សៀមរាប៖នៅរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ពលរដ្ឋដែលកំពុងជួបការខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងស្ថានភាពនៃវិបត្តិកូវីដ១៩ ចំនួន៤០០គ្រួសារ មកពីបណ្តាភូមិនានាក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប បានទទួលអំណោយគ្រឿងឧបភោគបរិភោគពីព្រះជេគុណគុណ្ណវឌ្ឍោ សន សារឹទ្ធ ព្រះគ្រូចៅអធិការវត្តប្រាសាទរាជាធិបតី ហៅវត្តព្រិន្ទ ។
មានសង្ឃដីកាក្នុងឱកាសនោះ ព្រះតេជគុណ ព្រះវិជ័យរង្សីបណ្ឌិត ឡាច លាង ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះគ្រូប្រាសាទរង្សីអនុគណក្រុងសៀមរាប បានសម្ដែងនូវការកោតសសើរដល់ព្រះគ្រូចៅអធិការវត្តព្រិន្ទ ដែលបានចំណាយបច័្ចយជាច្រើន សម្រាប់ទិញទេយ្យទានចែកជូនដល់ប្រជាពុទ្ធបរិស័ទ ដែលកំពុងជួបការខ្វះខាតនៅពេលនេះ ដែលនេះជាសកម្មភាពមនុស្សធម៌មួយដ៏សំខាន់មួយ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងដោះស្រាយការលំបាករបស់ពលរដ្ឋយើង ហើយក៏ដោយសារតែជំងឺកូវីដ១៩នេះ បណ្តាលធ្វើឱ្យប៉ះពាល់ជីវភាពប្រជាពុទ្ធបរិស័ទ ដូច្នេះព្រះសង្ឃក៏ត្រូវតែចូលរួមជួយទៅដល់ប្រជាពុទ្ធបរិស័ទ ព្រោះថាកន្លងមក ព្រះសង្ឃគឺទទួលបានចង្ហាន់ពីពុទ្ធបរិស័ទទូទៅ ដល់ពេលប្រជាពលរដ្ឋជួបការលំបាក ព្រះសង្ឃត្រូវតែជួយទៅដល់ពុទ្ធបរិស័ទវិញ ។ ក្នុងឱកាសនេះ អាជ្ញាធរមូលដ្ឋានក័បានថ្លែងអំណរគុណដល់ព្រះគ្រូចៅអធិការវត្តព្រិន្ទដែលបានផ្តល់ស្បៀងអាហារដល់ប្រជាពលរដ្ឋនៅពេលនេះ និង សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មិនត្រូវធ្វេសប្រហែសអំពីជំងឺកូវីដ១៩នោះទេ បើទោះបីចំនួនអ្នកឆ្លងជំងឺនេះនៅក្នុងប្រទេសយើងមានតិចក្តី តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលា។ចុងក្រោយព្រះសង្ឃនិងអាជ្ញាធរ បានចែកអំណោយជូនពលរដ្ឋចំនួន៤០០គ្រួសារ មកពី៧ភូមិក្នុងសង្កាត់ជ្រាវ ក្នុងមួយគ្រួសារទទួលបាន អង្ក២៥គីឡូ មី១កេស ទឹកត្រី១យួ ទឹកស៊ីអុីវ១យួ សារ៉ុង១ ក្រណាត់សរ១ដុំ និងថវិកា១០០០០រៀល៕ដោយ៖សៀមរាបថែមស៍