Monday, June 15, 2026
Header Banner

អង្គការ «គោសប្បុរសដើម្បីកម្ពុជា» អនុវត្តយន្តការមនុស្សធម៌ផ្ដល់កម្ចីមេគោផើម ដើម្បីជួយលើកកម្ពស់ជីវភាពកសិករក្រីក្រនៅខេត្តសៀមរាប

ខេត្តសៀមរាប៖អង្គការគោសប្បុរសដើម្បីកម្ពុជា បាននិងកំពុងអនុវត្តយន្តការមនុស្សធម៌ប្រកបដោយប្រសិទ្ធភាព តាមរយៈការផ្តល់កម្ចីមេគោផើមពូជល្អនាំចូលពីប្រទេសអូស្ត្រាលី ជូនដល់ប្រជាពលរដ្ឋដែលជួបការខ្វះខាតក្នុងខេត្តសៀមរាប ដែលកម្មវិធីនេះមានគោលបំណងបើកឱកាសឱ្យកសិករក្រីក្រអាចបង្កើតមុខរបរ បង្កើនប្រាក់ចំណូល និងពង្រឹងជីវភាពគ្រួសារឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព។

លោក អ៊ាវ សុភា ដែលជាអ្នកគ្រប់គ្រងកសិដ្ឋានរបស់អង្គការគោសប្បុរសដើម្បីកម្ពុជា បានឱ្យដឹងថា ចាប់តាំងពីចាប់ផ្តើមដំណើរការនៅក្នុងទឹកដីខេត្តសៀមរាប នាឆ្នាំ២០១៥ មក អង្គការបានបង្កើតកសិដ្ឋានស្នូលមួយនៅលើផ្ទៃដីទំហំ ១៣ហិកតា ដែលមានទីតាំងស្ថិតនៅភូមិអូរម្នាស់ ឃុំខ្នាសណ្តាយ ស្រុកបន្ទាយស្រី។ គិតត្រឹមឆ្នាំ២០២៦ នេះ កសិដ្ឋានមានសត្វគោពូជសរុបចំនួន ១៥០ក្បាល សម្រាប់បម្រើឱ្យសកម្មភាពមនុស្សធម៌មួយនេះ។ នៅក្នុងកសិដ្ឋានមានការគ្រប់គ្រង និងថែទាំយ៉ាងយកចិត្តទុកដាក់ខ្ពស់ ដោយមានអត្រាបង្កកំណើតលើសពី ៨៥ភាគរយ និងមានការចាក់វ៉ាក់សាំងការពារជំងឺបានគ្រប់គ្រាន់ ដើម្បីធានាឱ្យការបន្តពូជប្រព្រឹត្តទៅបានលឿន សម្រាប់ឆ្លើយតបទៅនឹងតម្រូវការជួយសង្គ្រោះប្រជាពលរដ្ឋក្រីក្រ។
លោក អ៊ាវ សុភា បានឱ្យដឹងទៀត ចំពោះលក្ខខណ្ឌ និងយន្តការនៃការជ្រើសរើសកសិករវិញ អង្គការបានផ្គត់ផ្គង់បានចំនួនប្រាំស្រុក នៅក្នុងខេត្តសៀមរាប ដើម្បីធានាភាពសុក្រឹត អង្គការមានមន្ត្រីចុះទៅវាយតម្លៃផ្ទាល់ដល់លំនៅឋាន ដោយប្រើប្រាស់កម្រងសំណួរច្បាស់លាស់ក្នុងការដាក់ពិន្ទុវិនិច្ឆ័យ។ បើសិនជារកឃើញថា គាត់ពិតជាកសិករដែលខ្វះខាតពិតប្រាកដ ឈ្មោះរបស់គាត់នឹងត្រូវបញ្ចូលទៅក្នុងតារាងរង់ចាំ ហើយការបែងចែកគោនឹងធ្វើឡើងតាមលំដាប់នៃការសម្ភាសន៍មុន និងក្រោយ បន្ទាប់ពីមេគោបានឆ្លងកាត់ការពិនិត្យផ្ទៃពោះរួចរាល់ ដោយអង្គការនឹងដឹកជញ្ជូនមេគោនោះទៅជូនដល់ផ្ទះកសិករដោយផ្ទាល់តែម្តង។

លោកបន្តថា ក្នុងអំឡុងពេលនៃការចិញ្ចឹម អង្គការនឹងផ្តល់សេវាពិនិត្យសុខភាព និងពិនិត្យផ្ទៃពោះមេគោឱ្យបានចំនួន ៦ដងក្នុងមួយឆ្នាំ ឬរៀងរាល់ ២ខែម្តង ដោយឥតគិតថ្លៃ។ នៅពេលដែលមេគោនោះបង្កើតបានកូនមួយហើយ អង្គការនឹងទទួលយកមេគោត្រឡប់មកកសិដ្ឋានវិញ ដើម្បីត្រៀមបង្កាត់ពូជ និងបន្តជួយដល់គ្រួសារដទៃទៀត ដោយឡែកកូនគោដែលកើតមកនោះ គឺត្រូវប្រគល់ជូនប្រជាកសិករជាម្ចាស់កម្មសិទ្ធិដាច់ ដើម្បីធ្វើជាពូជបង្កើតមុខរបរផ្ទាល់ខ្លួន។ លោកបានផ្ញើសារផ្តាំផ្ញើទៅកាន់បងប្អូនកសិករទាំងអស់ថា សូមកុំបោះបង់របរចិញ្ចឹមគោនេះចោលឱ្យសោះ ព្រោះវាជាប្រភពចំណូលដ៏ប្រសើរដែលផ្តល់ទាំងកូន និងកម្រៃត្រឡប់មកវិញ៕ដោយ៖កវីជាយដែន (ប្រភពពីមន្ទីរព័ត៌មានខេត្តសៀមរាាប)

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម