ខេត្តសៀមរាប៖គម្រោងស្ថាបនាផ្លូវគ្រួសក្រហមក្រាលបេតុងចំនួន ៣ខ្សែ ប្រវែងសរុប ១ ២៦៩ម៉ែត្រ នៅភូមិបន្ទាយស្រី និងភូមិទួលក្រឡាញ់ ឃុំខ្នារសណ្តាយ និងកែលម្អសួនច្បារក្នុងបរិវេណសាលាស្រុក និងបំពាក់អំពូលសូឡាបំភ្លឺតាមដងផ្លូវក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានបើកការដ្ឋាននៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្រោមគម្រោងមូលនិធិស្រុកឆ្នាំ២០២៦។

លោក ម៉ម ចន្ថា មន្ត្រីបច្ចេកទេសស្រុក បានលើកឡើងថា ការស្ថាបនាផ្លូវបេតុងក្នុងគម្រោងខាងលើ ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេសយ៉ាងម៉ឺងម៉ាត់ ដោយចាប់ផ្ដើមពីការកៀរកិនបង្ហាប់ដីស និងគ្រួសក្រហមដែលមានស្រាប់ ព្រមទាំងបន្ថែមស្រទាប់គ្រួសក្រហមថ្មី។ ជាពិសេស ដើម្បីធានាបាននូវគុណភាពរឹងមាំយូរអង្វែង គឺតម្រូវឱ្យប្រើប្រាស់បេតុងលាយស្រាប់ដឹកតាមឡាន ដោយមិនអនុញ្ញាតឱ្យប្រើប្រាស់ម៉ាស៊ីនលាយខ្នាតតូចឡើយ។លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យជួយត្រួតពិនិត្យនិងតាមដានការសាងសង់នេះផងដែរ ដោយរាយការណ៍បន្ទាប់ ករណីបើមានកំហុសឆ្គង ដើម្បីក្រុមការងារចុះអន្តរាគមន៍កែសម្រួលទាន់ពេល។

មានប្រសាសន៍ក្នុងឱកាសនោះ លោក រិន ឡូត អភិបាលស្រុកបន្ទាយស្រី បានគូសបញ្ជាក់ពីការរីកចម្រើន និងសមិទ្ធផលជាបន្តបន្ទាប់ ដែលស្រុកទទួលបានដូចជាការកែលម្អសួនច្បារ ការចាក់ផ្លូវបេតុង និងការដាក់អំពូលសូឡាបំភ្លឺផ្លូវ ដើម្បីលើកកម្ពស់សុវត្ថិភាព និងភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។លោកអភិបាលស្រុកបានបន្ថែមថា សម្រាប់គម្រោងឆ្នាំ២០២៦ នេះ គឺផ្ដោតលើការកែលម្អសួនច្បារសាលាស្រុក ការស្ថាបនាផ្លូវបេតុងប្រវែងជាង ១គីឡូម៉ែត្រ និងការបំពាក់អំពូលសូឡាបំភ្លឺជិត ១០០បង្គោល ចាប់ពីស្ពានបន្ទាយស្រី ដល់ជិតផ្សារ។ ទន្ទឹមនឹងនេះ គម្រោងសម្រាប់ឆ្នាំបន្ទាប់ក៏ត្រូវបានត្រៀមលក្ខណៈរួចជាស្រេចផងដែរ ជួសជុលអគារសាលប្រជុំសាលាស្រុក និងអគារសង្គមកិច្ចច្រកចេញចូលតែមួយ, ជួសជុលផ្លូវដីស ក្រាលគ្រួសក្រហម ប្រវែង ១ ៦០០ម៉ែត្រ ទទឹង ៧ម៉ែត្រ ស្ថិតនៅភូមិរំចេក ឃុំរំចេក និងជួសជុលផ្លូវគ្រួសក្រហមចាក់បេតុង ប្រវែង ៤០០ម៉ែត្រ ទទឹង ៥ម៉ែត្រ ស្ថិតនៅភូមិទួលក្រឡាញ់។ជាមួយគ្នានោះមលោកអភិបាលស្រុកបានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាសុខភាព ការចេះថែរក្សាទឹកទុកប្រើប្រាស់ក្នុងរដូវប្រាំង ការបង្ការទប់ស្កាត់អគ្គិភ័យ ក៏ដូចជារួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍនៅមូលដ្ឋានឱ្យកាន់តែរីកចម្រើនបន្តទៀត៕





