសេវាសាធារណៈ ទំនាស់ដីធ្លី និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងមូលដ្ឋាន។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា មានប្រសាសន៍បញ្ជាក់ថា ការកសាងសមិទ្ធផល និងការងារមនុស្សធម៌ ក្រុមការងារបានប្រើប្រាស់ធនធានដែលកៀរគរបាន ដើម្បីជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តដែលជាផ្នែកមួយនៃការវិនិយោគលើមូលធនមនុស្ស និងសុខុមាលភាពសង្គម។ ចំពោះការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព ទទួលបានលទ្ធផលល្អប្រសើរ តាមរយៈការកាត់បន្ថយបទល្មើសគ្រឿងញៀន និងការរៀបចំសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរជូនបងប្អូនប្រជាពលរដ្ឋ។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងគោលការណ៍ ៨ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ក្រុមការងារចុះមូលដ្ឋានយកទៅអនុវត្ត និងបានណែនាំដល់ក្រុមការងារពាក់ព័ន្ធឱ្យបន្តពង្រឹងការចុះមូលដ្ឋាន តាមរយៈការរៀបចំវេទិកាសាធារណៈឱ្យបានកាន់តែញឹកញាប់ និងដិតដល់បំផុត ដើម្បីស្វែងយល់ពីសុខទុក្ខ និងបញ្ហាប្រឈមជាក់ស្តែងរបស់ប្រជាពលរដ្ឋសំដៅស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងភាពសមស្របជូនពួកគាត់។ ឯកឧត្តម ក៏បានជំរុញដល់គ្រប់មន្ទីរអង្គភាព រដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ លើការបង្ក្រាបឱ្យខាងតែបានបទល្មើសគ្រឿងញៀន, ហ្គេមអនឡាញ កុំឱ្យមាននៅក្នុងក្រុងទេសចរណ៍មួយនេះ និងបង្កើតឱ្យមានតំបន់កសិទេសចរណ៍ នៅតាមបណ្តាក្រុងស្រុក ដើមី្បបង្កើនចំណូលជូនដល់ប្រជាពករដ្ឋក្នុងមូលដ្ឋាន ព្រមទាំងធ្វើការជ្រើសរើសទីតាំងបង្កើតផ្សារបោះដុំ ដែលជាទីប្រមូលផ្តុំកសិផលរបស់បងប្អូនកសិករដែលផលិតបាននៅតាមមូលដ្ឋានខ្លួន។ ជាមួយគ្នានោះ ឯកឧត្តមក៏បានជំរុញដល់រដ្ឋបាលខេត្ត ក្រុងស្រុង រៀបចំធ្វើសង្ក្រាន្តឆ្នាំថ្មី ប្រពៃណីខ្មែរទៅតាមលទ្ធភាពដែលអាចធ្វើបាន ជាពិសេសការរៀបចំបុណ្យភូមិ ជូនដល់បងប្អូនជនភៀសសឹកដែលកំពុងស្នាក់នៅក្នុងមូលដ្ឋានខេត្ត៕

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម