ខេត្តព្រះវិហារ៖កម្លាំងសមត្ថកិច្ចជំនាញនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ សហការមួយកម្លាំងអាវុធហត្ថខេត្ត ធ្វើការបង្ក្រាបរថយន្តសាំយ៉ុងដឹកឈើពេញប្រៀបដោយខុសច្បាប់ បន្ទាប់ពីសេចក្តីរាយការណ៍ពីលោកតាន់ គឹមសួរ ។ហេតុការណ៍បង្ក្រាបនេះធ្វើឡើងនៅព្រឹកថ្ងៃទី២២ខែមេសាឆ្នាំ២០២៦ ចំណុចបង្គោលលេខ៧២ស្ថិតនៅត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។

លោកមឿនសុភេទ ប្រធានមន្ទីរបរិស្ថានខេត្តព្រះិវហារ បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិនៅតែបន្តធ្វើឡើងយ៉ាងសកម្ម ក្រោមការសហការយ៉ាងស្អិតរមួត រវាងមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃឡង់ (ព្រៃឡង់) និងបន្ទាប់ពីទទួលបានការរាយការពី លោក តាន់ គីមសួរ ភ្លាម លោកបានស្មើសុំគោលការណ៍ពីឯកឧត្តមអភិបាលខេត្ត ស្នើកម្លាំងអន្តរគមន៍ពីកងរាជអាវុធហត្ថ និងកម្លាំងជំនាញបរិស្ថានបានធ្វើការដេញស្ទាក់ និងឃាត់ចាប់បានរថយន្តម៉ាក សាំយ៉ុងចំនួន ១គ្រឿង ដែលបានលួចដឹកជញ្ជូនឈើពេញប្រៀប ចេញពីភូមិសាស្ត្រខេត្តព្រះវិហារ ឆ្ពោះទៅកាន់ខេត្តកំពង់ធំ។

បច្ចុប្បន្ន មន្ត្រីជំនាញកំពុងរៀបចំបញ្ជូនវត្ថុតាងទៅរក្សាទុកនៅស្នាក់ការបរិស្ថានអូរពោធិ៍ ដើម្បីបន្តនីតិវិធីស្រាវជ្រាវ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ចំពោះបុគ្គលដែលពាក់ព័ន្ធទាំងអស់។
ក្នុងនោះដែរលោកមឿន សុភេទ ក៏បានថ្លែងអំណរគុណចំពោះ លោក តាន់ គីមសួរ ដែលបានផ្តល់ព័ត៌មានជូនសមត្ថកិច្ចជំនាញទាន់ពេលវេលាចំពោះបទល្មើសធនធានធម្មជាតិ។
សូមជម្រាបផងដែរថា មួួយរយៈនេះគេសង្កេតឃើញមានក្រុមឈ្មួញបាននាំគ្នាលួចចូលទៅកាប់ឈើធំៗក្នុងតំបន់អភិរក្សសត្វព្រៃព្រះរកា ដើម្បីដឹកយកទៅចែកចាយ ហើយក៏ត្រូវបានមន្ត្រីជំនាញបង្ក្រាបបានមួយចំនួន ផងដែរ។តែទោះជាយ៉ាងនេះក្តីប្រជាសហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរុ បានស្នើដល់សមត្ថកិច្ចជំនាញគ្រប់ជាន់ថ្នាក់មេត្តាចាត់វិធានការបង្ក្រាបឲ្យបានតឹងតែង តម្លាភាព ផងព្រោះព្រៃព្រះរកា អាចនឹងរងការកាប់បំផ្លាញចាថ្នូរនឹងលាភសក្ការៈ។យោងតាមឯកសារបានបង្ហាញថា ព្រៃព្រះរកា មានផ្ទៃដីប្រមាណជា៩៦០០០ហិចតា ស្ថិតក្នុងទឹកដីស្រុកជាំក្សាន្ត, ស្រុកឆែប និងស្រុកត្បែងមានជ័យ នៃខេត្តព្រះវិហារ៕ដោយ៖កវីជាយដែន




