Monday, May 4, 2026
Header Banner

អាជ្ញាធរខេត្តឧត្តរមានជ័យ បានអញ្ជើញអុជធូបគោរពបូជានៅរង្វង់មូលព្រះវិស្ណុ គង់លើខ្នងគ្រុឌ រៀបចំយាងព្រះអង្គត្រឡប់ទៅខេត្តសៀមរាបវិញ

ខេត្តឧត្តរមានជ័យ៖ថ្នាក់ដឹកនាំនៃខេត្តឧត្តរមានជ័យ បានបញ្ជាក់ជូនសាធារណជនឱ្យបានដឹងថា រូបសំណាក់ព្រះវិស្ណុ គង់លើខ្នងគ្រុឌ ដែលបានដំឡើងនៅទីតាំងខាងលើនេះ ត្រូវបានយាងត្រឡប់ទៅកាន់គោលដៅដើមវិញ ដោយសហការជាមួយរដ្ឋបាលខេត្តសៀមរាប។

ការដកចេញនេះ មិនមែនជាការលុបបំបាត់តម្លៃវប្បធម៌នោះទេ រូបសំណាក់នេះ មានប្រភពដើមស្ថិតនៅខេត្តសៀមរាប ហើយត្រូវបានអភិសេកឡើងនៅរង្វង់មូលផ្លូវជាតិលេខ ៦ ដែលជាចំណុចបំបែកទៅព្រលានយន្តហោះសៀមរាបចាស់។

ដោយសារតែជារូបសំណាក់ដែលមានអត្តសញ្ញាណ និងទាក់ទងជិតស្និទ្ធជាមួយប្រវត្តិសាស្ត្រ វប្បធម៌ និងទេសចរណ៍របស់ខេត្តសៀមរាប ដូច្នេះការយាងត្រឡប់ទៅកន្លែងដើមវិញ គឺមានន័យសំខាន់ក្នុងការរក្សាភាពត្រឹមត្រូវនៃទីតាំងប្រវត្តិសាស្ត្រ និងអត្ថន័យសិល្បៈ។

ជាមួយគ្នានេះ ឯកឧត្តមក៏បានបញ្ជាក់បន្ថែមថា រដ្ឋបាលខេត្ត មានគម្រោងពង្រីក និងកែលម្អរង្វង់មូលនេះឱ្យកាន់តែទូលំទូលាយ និងមានសោភ័ណភាពខ្ពស់ជាងមុន ជាពិសេស នឹងដំឡើងជំនួសដោយរូបសំណាក់ “ព្រះគោ ព្រះកែវ” ដែលជារូបសញ្ញាវប្បធម៌ និងជំនឿបុរាណមានតម្លៃខ្ពស់សម្រាប់ប្រជាជនខ្មែរ រូបសំណាក់ថ្មីនេះ ត្រូវបានរំពឹងថានឹងក្លាយជាសញ្ញាសម្គាល់ថ្មីមួយ សម្រាប់ទីក្រុង និងជាគន្លងទាក់ទាញភ្ញៀវទេសចរផងដែរ។

ការដែលរដ្ឋបាលខេត្តសៀមរាប យាងរូបសំណាក់ព្រះវិស្ណុគង់លើខ្នងគ្រុឌត្រឡប់ទៅវិញ គឺជាការអនុវត្តតាមគោលការណ៍ថែរក្សា និងគោរពតម្លៃដើមនៃសម្បត្តិវប្បធម៌ និងសិល្បៈជាតិ។

បន្ថែមពីនេះ ទីតាំងរង្វង់មូលផ្លូវជាតិលេខ ៦ នោះ គឺជាច្រកចូលសំខាន់មួយសម្រាប់ភ្ញៀវទេសចរណ៍ មុនចូលទៅកាន់តំបន់អង្គរ និងទីក្រុងសៀមរាប។ ដូច្នេះ រូបសំណាក់ព្រះវិស្ណុគង់លើខ្នងគ្រុឌ ត្រូវបានយកទៅដាក់វិញនៅទីនោះ ដើម្បីបន្តបម្រើជាសញ្ញាសម្គាល់វប្បធម៌ និងជាទេសភាពទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ។

ជាសរុប ការយាងរូបសំណាក់ត្រឡប់ទៅកន្លែងដើម មិនមែនជាការដកចេញដោយគ្មានគោលបំណងនោះទេ ប៉ុន្តែជាការរៀបចំឡើងវិញឱ្យសមស្របតាមប្រវត្តិសាស្ត្រ ទីតាំង និងតម្លៃវប្បធម៌ដើម ព្រមទាំងជួយលើកកម្ពស់ភាពទាក់ទាញទេសចរណ៍នៅខេត្តសៀមរាបផងដែរ៕

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម