សៀមរាប៖សមត្ថកិច្ចស្រុកអង្គរធំ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីស្រវឹងស្រា បង្កហិង្សា (វាយ២ដៃ)ទៅជនរងគ្រោះបណ្តាលឲ្យរបួសធ្ងន់ រហូតក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ណហេតុការណ៍បង្កហិង្សានេះកើតឡើងនៅវេលាម៉ោង ១៨និង០០នាទី ថ្ងៃទី ០៥ខែតុលាឆ្នាំ២០២០ ស្ថិតនៅភូមិខ្ទីង ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា កម្លាំងនគរបាលស្រុកអង្គរធំ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីបង្កហិង្សាដោយចេតនា។ជនរងគ្រោះឈ្មោះ ស៊ត់ ស៊ាង ភេទប្រុស អាយុ ៥០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ចំណែកជនសង្ស័យឈ្មោះ ឡិប លឿម ភេទប្រុស អាយុ ៥០ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ លោកបន្តថា អង្គហេតុនៅវេលាម៉ោង ១៥និង០០នាទី ជនសង្ស័យបានមកពីផឹកស្រាពេលមកដល់ផ្ទះ ជនរងគ្រោះឈ្មោះ ស៊ត់ ស៊ាង បាននិយាយរករឿងឈ្លោះជាមួយខ្លួន ពេលនោះធ្វើឲ្យជនសង្ស័យខឹងក៏វាយទៅលើជនរងគ្រោះចំនួនពីរដៃ បណ្ដាលឲ្យជនរងគ្រោះដួលទៅនឹងដីហូរឈាមពីមាត់ និងត្រូវបានគេបញ្ជូនមកមណ្ឌលសុខភាពពាក់ស្នែង ដោយមានសភាពធ្ងន់ធ្ងរគ្រូពេទ្យក៏បញ្ជូនបន្ដទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ លោកបន្ថែមថា ក្រោយទទួលបានព័ត៌មានកម្លាំងនគរបាលស្រុកអង្គរធំ បាននាំជនសង្ស័យខាងលើមកសាកសួរ គាត់បានសារភាពថាពិតជាបានប្រើអំពើហិង្សាដូចបានរៀបរាប់ខាងលើពិតប្រាកដមែន។ បច្ចុប្បន្នកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តសៀមរាប កំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅតុលាការចាត់ការបន្តតាមផ្លុវច្បាប់៕ដោយ៖សៀមរាបថែមស៍