ខេត្តព្រះវិហារ៖ប្រជាពលរដ្ឋរស់នៅក្នុងខេត្តព្រះវិហារ ដែលទើបនឹងជួបវិបត្តិសង្គ្រាមឈ្លានពានរបស់ថៃ មកលើកម្ពុជា បាននាំគ្នាត្អូញត្អែររឿង គីឡូភ្លើងហក់ឡើងខ្ពស់ទ្វេរដង បើធៀបនឹងខែមុនៗ ខណៈពួកគាត់ត្រូវចំណាយថ្លៃសេវាច្រើនមិនធ្លាប់ជួបប្រទះពីមុនមក។ ការលើកឡើងនេះបានផ្ទុះឡើងនៅមូលដ្ឋានផង និងនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយប្រជាពលរដ្ឋជាច្រើនអះអាងស្រដៀងគ្នាថា ការប្រើប្រាស់អគ្គិសនីនៅតែដដែល ឬប្រើតិចជាងមុនផង ប៉ុន្តែវិក្កយបត្របង្ហាញចំនួនគីឡូភ្លើង និងថ្លៃបង់កើនឡើងខ្លាំងខុសប្រក្រតី។ចំណែកភ្លើងងាកដាច់ៗ ធ្វើឲ្យខូចសម្ភារៈអគ្គិសនីរបស់ពួកគាត់។

ពលរដ្ឋរស់នៅក្នុងក្រុងព្រះវិហារ បានលើកឡើងនៅថ្ងៃទី១២ខែមិថុនា ឆ្នាំ២០២៦ ថា ធ្លាប់បង់តែប្រមាណ៤០ម៉ឺនរៀល ប៉ុន្តែខែនេះឡើងដល់៨០ម៉ឺនរៀល។ពលរដ្ឋបន្តថា បើយ៉ាងហ្នឹង ដាច់ខ្យល់ហើយ សម្ភារៈប្រើដដែល តែគីឡូភ្លើងឡើងសាហាវរាល់ខែ។ពលេរដ្ឋលើងឡើងទៀតថា អត់ដឹងនិយាយថាម៉េចទេមួយខែៗរកតែលុយបង់ភ្លើងធ្លាប់តែប្រើអស់ហើយ៧ម៉ឺនរៀលទៅ៨ម៉ឺនរៀល តែឥឡូវជិត២០ម៉ឺនរៀល។
ស្រដឿងគ្នានេះដែរពលរដ្ឋនៅស្រុកជាំក្សាន្ត ក៏បានត្អូញត្អែរថា លក់ដូរមិនសូវដាច់ ហើយភ្លើងឡើងបែបនេះ មានលុយពីណាបង់ឱ្យក្រុមហ៊ុន បើគុណជាពីរបែបនេះ ហើយពួកគាត់ទើបនឹងជួបវិបត្តិសង្គ្រាមឈ្លានពានរបស់ថៃ មកលើកម្ពុជា រកលុយមិនបានទេ។

នៅក្នុងករណីនេះដែរ នៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២៦ ក្រុមហ៊ុនអគ្គិសនីព្រះវិហារ បានចេញសេចក្តីបំភ្លឺព័ត៌មានថា ដោយមួយរយះពេលចុងក្រោយនេះដោយសារមានភ្លៀងធ្លាក់ខ្លាំងលាយឡំជាមួយនឹងខ្យល់កន្ត្រាក់ ទើបធ្វើ អោយមានការដាច់ចរន្តអគ្គិសនីជាញឹកញាប់ពីខ្សែបណ្តាញបញ្ជូនរងនៅលើ អូតូទ្វារចរន្តលេខ៥ ពីអនុ ស្ថានីយព្រះវិហារ។ បន្ទាប់ពីអាកាសធាតុបានស្ងប់ភ្លៀង ក្រុមការងារបច្ចេសទេសខាងបញ្ជូនរងធ្វើការ តភ្ជាប់អគ្គិសនីជូនអតិថិជនប្រើប្រាស់ជាធម្មតាវិញ។
យ៉ាងនេះក្តីពលរដបញ្ជាក់ថា ការបំភ្លឺរបស់ក្រុមហ៊ុនអគ្គិសនីព្រះវិហារ មិនត្រូវជាមួយខ្លឹមសារនៃការចង់បានរបស់ពលរដ្ឋនោះទេ គឺជាចេនាគេចវេសពីការពិត។
ជុំវិញបញ្ហាខាងលើនេះ លោកស៊ុន ច័ន្ទរក្សា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ បានឱ្យដឹងនៅថ្ងៃទី១២ខែមិថុនាឆ្នាំ២០២៦ថា ករណីនេះលោកនឹងហៅក្រុមហ៊ុនអគ្គិសនីដែលបើកអាជីវកម្មនៅក្នុងខេត្តព្រះវិហារ ទាំងអស់មកជួបគ្នាជាមួយតំណាងពលរដ្ឋ ដើម្បីរកដំណោះស្រាយ នៅថ្ងៃចន្ទ ដើមសប្តាហ៍នេះ៕ដោយ៖កវីជាយដែន




