ខេត្តកំពង់ធំ៖កម្លាំងមានសមត្ថកិច្ច បន្តកិច្ចការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់ឱ្យកាន់តែសកម្ម។តាមបញ្ជារបស់លោកអភិបាលខេត្ត គឺឱ្យកម្លាំងមានសមត្ថកិច្ចបង្កើនការល្បាត និងស្ទាក់ចាប់ឱ្យបាននូវជនល្មើសដែលបានចូលកាប់បំផ្លាញព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។

លោក នួន ផារ័ត្ន បានដាក់បទបញ្ជាឱ្យលោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្ត ថា ត្រូវសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំកែសម្រួលកម្លាំងចម្រុះ ដែលប្រចាំការនៅទីបញ្ជាការស្រាលឈរជើង ក្នុងភូមិសាស្ត្រឃុំសុចិត្រ ស្រុកសណ្ដាន់ ដើម្បីបង្កើនការគ្រប់គ្រងនៅតំបន់នេះឱ្យបាន ដោយមិនឱ្យមានការកាប់ទន្ទ្រានជាថ្មី និងល្បាតឃ្លាំមើលចាំចាប់ខ្លួនជនប្រព្រឹត្តបទល្មើសជាក់ស្ដែង ដើម្បីនាំខ្លួនបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែងឡើយ។
បទបញ្ជារបស់អភិបាលខេត្តកំពង់ធំ បានកើតឡើងក្នុងពេលដែលលោកចុះទៅត្រួតពិនិត្យភូមិសាស្ត្រដែនជម្រកសត្វព្រៃព្រៃឡង់ នៅក្នុងឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ជាប់ព្រំប្រទល់ស្រុកសំបូរ ខេត្តក្រចេះ ខណៈតំបន់ព្រៃឡង់មួយនេះ ត្រូវបានរងការកាប់ទន្ទ្រានដោយជនល្មើសប្រមាណពី៥ ទៅ៦ហិកតា ក្នុងអំឡុងពេលបុណ្យចូលឆ្នាំកន្លងទៅ។
ក្នុងដំណើរចុះពិនិត្យកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ លោក នួន ផារ័ត្ន បានសម្ដែងការសោកស្ដាយជាខ្លាំងចំពោះការបាត់បង់ព្រៃឡង់ ដែលរងការលួចកាប់ទន្ទ្រាន ក្នុងអំឡុងពេលបុណ្យចូលឆ្នាំកន្លងនេះ។
លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ដល់ការចាត់វិធានការឱ្យបានមុឺងម៉ាត់ ដោយឱ្យមន្ទីរបរិស្ថានខេត្តកំពង់ធំ រៀបចំដីការដកហូតជាន្ទាន់យកមកធ្វើជាសម្បត្តិរដ្ឋ និងបញ្ជាឱ្យរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដោយស្រាវជ្រាវែករកមុខសញ្ញាជនប្រព្រឹត្តបទល្មើស ដើម្បីផ្ដន្ទាទោសឱ្យបានធ្ងន់ធ្ងរបំផុត។ លោកក៏បានសន្យាផ្ដល់ជូនរង្វាន់ចំពោះជនណាដែលបានផ្ដល់ព័ត៌មានពីមុខសញ្ញាជនដែលបានលួចកាប់ទន្ទ្រានព្រៃឈើ និងអ្នកនៅពីក្រោយខ្នងផងដែរ ដើម្បីចាប់ឃាត់ខ្លួនយកផ្ដន្ទាទោសតាមផ្លូវច្បាប់។
ក្នុងនោះដែរលោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេសឹករងខេត្ត បានប្តេជ្ញាចិត្តគោរពអនុវត្តតាមបទបញ្ជារបស់លោកអភិបាលខេត្ត ដោយបន្តសហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ រួមនឹងកងកម្លាំងប្រដាប់អាវុធទាំងបី ដើម្បីរួមគ្នាការពារធនធានធម្មជាតិក្នុងតំបន់ព្រៃឡង់នេះឱ្យបានគង់វង្ស និងទប់ស្កាត់ឱ្យបានការកាប់ទន្ទ្រានព្រៃដោយខុសច្បាប់ទម្លាប់៕ដោយ៖ជាយដែន





