ខេត្តព្រះវិហារ៖នាព្រឹកថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម កិត្តិនីតិកោសល្យបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី បានដឹកនាំប្រតិភូ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយស្បៀងអាហារ ជូនដល់កងកម្លាំងទ័ព ដែលកំពុងឈរជើងនៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានអញ្ជើញធ្វើសេចក្តីរាយការណ៍ ស្វាគមន៍ប្រតិភូ ដោយលើកឡើងអំពីស្ថានភាពទូទៅ សភាពការណ៍ និងលទ្ធផលនៃការអនុវត្តភារកិច្ចសំខាន់ៗរបស់អង្គភាពកន្លងមក។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យិនទៀង បានអញ្ជើញមានប្រសាសន៍សំណេះសំណាល សួរសុខទុក្ខកងកម្លាំងទាំងអស់ ដោយបានលើកឡើងពីការយកចិត្តទុកដាក់យ៉ាងខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងបំពេញភារកិច្ចការពារជាតិ និងរក្សាសន្តិសុខសង្គម។
ជាពិសេស ក្នុងឱកាសជិតមកដល់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរ និងសូមជូនពរជ័យ សួស្តី ជូនដល់កងកម្លាំងវីរៈកងទ័ពទាំងអស់ សូមឱ្យមានសុខភាពល្អ កម្លាំងកាយមាំមួន និងស្មារតីរឹងមាំ បន្តខិតខំបំពេញភារកិច្ចការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម ក៏បានលើកទឹកចិត្តឱ្យកងកម្លាំងទាំងអស់ បន្តគោរពវិន័យ រក្សាសាមគ្គីភាពផ្ទៃក្នុង និងមានភាពត្រៀមខ្លួនជានិច្ច ដើម្បីឆ្លើយតបទៅនឹងភារកិច្ចគ្រប់ស្ថានភាព និងរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ជាតិ។
ក្នុងឱកាសនោះផងដែរ ប្រតិភូបានប្រគល់ថវិកា អំណោយស្បៀងអាហារ និងសម្ភារៈចាំបាច់មួយចំនួន ជូនដល់កងកម្លាំងទ័ព ដើម្បីជាការលើកទឹកចិត្ត និងជួយសម្រួលជីវភាពរស់នៅប្រចាំថ្ងៃផងដែរ៕ដោយ៖AFN



