Saturday, June 13, 2026
Header Banner

សិប្បកម្មជាលខ្មែរ ក្នុងសង្កាត់ទឹកវិល បាននិងកំពុងផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសស្រ្តីមេផ្ទះ និងពលរដ្ឋវ័យចំណាស់

ខេត្តសៀមរាប៖បច្ចុប្បន្នសិប្បកម្មជាលខ្មែរ ដែលផលិតចេញពីវល្លិរពាក់ ឫស្សី ផ្អាវ ស្ថិតក្នុងភូមិទឹកវិល សង្កាត់ទឹកវិល ក្រុង/ខេត្តសៀមរាប កំពុងមានការរីកចម្រើនជាបន្ដបន្ទាប់ តាមរយៈការបញ្ជាទិញពីអតិថិជនពីគ្រប់ទិសទី ក្នុងស្មារតីលើកស្ទួយផលិតផលក្នុងស្រុក ខណៈអាជីវកម្មនេះ បានផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន អាចបង្កើនប្រាក់ចំណូលប្រចាំថ្ងៃថែមទៀតផង។

អ្នកស្រី ឈាវ ឡើយ ដែលជាអ្នកប្រកបរបរខាងលើ បានឱ្យថា គិតមកដល់ពេលនេះ មានរយៈពេលប្រមាណ ៣០ឆ្នាំមកហើយ ដែលអ្នកស្រីចាប់យករបរត្បាញជាលនេះ ដោយបានបន្ដវេនពីម្ដាយ ដើម្បីរកប្រាក់ចំណូលក្នុងគ្រួសារ និងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ របរនេះបានផ្ដល់ការងារដល់ពួកគាត់អាចធ្វើនៅតាមលំនៅឋានរៀងៗខ្លួន ដោយអ្នកស្រី ទទួលយកតែផលិតផលសម្រេចប៉ុណ្ណោះ។

អ្នកស្រី ឈាវ ឡើយ បានឱ្យដឹងទៀតថា ការប្រមូលផ្ដុំប្រជាពលរដ្ឋក្នុងមូលដ្ឋានដើម្បីផលិតជាលនេះ មិនត្រឹមតែជាការថែរក្សានូវរបរប្រពៃណី លើកកម្ពស់ផលិតផលខ្មែរ របស់អ្នកភូមិនេះប៉ុណ្ណោះទេ តែក៏ជារបរបន្ទាប់បន្សំមួយដែលអាចរកប្រាក់កម្រៃបន្ថែមផងដែរ ដោយក្នុងជាលមួយ អាចលក់បានក្នុងតម្លៃ ១ ៥០០រៀល ទៅតាមទំហំនៃសម្ភារ ដោយក្នុងមួយខែអ្នកស្រីអាចរកចំណូលបានប្រមាណ ៣លានរៀល។

អ្នកស្រី ឈាវ ឡើយ ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋក្នុងភូមិទឹកវិល សង្កាត់ទឹកវិល អាចចាប់យកមុខរបរត្បាញជាលនេះ ដោយអ្នកស្រីមានមហិច្ឆតាចង់ពង្រីកអាជីវកម្មនេះឱ្យកាន់រីកដុះដាលបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារកាន់តែទូលំទូលាយ និងជួយបង្កើតការងារដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសស្រ្តីមេផ្ទះ និងប្រជាពលរដ្ឋដែលមានវ័យចំណាស់មិនមានការងារធ្វើ ឱ្យពួកគាត់អាចរកប្រាក់ចំណូលបន្ថែមក្នុងគ្រួសារផងដែរ៕ដោយ៖Angkor flash news (ប្រភពពីមន្ទីរព័ត៌មានខេត្តសៀមរាប)

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម