Saturday, March 28, 2026
Header Banner

ប្រជាពលរដ្ឋ២០គ្រួសារស្នើដល់ថ្នាក់ដឹកនាំ ជួយរកដំណោះស្រាយដោយយុត្តិធម៌ ខណៈអាជ្ញាធរក្រុងចេញលិខិតជូនដំណឹងពីការចុះវាស់វែងលើក្បាលដីរបស់ពួកគាត់

ខេត្តសៀមរាប៖ប្រជាពលរដ្ឋចំនួន២០គ្រួសារនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ដែលជាម្ចាស់ក្បាលដីចំនួន២០ បានបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំង ដោយបានស្នើដល់ថ្នាក់ដឹកនាំ ជួយរកដំណោះស្រាយ ដោយភាពយុត្តិធម៌ផង ខណៈលិខិតជូនដំណឹង របស់លោកនួន ពុទ្ធារ៉ា អភិបាល ក្រុងសៀមរាប ដែល ឱ្យពលរដ្ឋមកជួបគ្នានៅកន្លែងដី ម្ដងហើយម្ដងទៀត តែមិនឃើញមកជួបពលរដ្ឋ ធ្វើឱ្យពួកគាត់ទន្ទឹងរង់ចាំជាច្រើនលើក។

ក្រុមពលរដ្ឋខាងលើ បានលើកឡើងកាលពីរសៀលថ្ងៃទី២៣ខែមីនាឆ្នាំ២០២៦ ដោយបានកាន់ឯកសារមកឈរចាំក្រុមមន្ត្រីអាជ្ញាធរតាមក្បាលដីរៀងខ្លួន ត្រង់ចំណុចខាងត្បូងផ្លូវ៦០ម៉ត្រ អតីតភូមិព្រៃគុយ ឃុំអំពិល ស្រុក ប្រាសាទបាគង ប៉ុន្តែអាជ្ញាធរមិនបានចុះទៅវាស់វែងដូចតាមការកំណត់នោះទេ ថែមទាំងមិនផ្តល់ដំណឹងមកវិញថា ត្រូវចុះវាស់វែងពេលណាអោយពិតប្រាកដនោះដែរ។ តែពលរដ្ឋម្ចាស់ក្បាលដីទាំងនៅក្នុងខេត្ត ទាំងនៅក្រៅខេត្ត ត្រូវចំណាយពេលរងចាំខាតទាំងការងារខាតទាំងមុខរបរប្រចាំថ្ងៃទៀត ចំណុចទាំងនេះហើយដែរពួកគាត់ព្រួយបារម្ភ ខ្លាចក្រែងពេលពួកគាត់ចាកចេញ មានការវាស់វែងដោយគ្មានម្ចាស់ចូលរួម។ លោកឡាយ សុកថុល ពលរដ្ឋម្ចាស់ក្បាលដីលេខ ១៨៩ បានអោយដឹងថា ដីនេះរូបគាត់មានលិខិតកាន់កាប់តាំងពីឆ្នាំ២០០៧មកម្លេះ។

ដីខាងលើនេះស្ថិតក្នុងបុរីសណ្ឋាគារដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។ លុះឆ្នាំ២០១៦ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រិត្យលេខ១៥៨ កាត់ឆ្វៀលចេញពីបុរីសណ្ឋាគារ ហើយធ្វើប្រទានកម្មជូនប្រជាពលរដ្ឋតាមជាក់ស្តែង។ នៅក្នុងឆ្នាំ២០១៦ដដែលក្រោយពីគណ:កម្មការចំរុះចុះអនុវត្តអនុក្រិត្យមានជិត៣០០ក្បាលដី តែក្នុងពេលបិតផ្សាយក៏ស្រាប់តែអាជ្ញាធរជាតិអប្សរា ប្តឹងជំទាស់លើក្បាលដីទាំងនោះ ដោយអះអាងថាបានដោះស្រាយគោលនយោបាយរួចហើយ ចាប់ពីពេលនោះពលរដ្ឋក៏បានប្តឹងតវ៉ាជាហូរហែរ។ លុះកំឡុងឆ្នាំ២០១៧,២០១៨ ក៏មានមនុស្សមួយក្រុមដើរចរចារជាមួយពលរដ្ឋបើអ្នកណាព្រមប្រគល់ដី៥០%(ពុះពាក់កណ្តាល) អោយទៅពួកគេនោះនឹងទទួលបានដីកម្មសិទ្ធិ(ប្លង់រឹង) ហើយមួយរយ: ក្រោយមកក៏ឃើញក្បាលដីមួយចំនួនធំបានប្លង់រឹងជាហូរហែរ និងនៅសល់តែប្រហែល៤០ក្បាលដីប៉ុណ្ណោះដែលមិនទាន់បានប្លង់ ក្រោមហេតុផលបានដោះស្រាយគោលនយោបាយរួចហើយនិងមានឯកសារ(IRC) ត្រឹមត្រូវ។

កំឡុងឆ្នាំ២០២០,២០២១ ក្រោយពេលប្តូរទីតាំងដីពីភូមិព្រៃគុយ ឃុំអំពិល ទៅជាភូមិអញ្ចាញ សង្កាត់នគរធំ ពលរដ្ឋដែលមិនទាន់បានប្លង់បានដាក់លិខិតតវ៉ាជាហូរហែរពីក្រោមដល់លើ រហូតខុទ្ទកាល័យសម្តេចតេជោ បានចេញចំណារមកអោយខេត្តដោះស្រាយវិញ នៅតែគ្មានដំណោះស្រាយ។ នៅឆ្នាំ ២០២៣ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានចេញលិខិតអោយធ្វើប្លង់ដីខាងលើប្រគល់ជូនទៅអាជ្ញាធរជាតិអប្សរា ហើយនៅថ្ងៃទី២៣ខែមីនាឆ្នាំ២០២៦អាជ្ញាធរក្រុងសៀមរាប បានចេញលិខិតចុះវាស់វែងទើបពួកគាត់ប្រមូលគ្នាមករងចាំបែបនេះ។ លោកឡាយ សុកថុល បញ្ជាក់ថា ពួកគាត់ទាំង២០ក្បាលដីខាងលើ មិនដែលបានទទួលការដោះស្រាយគោលនយោបាយពីអាជ្ញាធរថ្នាក់ណាម្តងណាឡើយ អីចឹងទេសូមអាជ្ញាធរគ្រប់ជាន់ថ្នាក់មេត្តាចុះមកពិនិត្យដោយផ្ទាល់និងយកឯកសារដោះស្រាយគោលនយោបាយមកបង្ហាញផង បើមានមែននឹងប្រគល់ដីជូន។តែបើមិនមានឯកសារបញ្ជាក់ពីការដោះស្រាយទេ សូមមេត្តាផ្តល់ប្លង់កម្មសិទ្ធិដល់ពួកគាត់ដោយអនុគ្រោះផងចុះ។

ចំណែកស្រ្តីឈ្មោះណៅ អាំងហួយ ជាគ្រូបង្រៀនម្នាក់ក៏បានលើកឡើងស្រដៀងគ្នា ដែរដោយបញ្ជាក់ថាក្បាលដីរបស់គាត់ដែលបានសង់ផ្ទះរួចហើយមានត្រឹម៦×២០ម៉ែត្រប៉ុណ្ណោះមិនមានប្លង់ទេ តែអ្នកនៅសង ខាងបានប្លង់អស់ហើយ។ ស្ត្រីខាងលើបន្តថា កាលពីកន្លងទៅមានគេមកចរចារសុំ៧០០ដុល្លារនឹងចេញប្លង់អោយ តែគាត់មិនមានលុយអោយគេក៏ត្រូវមានឈ្មោះក្នុងលិខិតជូនដំណឹងពីការវាស់វែងថ្ងៃទី២៣ខែមីនាឆ្នាំ២០២៦នេះដែរ។ ក្រៅពីស្ត្រីជាគ្រូបង្រៀន ក្រុមពលរដ្ឋម្ចាស់ក្បាលដីទាំង២០ខាងលើ ក៏បានទទូចស្នើសុំអាជ្ញាធរពីថ្នាក់ក្រោមដល់លើមេត្តាផ្តល់ប្លង់កម្មសិទ្ធិដល់ពួកគាត់ផង ត្បិតរាជរដ្ឋាភិបាលបានធ្វើប្រទានកម្មអោយពួកគាត់យូឆ្នាំមកហើយ។ ម្យ៉ាងវិញទៀតនៅសុខៗអាជ្ញាធរចេញលិខិតមកបិតលើក្បាលដីស្តីពីវាស់វែងជាហូរហែរ អោយពលរដ្ឋមករងចាំ តែគ្មានមន្ត្រីណាម្នាក់ចុះមកសោះ នេះជាសញ្ញាបន្លាចពលរដ្ឋអោយភ័យខ្លាចរត់ ចោលដីមែនទេ? បើអីចឹងពួកខ្ញុំពលរដ្ឋទាំង២០គ្រួសារសល់តែជម្រើចុងក្រោយ គឺដាក់បណ្តឹងទៅសម្តេចហ៊ុន ម៉ាណែត ដើម្បីសុំអន្តរាគមន៍ប៉ុណ្ណោះ។ ទោះបីក្រុមពលរដ្ឋ២០គ្រួសារដែលអះអាងថា ម្ចាស់ក្បាលដីទាំង២០ខាងលើ បាននាំគ្នាឈរកាន់ឯកសារតាមក្បាលដី ផ្តល់ព័ត៌មានខ្លះដល់អ្នកកាសែតជុំវិញដីទំនាស់ដ៏រ៉ាំរ៉ៃនេះ គេនៅមិនទាន់ឃើញអាជ្ញាធរចេញមកឆ្លើយតបយ៉ាងណានោះទេ។

ទោះបីជាយ៉ាងនេះក៏ដោយ អង្គភាពសារព័ត៌មានយើងខ្ញុំ បានព្យាយាមទាក់ទងតាមទូរសព្ទជាច្រើនដង ទៅលោកនួន ពុទ្ធធារ៉ា អភិបាលក្រុងសៀមរាប ដើម្បីសុំការបំភ្លឺ ពាក់ព័ន្ធនឹងករណីខាងលើនេះ ដែរតែលោកមិនលើកទូរសព្ទ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម