ខេត្តសៀមរាប៖នគរបាលជាន់ខ្ពស់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប និងការដឹកនាំបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព្រមទាំងមានកិច្ចសម្របសម្រួលនីតិវិធីពី ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប និងឯកឧត្តម កើត វណ្ណារ៉េតព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦កម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌខេត្តសៀមរាប បានចុះអនុវត្តដីកាបញ្ជាឱ្យចាប់ខ្លួន លេខ១០២ ចខ/ឃ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីចាប់ខ្លួនមុខសញ្ញាសេសសល់ក្នុងករណីវាយយកម៉ូតូនៅខាងលិចស្ពានក្អែក ដែលកម្លាំងសមត្ថកិច្ចទើបបង្ក្រាបបានចំនួន ០៨ នាក់ នាពេលថ្មីៗនេះ។
ជាលទ្ធផល កម្លាំងជំនាញបានតាមចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ធឿន សំណាង ឬ សឿត សំណាង ហៅ ណាង ភេទប្រុស អាយុ ១៥ ឆ្នាំ មុខរបរគ្មាន រស់នៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ក្រោយពីសាកសួរតាមនីតិវិធីជំនាញ សមត្ថកិច្ចបានរកឃើញថា ជនសង្ស័យរូបនេះ ក៏ជាប់ពាក់ព័ន្ធនឹងករណីអំពើលួចមានស្ថានទម្ងន់ទោស (ធាក់ប្លន់យកម៉ូតូ) នៅចំណុចស្ពានក្អែក ភូមិស្ពានក្អែក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីវេលាម៉ោង ១២:៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ដោយមានបក្ខពួកចំនួន ០២ នាក់ផ្សេងទៀតចូលរួមធ្វើសកម្មភាព។ ក្រោយមក កម្លាំងនគរបាលជំនាញយើង បានស្នើសុំ និងទទួលបាន ការអនុញ្ញាតបើកការស៊ើបអង្កេតបឋម ពីស្ថាប័នតុលាការ យើងបានបន្តធ្វើការស្រាវជ្រាវ និងនាំខ្លួនបក្ខពួកជនសង្ស័យបានចំនួន០២ នាក់បន្ថែមទៀត យកមកសាកសួរ នាំរួមមាន៖
-ទី១/ ឈ្មោះ ហួត ប៊ូសា ភេទប្រុស អាយុ ១៦ ឆ្នាំ មុខរបរគ្មាន មានស្រុកកំណើតនៅខណ្ឌចំការមន រាជធានីភ្នំពេញ បច្ចុប្បន្នរស់នៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។
-ទី២/ ឈ្មោះ លី សុហេង ហៅ ហេងស៊ីន ភេទប្រុស អាយុ ១៥ ឆ្នាំ មុខរបរសិស្ស មានស្រុកកំណើតនៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បច្ចុប្បន្នរស់នៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ ជនសង្ស័យទាំង ០២ នាក់នេះ បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពធាក់យកម៉ូតូ នៅចំណុចភូមិស្ពានក្អែក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីវេលាម៉ោង ១២:៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ជាមួយឈ្មោះ ធឿន សំណាង ឬ សឿត សំណាង ហៅ ណាង ពិតប្រាកដមែន ហើយក្រោយធ្វើសកម្មភាពរួច បាននាំគ្នាយកម៉ូតូ របស់ជនរងគ្រោះទៅលាក់ទុកនៅក្រុងប៉ោយប៉ែត។

យោងតាមចម្លើយសារភាព របស់ក្រុមជនសង្ស័យ កម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌ បានបន្តសហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ធ្វើការស្រាវជ្រាវ និងដកហូតបានម៉ូតូចំនួន ០២ គ្រឿងមកវិញ រួមមាន៖
ទី១/ ម៉ូតូម៉ាកសង់ ស៊េរីឆ្នាំ២០២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1AT-1820 ជាកម្មសិទ្ធិ របស់ជនរងគ្រោះឈ្មោះ សឿន ហាន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កសិករ រស់នៅភូមិទ័ពជ័យ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប មានប្រពន្ធឈ្មោះ ព្រឿន ធីតា ភេទស្រី អាយុ២៥ឆ្នាំ ដែលត្រូវក្រុមជនសង្ស័យ ធាក់ផ្តួលយកម៉ូតូ នៅចំណុចស្ពានក្អែក។
ទី២/ ម៉ូតូម៉ាកហុងដា ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1Z-8966 ជាកម្មសិទ្ធិរបស់ជនរងគ្រោះឈ្មោះ សេន ដារ៉ា ហៅ តឿ ភេទប្រុស អាយុ ២២ ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលបានបាត់កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ០២:៥០ នាទី។ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចបានធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យទាំង ០៣ នាក់ ដោយទទួលបានលទ្ធផលវិជ្ជមានចំនួន ០១ នាក់ គឺឈ្មោះ ហួត ប៊ូសា។

សូមជម្រាបជូនថា ម៉ូតូទាំង០២ គ្រឿង ដែលទើបដកហូតបានមកវិញនេះ ត្រូវបាន លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ធ្វើការប្រគល់ជូនជនរងគ្រោះយកទៅប្រើប្រាស់វិញចំនួន០១ គ្រឿង នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ។ ចំណែកម៉ូតូ០១ គ្រឿងទៀត ក៏ត្រូវបានលោកវរសេនីយ៍ឯក នួន ស័ក្តិចំរើនរិទ្ធ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការប្រគល់ ជូនជនរងគ្រោះយកទៅប្រើប្រាស់វិញនារសៀលថ្ងៃនេះផងដែរ។
យោងតាមពាក្យបណ្ដឹង របស់ជនរងគ្រោះ និងចម្លើយសារភាព ព្រមទាំងវត្ថុតាង ដែលនគរបាលជំនាញយើង ប្រមូលបាន បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាន កម្លាំងនគរបាលព្រហ្មទណ្ឌ កសាងសំណុំរឿង បញ្ជូនទៅស្ថាប័នតុលាការ ដើម្បីចាត់ការតាមនីតិវិធី និងផ្ដន្ទាទោសតាមផ្លូវច្បាប់៕ដោយ៖PL






