Tuesday, April 28, 2026
Header Banner

តំបន់ផាប់ស្ទ្រីត និងតំបន់ដងស្ទឹងសៀមរាប នឹងត្រូវបានជ្រើសរើសសម្រាប់ការអនុវត្តវិធីសាស្រ្តទីក្រុងឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងខេត្តសៀមរាប ដំណាក់កាលទី២

ខេត្តសៀមរាប៖តំបន់ផាប់ស្ទ្រីត និងតំបន់ដងស្ទឹងសៀមរាប ត្រូវបានជ្រើសរើសជាគោលដៅអាទិភាព សម្រាប់ការអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវៃ (Smart City) ក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមនានានៅក្នុងក្រុងសៀមរាប សម្រាប់ដំណាក់កាលទី២ ដែលយន្តការនេះត្រូវបានលើកយកមកពិភាក្សាយ៉ាងលម្អិត ក្នុងកិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួម (JCC) លើកទី២ និងពិធីចុះហត្ថលេខាលើកំណត់ត្រានៃកិច្ចប្រជុំ (Meeting Record) រវាងរដ្ឋបាលខេត្តសៀមរាប និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦នេះ ដឹកនាំដោយ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និង លោក កាណាហ្កាវ៉ាក់ ម៉ាកូតុ នាយកជាន់ខ្ពស់ក្រុមទី៣ នៃក្រុមអភិវឌ្ឍន៍ទីក្រុង និងតំបន់ នៃនាយកដ្ឋានគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ នៃទីស្នាក់ការកណ្ដាលចៃកា។

លោក កាណាហ្កាវ៉ាក់ ម៉ាកូតុ បានបង្ហាញថា គម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវៃ ជំហាននទី២ គឺការអនុវត្តវិធីសាស្រ្តផ្អែកលើតំបន់ ដែលហៅថា “យុទ្ធសាស្ត្រកំណើនទីក្រុងឆ្លាតវៃរំដួល” ដោយផ្តោតលើតំបន់ចំនួន២ គឺតំបន់ផ្លូវ Pub Street និងតំបន់មាត់ស្ទឹង ដោយក្នុងតំបន់នីមួយៗ នឹងមានអនុវត្តសកម្មភាពចាំបាច់នានា ដើម្បីធ្វើឱ្យមានភាពទាក់ទាញ និងជាទីរីករាយសម្រាប់ការដើរកម្សាន្តនៃភ្ញៀវទេសចរ និងប្រជាពលរដ្ឋ។ សកម្មភាពភាពដែលត្រូវអនុវត្តក្នុងតំបន់ទាំងពីរមានដូចជា៖ ការត្រួតពិនិត្យការចរាចរណ៍ ការផ្សព្វផ្សាយតាមបណ្ដាញសង្គម វិធីសាស្ត្រធ្វើឱ្យតំបនដងស្ទឹងមានភាពបៃតង កម្មវិធីជំរុញការដើរកម្សាន្តក្នុងក្រុង ផ្ទាំងបង្ហាញឌីជីថល កម្មវិធីគ្រប់គ្រងអ្នកលក់ដូរតាមទីសាធារណៈ ការឆ្លើយតបអគ្គិភ័យបឋម និងការគ្រប់គ្រងចរាចរណ៍ឆ្លាតវៃ។

ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត មានប្រសាសន៍ថា តាមរយៈការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសនៃការជួយរៀបចំក្រុងសៀមរាប ជាទីក្រុងឆ្លាតវៃទាំងក្នុងដំណាក់កាលទី១ និងដំណាក់កាលទី២ ពីសំណាក់ប្រទេសជប៉ុនតាមរយៈ JICA មិនត្រឹមតែរឹតចំណងមិត្តភាពកម្ពុជា-ជប៉ុន ឱ្យកាន់តែរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែវានឹងជួយលើកកម្ពស់សេដ្ឋកិច្ច និងវិស័យទេសចរណ៍ឱ្យសក្ដិសមជា “ទីក្រុងឆ្លាតវៃអាស៊ាន” ក៏ដូចជាចូលរួមលើកកម្ពស់នូវសេដ្ឋកិច្ចរបស់ខេត្តសៀមរាប តាមរយៈការជំរុញលើកកម្ពស់វិស័យទេសចរណ៍ផងដែរ។

ឯកឧត្តម ប្រាក់ សោភ័ណ មានប្រសាសន៍បន្តថា រដ្ឋបាលខេត្តសៀមរាប បានទទួលនូវជំនួយកិច្ចសហប្រតិបត្តិការបច្ចេកទេសតាមរយៈ JICA លើគម្រោងរៀបចំក្រុងសៀមរាបជាទីក្រុងឆ្លាតវៃ ដោយគម្រោងនេះអនុវត្តរយៈពេល ៦ឆ្នាំមកហើយ ដែលដំណាក់កាលទី១ បានបញ្ចប់កាលពីខែឧសភា ឆ្នាំ២០២៥ ដែលសមិទ្ធផលនឹងមានកើតឡើង រួមមាន៖ រដ្ឋបាលខេត្តអាចក្តាប់បាននូវទិន្នន័យការចល័តរបស់ភ្ញៀវទេសចរ នៅតាមទីកន្លែងសំខាន់ៗ, ការលើកកម្ពស់សុវត្ថិភាពលើមធ្យោបាយធ្វើដំណើររបស់ភ្ញៀវទេសចរ, ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការអនុវត្តនូវគម្រោង Smart City តាមរយៈការដាក់ឱ្យប្រើប្រាស់នូវបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនភាពទាក់ទាញក្នុងវិស័យទេសចរណ៍សម្រាប់ខេត្តសៀមរាប ក៏ដូចជាសម្រាប់កម្ពុជា។

ឯកឧត្តអភិបាលខេត្ត បានបន្តថា JICA ក៏បានជួយរៀបចំនូវផែនទីបង្ហាញផ្លូវ ក្នុងការជួយរៀបចំក្រុងសៀមរាប ជាទីក្រុងឆ្លាតវៃសម្រាប់ចក្ខុវិស័យឆ្នាំ២០២៣-២០៣៥។ ហើយរដ្ឋបាលខេត្ត ក៏បានសហការជាមួយ JICA ក្នុងការបង្កើតនូវយន្តការថ្មី ដើម្បីជំរុញការអនុវត្តផែនទីចង្អុលផ្លូវក្រុងសៀមរាប ជាទីក្រុងឆ្លាតវៃ ដែលយន្តការនេះ នឹងក្លាយជាកត្តាជំរុញការអនុវត្តផែនទីចង្អុលផ្លូវទីក្រុងសៀមរាប និងជាគំរូមួយសម្រាប់រាជធានីខេត្ត ចំនួន៣ផ្សេងទៀត ក្នុងប្រទេសកម្ពុជា ដែលជាសមាជិកនៃបណ្ដាញទីក្រុងឆ្លាតវៃអាស៊ាន។

ឯកឧត្តម ក៏បានបង្ហាញការគាំទ្រយ៉ាងខ្លាំង និងសង្ឃឹមជឿជាក់ថា គម្រោងជំហានទី២នេះ នឹងកាត់បន្ថយអត្រាអ្នកស្លាប់ របួស និងការខូចខាតទ្រព្យសម្បត្តិដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ក្នុងក្រុងសៀមរាប។ ព្រមជាមួយគ្នានេះ អាចប្រែក្លាយរដ្ឋបាលខេត្តសៀមរាប ទៅជារដ្ឋបាលដែលជាទីតាំងចែករំលែកនូវបទពិសោធន៍ល្អៗ និងជោគជ័យក្នុងការអនុវត្តគម្រោងទីក្រុងឆ្លាតវៃទៅកាន់បណ្តាខេត្ត រាជធានីរបស់កម្ពុជា ក៏ដូចជាទៅកាន់បណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន។ ឯកឧត្តម ក៏សូមថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ ភាគីពាក់ព័ន្ធទាំងអស់ និងអ្នកទទួលបន្ទុកគម្រោងអនុវត្តវិធីសាស្រ្តទីក្រុងឆ្លាតវៃ ដែលបានខិតខំប្រឹងប្រែងសម្របសម្រួលជាមួយក្រុមការងារ JICA រហូតសម្រេចបានលទ្ធផលផ្លែផ្កាក្នុងដំណាក់កាលទី១ និងបន្តឆ្ពោះទៅរកភាពជោគជ័យក្នុងដំណាក់កាលទី២ បន្តទៀត៕

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម