ខេត្តសៀមរាប៖ព្រៃលំហែកម្សាន្ត និងសួនអាស៊ាន-កូរ៉េ ក្រោមជំនួយឧបត្ថម្ភរបស់ស្ថាប័នសេវាកម្មព្រៃឈើកូរ៉េ និងអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី (Afoco) បានបើកជាផ្លូវការ ស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើម្បីមកកម្សាន្ត និងសិក្សាស្វែងយល់ពីជីវចម្រុះក្នុងទឹកដីខេត្តសៀមរាប។

លោក សេង លន អ្នកគ្រប់គ្រងទូទៅនៅព្រៃលំហែកម្សាន្ត និងសួនអាស៊ាន-កូរ៉េ បានឲ្យដឹងថា ចាប់ផ្តើមសាងសង់នៅខែមីនា ឆ្នាំ២០២៣ និងបញ្ចប់ការសាងសង់នៅខែធ្នូ ឆ្នាំ២០២៥ ព្រៃលំហែកម្សាន្ត និងសួនអាស៊ាន-កូរ៉េ មានទីតាំងស្ថិតក្នុងតំបន់ព្រៃចម្ការពូជឈើគ្រញូង ក្នុងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប មានផ្ទៃដីសរុប ១ ៨៨៨ហិចតា។ ការបង្កើតកន្លែងនេះឡើង ក្នុងគោលបំណងការលើកកម្ពស់សេវាកម្មទេសចរណ៍ និងព្រៃលំហែកម្សាន្តធម្មជាតិក្នុងប្រទេសកម្ពុជា ការលើកកម្ពស់កម្មវិធីអប់រំ និងការយល់ដឹងស្តីពីការស្តារព្រៃឈើឡើងវិញ។

លោក សេង លន បានឱ្យដឹងទៀតថា នៅទីនេះយើងមានការអភិរក្សជីវចម្រុះ និងការចែករំលែកចំណេះដឹងនៅក្នុងតំបន់ ការអភិវឌ្ឍទំនាក់ទំនងទីផ្សារទេសចរណ៍ និងការរៀបចំផែនការហិរញ្ញវត្ថុឱ្យមាននិរន្តរភាព ដើម្បីទ្រង់ដំណើរការរបស់ព្រៃលំហែកម្សាន្ត និងសួនអាស៊ាន-កូរ៉េ ក្នុងរយៈពេលវែង។ ភ្ញៀវទេសចរដែលមកកម្សាន្តមកទីនេះ នឹងទទួលបានអារម្មណ៍ស្រស់ថ្លាពិតប្រាកដ ព្រោះនៅទីនេះ មានលក្ខណៈពិសេសខុសប្លែកពីគោលដៅទេសចរណ៍ធម្មជាតិដទៃ ដែលស្ថិតនៅក្នុងតំបន់ព្រៃចម្ការពូជឈើគ្រញូងធម្មជាតិដ៏ធំបំផុតមួយនៅតំបន់អាស៊ីអាគ្នេយ៍ ហើយមានដើមឈើពូជគ្រញូងមួយចំនួនអាយុកាលជាង ១០០ឆ្នាំផងដែរ។

អ្នកគ្រប់គ្រងខាងលើ បានបញ្ជាក់ថា ព្រៃលំហែកម្សាន្ត និងសួនអាស៊ាន-កូរ៉េ បើកដំណើរការជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៦ល្ងាច ដែលភ្ញៀវទេសចរអាចមកទស្សនាបានទាំងសួនផ្កា និងរុក្ខជាតិជាច្រើនប្រភេទ ទេសភាពព្រៃធម្មជាតិ និងផ្លូវដើរកម្សាន្តស្ងប់ស្ងាត់ កន្លែងសិក្សាអំពីការអភិរក្សព្រៃឈើ និងសត្វព្រៃផ្លូវជិះកង់ និងកន្លែងលំហែកម្សាន្តក្រៅអាគារកន្លែងសម្រាក និងសកម្មភាពជិតស្និទ្ធនឹងធម្មជាតិ និងមានសកម្មភាពជាច្រើនទៀត៕ដោយ៖កវីជាយដែន (ប្រភពពី មន្ទីរព័ត៌មានខេត្តសៀមរាប)




