Wednesday, June 17, 2026
Header Banner

អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានទទួលមរណភាពក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់ នៅជិតស្ពានព្រៃប្រស់

ភ្នំពេញ៖អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ឯកឧត្ដមជុំ សុភមករា បានទទួលមរណភាពក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦តាមបណ្តាយផ្លូវជាតិលេខ ៦ ជិតស្ពានព្រៃប្រស់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រវាងរថយន្ដម៉ាក Ford ជាមួយរថយន្ដធន់ធំដឹកទំនិញវ៉េអង បណ្ដាលឲ្យ Ford រងការខូចខាតស្ទើរទាំងស្រុង។

លោកវរសេនីយ៍ឯក ព្រំ ចាន់ថុល នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ប្រាប់អ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី១មិថុនា នេះថា ករណីនេះកើតឡើងរវាងរថយន្ដម៉ាក Ford ជាមួយរថយន្ដដឹកទំនិញធន់ធំវ៉េអង ក្នុងទិសដៅបញ្ច្រាសទិសគ្នា។

លោកបន្តថា ការដែលបង្កជាគ្រោះថ្នាក់នេះកើតឡើង គឺដោយសាររថយន្ដធន់ធំវ៉េអងបើកគេចពីម៉ូតូមួយគ្រឿងដែលជិះចេញហាងមួយកន្លែង ទើបធ្វើឲ្យរថយន្ដជ្រុលទៅបុករថយន្ដម៉ាក Ford របស់លោក ជុំ សុភមករា ដែលកំពុងធ្វើដំណើរនៅផ្លូវផ្នែកម្ខាងទៀតបណ្ដាលរថយន្ដ Ford រងការខូចខាតធ្ងន់ធ្ងរ និងបណ្ដាលឲ្យអ្នកបើករថយន្ដ Ford ស្លាប់នៅកន្លែងកើតហេតុតែម្ដង។

លោកបន្ថែមថា ក្នុងហេតុការណ៍នេះ គឺមានតែជនរងគ្រោះដែលជាអ្នកបើករថយន្ដម៉ាក Ford តែម្នាក់ប៉ុណ្ណោះ ខណៈអ្នកបើករថយន្ដធន់ធំវ៉េអង បានចុះរត់គេចខ្លួនបាត់មុនពេលសមត្ថកិច្ចទៅដល់។ ចំពោះវត្ថុតាងរថយន្ដទាំងពីរគ្រឿង ត្រូវបានកម្លាំងជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ដើម្បីរង់ចាំដោះស្រាយបន្ត៕ដោយ៖ជាយដែន

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម