ខេត្តសៀមរាប៖បើយោងតាមរបាយការណ៍របស់អាជ្ញាធរខេត្តសៀមរាបបានឲ្យដឹងថា ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំព្រឹត្តិការណ៍ “សៀមរាបសង្ក្រាន្ត” រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ទី១៦ ខែមេសា ឆ្នាំ២០២៦ខាងមុខនេះ ជាមួយកម្មវិធីកម្សាន្តជាច្រើន ដើម្បីផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងវិស័យផ្សេងៗទៀតទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់វិស័យទេសចរណ៍ផងដែរ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីរាជការក្នុងខេត្ត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី នៅព្រឹកថ្ងៃទី២ ខែមេសានេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានលើកឡើងថា ក្នុងឱកាស“សៀមរាបសង្ក្រាន្ត” រយៈពេល៤ថ្ងៃនោះ រដ្ឋបាលខេត្តដោយមានការសហការជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ នឹងរៀបចំកម្មវិធីទទួលទេវតាឆ្នាំថ្មី ការសម្តែងសិល្បៈចម្រុះ ល្បែងប្រជាប្រិយ ជិះទូកកំសាន្ត រាំស្គរដៃ ស្តង់ពិព័រណ៌ និងសកម្មភាពផ្សេងៗតាមតំបន់នៅតាមបណ្ដោយស្ទឹង ចាប់ពីស្ពានថ្មព្រះរាជដំណាក់ ដល់ស្ពានថ្មផ្សារចាស់ក្រុងសៀមរាប។ ការរៀបចំនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់វប្បធម៌ប្រពៃណីខ្មែរ និងស្តារសេដ្ឋកិច្ចទេសចរណ៍ខេត្តសៀមរាបឱ្យមានភាពរស់រវើកឡើងវិញផងដែរ។ឯកឧត្តម ប្រាក់ សោភ័ណ ក៏បានជំរុញដល់គ្រប់មន្ទីរអង្គភាពពាក់ក្នុងខេត្តទាំងអស់ ធ្វើយ៉ាងណាសហការគ្នាឱ្យបានល្អ លើការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីឱ្យព្រឹត្តិការណ៍អង្គរសង្ក្រាន្តនាពេលខាងមុខនេះដំណើរការទៅដោយរលូន ជាមួយនឹងការទទួលបានភាពរីករាយពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបរទេស ហើយវាក៏ជាកិត្តិយសសម្រាប់ប្រទេសជាតិយើង ជាពិសេសខេត្តសៀមរាបតែម្ដង៕AFN




