ខេត្តព្រះវិហារ៖បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ផ្ញើជូនរដ្ឋមន្ត្រីក្រសួងបរិស្ថាន ទើបនៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ កម្លាំងមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃ ឆែប-ព្រះរការ និង គូលែន- ព្រហ្មទេព បានការអនុញ្ញាតឯកឧត្តមព្រះរាជអជ្ញាអមសាលាដំបូងខេត្ត ចុះបង្រ្កាបទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់ នៅឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

លោកមឿន សុភេទ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានមានសាសន៍ឲ្យដឹងថា ក្នុងប្រតិបត្តិការបង្រ្កាបខាងលើ មន្ត្រីឧទ្យានុរក្សចំនួន១៤នាក់ បានចុះបង្រ្កាបចំនួន៤ ទីតាំង (១ទីតាំងមានសកម្មភាព ៣ទីតាំងទៀត មិនមានសក្មភាពព) ៤ទីតាំង (ជាក់ស្តែងសកម្មភាពបទល្មើសមានតែ០១ទីតាំងទេ ចំណែក០៣ទីតាំងទៀតមិនមានសកម្មភាពបទល្មើសអ្វីទេ) បានដកហូតឈើអារចម្រុះជ្រៀករួច ចំនួន ១,៤៦៤ម៉ែត្រត្រីគុណ(មួយម៉ែត្រត្រីគុណ បួនរយហុកសិបបួន) និងប្រភេទឈើដើមច្រម៉ាស មូលប្រវែង ២ម៉ែត្រ មានមុខកាត់ពី ១០សម-១៥សម ចំនួន ២៤ដុំ គោយន្តកន្ត្រៃចំនួន ០២គ្រឿង ម៉ាស៊ីនជ្រៀកឈើ ចំនួន ០១គ្រឿង ,កង់យោងអូសផ្លែជ្រៀក ចំនួន ០១ ,ជើងម៉ែត្រតាប ចំនួន ០១ ។ ចំពោះវត្ថុតាង មន្ត្រីឧទ្យានុរក្សបានយកមករក្សាទុកនៅស្នាក់ការអូរកក់ ដើម្បីមានចំណាត់ការបន្ត។

ក្នុងនោះដែរ មន្ទីរបរិស្ថានខេត្តព្រះវិហារ នឹងបន្តសហការជាមួយអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសធ្វើការជិតស្និទ្ធជាមួយព្រះរាជអជ្ញា ដើម្បីអនុវត្តនីតិវិធីច្បាប់ចំពោះបទល្មើសធនធានធម្មជាតិ។ ក្រសួងបរិស្ថាន ក៏ដូចជាមន្ទីរបរិស្ថានខេត្តព្រះវិហារ សូមថ្លែងអំណរគុណ លើកទឹកចិត្តចំពោះសាធារណជន ដែលបានសហការរាយការណ៍ ដើម្បីធ្វើការទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ស្របតាមច្បាប់ជាធរមាន៕ដោយ៖កវីជាយដែន





