Sunday, May 17, 2026
Header Banner

មន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ សហការគ្នា ចុះកម្ទេចឡធ្យូងខុសច្បាប់ចំនួន ៨កន្លែង ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់


ខេត្តព្រះវិហារ៖ មន្ត្រីជំនាញបរិស្ថានខេត្តព្រះវិហារ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះបង្ក្រាប និងវាយកម្ទេចចោលនូវឡធ្យូងខុសច្បាប់ចំនួន ០៨កន្លែង ដែលលួចបង្កើតឡើងដោយគ្មានការអនុញ្ញាត នៅក្នុងតំបន់ការពារនៃដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្ត្រខេត្តព្រះវិហារ។


ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ដឹកនាំដោយលោក តុល រ៉េត មន្ត្រីទទួលបន្ទុកគ្រប់គ្រងរួមនៃដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្ត្រខេត្តព្រះវិហារ រួមជាមួយមន្ត្រីឧទ្យានុរក្សចំនួន ០៧នាក់ សហការជាមួយអាជ្ញាធរមូលដ្ឋាន ហើយទីតាំងនោះស្ថិតនៅចំណុចដំបូកប្រាំ (និយាមកា ៥១៥៣២១-១៤៩៥៨១១) ក្នុងភូមិពលកម្ម ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ។ អាជ្ញាធរបានរកឃើញឡធ្យូងដែលកំពុងដំណើរការដោយខុសច្បាប់ និងបានសម្រេចវាយកម្ទេចចោលភ្លាមៗនៅនឹងកន្លែង ដើម្បីទប់ស្កាត់សកម្មភាពកាប់បំផ្លាញព្រៃឈើសម្រាប់យកមកធ្វើអាជីវកម្មធ្យូង។


មន្ត្រីជំនាញបញ្ជាក់ថា ការលួចបង្កើតឡធ្យូងនៅក្នុងតំបន់ការពារនេះ គឺជាអំពើល្មើសច្បាប់យ៉ាងធ្ងន់ធ្ងរ ដែលផ្ទុយស្រឡះពីបទប្បញ្ញត្តិនៃ «ក្រមបរិស្ថាន និងធនធានធម្មជាតិ» នៃព្រះរាជាណាចក្រកម្ពុជា។បទល្មើសប្រភេទនេះ មិនត្រឹមតែបំផ្លាញធនធានព្រៃឈើដ៏មានតម្លៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កជាហានិភ័យខ្ពស់ដល់ការបាត់បង់ទីជម្រកសត្វព្រៃ និងប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីទាំងមូលនៃតំបន់ព្រៃឡង់ ដែលជាព្រៃទឹកភ្លៀងក្ដៅដីគោកដ៏ធំមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
អាជ្ញាធរដែនជម្រកសត្វព្រៃព្រៃឡង់ បានបង្ហើបឱ្យដឹងថា វិធានការច្បាប់ដ៏តឹងរ៉ឹងនឹងត្រូវបន្តអនុវត្តជាប្រចាំ ដោយបង្កើនការល្បាត និងសហការជិតស្និទ្ធជាមួយសហគមន៍មូលដ្ឋាន ដើម្បីលុបបំបាត់រាល់សកម្មភាពទន្ទ្រាន និងបំផ្លិចបំផ្លាញធនធានធម្មជាតិក្នុងតំបន់អភិរក្សឱ្យបានទាន់ពេលវេលា៕ដោយ៖កវីជាដែន

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម