ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចាត់លោកឧត្តមសេនីយ៍ត្រី តូច សុគន្ធ ស្នងការរង ទទួលផែនការងារអន្តោប្រវេសន៍ ដឹកនាំសហការី ចូលរួមកិច្ចប្រជុំ Hotline Group Meeting លើកទី២១ ជាមួយលោកប្រធានការិយាល័យកុងស៊ុលនៃសាធារណរដ្ឋកូរ៉េប្រចាំខេត្តសៀមរាប ព្រមទាំងអស់លោក លោកស្រី ជាប្រធានកុងស៊ុលប្រចាំស្ថានទូត និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ដោយប្រព្រឹត្តទៅនៅសាលសន្និសីទសុខាអង្គរ ខេត្តសៀមរាប។

កិច្ចប្រជុំ Hotline Group Meeting ត្រូវបានរៀបចំឡើងក្នុងគោលបំណងបន្តពង្រឹងកិច្ចសហការរវាងសមត្ថកិច្ចពាក់ព័ន្ធ និងតំណាងស្ថានទូត-ស្ថានកុងស៊ុល ក្នុងការផ្លាស់ប្តូរព័ត៌មាន ពិភាក្សាអំពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួមពាក់ព័ន្ធនឹងការងារសន្តិសុខ សុវត្ថិភាព និងការផ្តល់សេវាពាក់ព័ន្ធដល់ជនបរទេសដែលស្នាក់នៅ និងធ្វើដំណើរក្នុងខេត្តសៀមរាប។

តាមរយៈកិច្ចប្រជុំនេះ ភាគីពាក់ព័ន្ធបានបន្តពង្រឹងទំនាក់ទំនង កិច្ចសហការ និងយន្តការផ្លាស់ប្តូរព័ត៌មានឱ្យកាន់តែមានប្រសិទ្ធភាព សំដៅរួមគ្នាធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងជនបរទេសគ្រប់ជាតិសាសន៍ដែលមកកាន់ខេត្តសៀមរាប៕





