Monday, April 13, 2026
Header Banner

មន្ត្រីជំនាញបន្តទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិព្រៃព្រះរកា ក្នុងខេត្តព្រះវិហារ ខណៈសហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរុ រាយការណ៍

ខេត្តព្រះវិហារ៖មន្រ្តីជំនាញក្រសួងបរិស្ថាន សហការជាមួយមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងប្រជាពលរដ្ឋសហគមន៍តំបន់ការពារធម្មជាតិ បានបន្តចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅដែនជម្រកសត្វព្រៃ ព្រះរការ-ឆែប ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ គឺបន្ទាប់ពីសហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរុ រាយការណ៍។

    នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្ស បានបន្តសហការជាមួយសហគមន៍ជនជាតិដើមភាគតិចកួយ ចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅចំណុច ជាងជ្រូក ស្ថិតក្នុងភូមិពោធិ៍ទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ រកឃើញគល់ឈើ ដែលជនសង្ស័យលួចកាត់ និងបានប្រមូលនិងដកហូតឈើ ចំនួន ៣.២៧៩(បីម៉ែត្រត្រីគុណ ពីររយចិតសិបប្រាំបួន) និងបានដឹកយកមករក្សាទុកនៅស្នាក់ការ៣៩១ ដើម្បីបន្តនីតិវិធី។

សូមបញ្ជាក់ថា បច្ចុប្បន្ន កំលាំងមន្ត្រីឧទ្យានុរក្ស និងក្រុមការងារជំនាញក្រសួងបរិស្ថាន កំពុងបន្តប្រតិបត្តិការ ចុះបង្រ្កាប និងស្រាវជ្រាវ បទល្មើសធនធានធម្មជាតិនៅដែនជម្រកសត្វព្រៃព្រះរការ-ឆែប។

នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ក្រោយមានសេចក្តីរាយការណ៍ស្តីពីបទល្មើសព្រៃឈើក្នុងជម្រកសត្វព្រៃព្រះរការ-ឆែប សមត្ថកិច្ចក្រសួងបរិស្ថាន បានចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ដែលបានលួចកាប់ និងដឹកជញ្ជូនឈើដោយខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ។

មន្រ្តីនគរបាលយុត្តិធម៌ក្រសួងបរិស្ថានបានកសាងសំណុំរឿង និងបានបញ្ជូនជនសង្ស័យ ទៅតុលការសាលាដំបូងខេត្តព្រះវិហារ។ បន្ទាប់មកតុលាការបានសម្រេច ឃុំខ្លួនដាក់ពន្ធធនាគារ។ ក្នុងពេលជាមួយគ្នានេះ សមត្ថកិច្ចបានអនុវត្តវិធានការច្បាប់ ដកហូតគោយន្ត ចំនួន២គ្រឿង រណាយន្តចំនួន០១គ្រឿង និងឈើចំនួន០.៦៥០ ម៉ែត្រត្រីគុណ យកមករក្សាទុកនៅស្នាក់ការអូរកក់ ក្នុងដែនជម្រកសត្វព្រៃ ព្រះរការ-ឆែប។

ក្រសួងបរិស្ថានបាន និងកំពុងបន្តពង្រឹងការល្បាត សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ និងចាត់ត់វិធានការច្បាប់តឹងរ៉ឹង ដើម្បីទប់ស្កាត់បទល្មើស ព្រៃឈើ សត្វព្រៃ និងការទន្ទ្រានដី ខុសច្បាប់។សហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរុ បានឲ្យដឹងថា នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ ក្រុមសហគមន៍ការពារព្រៃឈើនៅខេត្តព្រះវិហារ បានចុះទៅដើរល្បាតឃើញគំនរឈើជាច្រើនមានឈើគ្រឿង១២២សន្លឹក សសរ២៩ដើម ក្ដារ៥៥សន្លឹកប្រមាណ៥០ម៉ែត្រគូប នៅតំបន់អូរស្កាចជិតវាលស្ដៅ រួមទាំងអ្នកកាប់ឈើជាច្រើននៅក្នុងព្រៃព្រះរការ ខេត្តព្រះវិហារ។
ដោយឡែកសហគមន៍ជនជាតិដើមភាគតិចកួយនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានធ្វើការសំណូមពរ និងជូនដំណឹងទៅដល់មន្ទីរបរិស្ថានខេត្តព្រះវិហារ នៅតំបន់អូរស្កាច ថា មានបទល្មើសជាច្រើនដែលចេញជាក្រុមៗ សម្រុកអារ និងដឹកឈើចេញពីតំបន់ស្រុកជាំក្សាន្ត (តំបន់៩៤) នៃដែនជម្រកការពារសត្វព្រៃព្រះរការ។
បច្ចុប្បន្នកំពុងតែផ្ទុះយ៉ាងកក្រើកជាថ្មីម្ដងទៀតក្នុងអំឡុងមុនពេលចូលឆ្នាំខ្មែរនេះ ដោយមានការរៀបចំពីមេខ្លោងជាក្រុមៗចុះលួចកាប់ឈើយ៉ាងអនាធិបតេយ្យ ដោយក្រុមសហគមន៍បានរកឃើញ។
សហគមន៍ជនជាតិដើម សុំឱ្យមន្ទីរបរិស្ថានខេត្តព្រះវិហារ មេត្តាជួយទប់ស្កាត់ឲឱ្យបានទាន់ពេលវេលាផង ជាពិសេសមន្ត្រីដែលបានគុបគិតរួមគំនិតលួចសម្បតិ្តធនធានធម្មជាតិជាសម្បត្តិរបស់រដ្ឋ សូមលោកប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ ចុះដាក់ការស៊ើបអង្កេតឱ្យបានស៊ីជម្រៅដើម្បីវែកមុខចាប់ជនល្មើសឱ្យមកទទួលទោសចំពោះមុខច្បាប់។

សូមជម្រាបថា កាលពីថ្ងៃទី៩ខែឧសភាឆ្នាំ២០១៦រដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យបង្កើតដែនជម្រកសត្វព្រៃព្រះរកា ជាតំបន់ការពារធម្មជាតិ និងអភិរក្សជីវៈចម្រុះ គ្រប់គ្រងដោយក្រសួងបរិស្ថាន។ ព្រៃអភិរក្សមួយនេះមានទំហំ ៩៦០០០ហិចតាគ្របដណ្ដប់លើភូមិសាស្ត្រស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប ខេត្តនៃខេត្តព្រះវិហារ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម